ជនជាតិខ្មែរដែលរស់នៅបរទេសបានអះអាងថា គេនៅមិនភ្លេចជាតិកំណើតរបស់ខ្លួន ហើយក៏ប្រុងប្រៀបជាស្រេចនឹងជួយសង្គ្រោះបងប្អូនរួមជាតិមិនថាស៊ីវិលឬយោធាគ្រាមានអាសន្ន ដោយបន្តរៃអង្គាសប្រាក់តាមដែលអាចធ្វើទៅបានផ្ញើមកកម្ពុជា។
នៅប្រទេសកាណាដា លោក សារុម ថាច់ ប្រធានវត្តសន្តិវរារាម នៃក្រុងវិនស័រ ខេត្តអុងតារីយ៉ូ បានចែងឲ្យដឹងថា បងប្អូនរួមជាតិខ្មែរនៅក្រុងវិនស័របានស្រាក់ប្រាក់គ្នាបាន១០០០ដុល្លារសហរដ្ឋអាមេរិក ហើយកំពុងរិះរកមធ្យោបាយផ្ញើមកស្រុកខ្មែរ ។
លោក សារុម ថាច់ បានឲ្យដឹងថា ៖ «បំណងដែលយើងរៃអង្គាសប្រាក់នេះ បំណងយើងគឺថា ជួយដល់បងប្អូនប្រជាពលរដ្ឋនៅតាមព្រំដែន ជុំវិញប្រាសាទព្រះវិហារហ្នឹង គឺថាបងប្អូនយោធាទាំងអស់ អ្នកស្រុក នៅជុំវិញព្រះវិហារហ្នឹងផង»។
នៅឯទីក្រុងឡនដន ខេត្តអុងតារីយ៉ូ ប្រទេសកាណាដាដដែលនេះ និស្សិតខ្មែរនិងប្រជាជនខ្មែរ ក៏បានធ្វើការរៃអង្គាសប្រាក់យ៉ាងសកម្មណាស់ដែរ។
លោក ឡឹង គិមជុន តំណាងសមាគមខ្មែរក្រុងឡនដនប្រាប់វិទ្យុអាស៊ីសេរីថា មានការរៃអង្គាសប្រាក់៣លើក លើកទី១ និងទី២ ផ្ញើទៅកម្ពុជាហើយ រីឯប្រាក់លើកទី៣ដែលប្រមូលបាន៧០០ដុល្លារនឹងផ្ញើទៅឆាប់ៗនេះ។
លោក ឡឹង គិមជុន បានមានប្រសាសន៍ថា ៖ «ពួកយើងខ្ញុំនិស្សិតខ្មែរនៅ London ហ្នឹង យើងបានរៃជាបច្ច័យទៅជួយខាងប្រាសាទព្រះវិហារហ្នឹង ដែលមានការជាប់ជំពាក់នឹងថៃឈ្លានពានហ្នឹង។ ក្នុង London មានជា៣ចំណែកដែលរៃជាបច្ច័យហ្នឹង ខ្លះបានបញ្ចូនទៅដល់ស្រុកខ្មែរហើយតាមរយៈស៊ីធីអិន តែមួយចំនួនទៀតដែលមិនទាន់ផ្ញើនៅឡើយ។ និយាយជារួមទាំងអស់គឺប្រហែលជាខ្ទង់៣ពាន់ដុល្លារទៅតាមផ្នែកនីមួយៗ ហើយចំនួនលើកក្រោយនេះបានតែត្រឹម៧០០ដុល្លារសហរដ្ឋអាមេរិកទេ។ មិនទាន់ដឹងថាផ្ញើទៅអង្កាល់ទេ តែក្នុងពេលឆាប់ៗនេះហើយ។ ពីរក្រុមទៀត ប្រហែលជាមួយក្រុម២ពាន់ដុល្លារ ហើយមួយក្រុមទៀត១ពាន់ដុល្លារ គេផ្ញើទៅហើយ»។
លោក ឡឹង គិមជុន មានប្រសាសន៍បន្ថែមដូច្នេះ ៖ «មានតែខ្សែរយៈតាមស៊ីធីអិន ព្រោះខ្មែរនៅ London នៅកាណាដានេះ គេមានទូរទស្សន៍ស៊ីធីអិន ដូច្នេះគេចង់មើលការផ្សាយឈ្មោះគេនៅតាមស៊ីធីអិន។ លុយហ្នឹងវាត្រូវធ្លាក់ទៅដល់ស៊ីធីអិនហើយ វាត្រូវធ្លាក់ទៅដល់ដៃយុទ្ធជន ប្រជាជនខ្មែរ និងព្រះសង្ឃខ្មែរ ដែលកំពុងតែមានការពិបាកដោយការឈ្លានពានរបស់ថៃ»៕
