ខ្មែរ​នៅ​ក្រៅ​ប្រទេស​បន្ត​ប្រមូល​ថវិកា​ឧបត្ថម្ភ​ដល់​ខ្មែរ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ

ព្រះសង្ឃ​និង​ពលរដ្ឋ​ខ្មែរ​នៅ​ឯ​ក្រៅ​ប្រទេស​ក៏​បាន​បន្ត​រួបរួម​គ្នា​ប្រមែប្រមូល​ថវិកា​ដើម្បី​ជួយ​ឧបត្ថម្ភ​ដល់​ព្រះសង្ឃ​និង​ពលរដ្ឋខ្មែរ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ព្រមទាំង​កង​យោធពល​ខេមរភូមិន្ទ​ដែល​កំពុង​ឈរ​ជើង​ការពារ​ព្រំដែន​នៅ​តាម​តំបន់​ជម្លោះ​ទាំង​នោះ ។
ដោយ កេសរណ្ណីយ្យា
2008.08.29
ព្រះវិហារ ទាហាន​ខ្មែរ​ដើរ​នៅ​ក្នុង​បរិវេណ​ប្រាសាទ​ព្រះវិហារ នៅ​លើ​ភ្នំ​ដងរែក នៃ​ខេត្ត​ព្រះវិហារ នា​ថ្ងៃ​២១ កក្កដា ២០០៨ ។
AFP Photo

នៅ​សហរដ្ឋ​អាមេរិក​សហគមន៍​ខ្មែរ​នៃ​វត្ត​ធម្មឃោសនារាម នៅ​រដ្ឋ​រ៉ូដអៃឡិន្ត និង​វត្ត​ឧត្តមសហរត្ននារាម នៅ​រដ្ឋ​ម៉ាស្សាឈូសេត បាន​មូលមតិ​គ្នា​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​ផ្កា​សាមគ្គី​រួម​គ្នា​មួយ នៅ​ឯ​វត្ត​ធម្មឃោសនារាម នា​ថ្ងៃ​អាទិត្យ ទី​៣១ ខែ​សីហា​នេះ ។

ព្រះតេជព្រះគុណ ជៀ ឆោម ពុទ្ធៈសិរីមុនី ព្រះ​គ្រូ​ចៅអធិការ​វត្ត​ធម្មឃោសនារាម បាន​មាន​ដីកា​អំពី​គោលបំណង​នៃ​ពិធី​បុណ្យ​ផ្កា​រួម​គ្នា រវាង​សហគមន៍​និង​វត្ត​នៃ​រដ្ឋ​ទាំង​ពីរ​នេះ ៖ «ជា​ប្រជាជាតិ​ខ្មែរ ដើម្បី​ជួយ​ដល់​ទាហាន​ខ្មែរ​យើង ដែល​ប្រចាំការ​នៅ​ប្រាសាទ​ព្រះវិហារ​ហ្នឹង ដែល​ការពារ​ទឹក​ដី​ខ្មែរ​ហ្នឹង ហើយ​និង​ព្រះសង្ឃ ព្រោះពី​មុន​ព្រះសង្ឃ​មាន​៣​អង្គ ដល់​ឥឡូវ​មាន​ថា​ព្រះសង្ឃ​មាន​ច្រើន​អង្គ ខ្វះខាត​ចង្ហាន់ បិណ្ឌ​បាត្រ ។ អាត្មា​បាន​មើល​តាម​ទូរទស្សន៍​ប៉ុស្តិ៍​ស៊ីធីអិន និង​ប៉ុស្ដិ៍​ទទក ហើយ​បាន​ស្ដាប់​ប៉ុស្ដិ៍​អាស៊ីសេរី​ជាដើម​អី​អ៊ីចឹង ។ អត់​បាន​ទាក់ទង​ផ្ទាល់​ទៅ​ខាង​ហ្នឹង​ទេ»

ព្រះតេជព្រះគុណ កែម សុភ័ណ បិយទត្តោ គង់​នៅ​វត្ត​ឧត្តមសហរត្ននារាម រដ្ឋ​ម៉ាស្សាឈូសេត ដែល​បាន​រួម​គំនិត​ផ្តួចផ្តើម​បុណ្យ​ផ្កា​សាមគ្គី​នេះ បាន​មាន​ថេរដីកា​បន្ថែម​ទៀត ៖ «ការពិត​ទៅ​សម្រាប់​ទស្សនៈ​អាត្មា​ផ្ទាល់ខ្លួន អាត្មា​គិត​ថា​រឿង​ក្រ​ខ្សត់ អត់​ឃ្លាន រឿង​កង្វះខាត​អី​មួយ ដូច​ជា​ប្រជាពលរដ្ឋ​យើង​ខ្វះ​ខាត យើង​ដែល​មាន​ឈាម​ជ័រ មាន​ជាតិ​ជាមួយ​គ្នា មិន​ចាំបាច់​ដល់​ថា​រាជ​រដ្ឋាភិបាល​លោក​ប្រកាស អំពាវនាវ​អី បើសិន​ជា​យើង​មាន​សណ្ដានចិត្ត មាន​ទឹក​ចិត្ត​ស្រឡាញ់ ស្នេហា​ជាតិ​របស់​យើង ហើយ​យើង​មាន​សទ្ធា​ប៉ុណ្ណា ប៉ុណ្ណឹង ជួយ​តាម​លទ្ធភាព​ហ្នឹង​ទៅ»

ព្រះតេជព្រះគុណ ជៀ ឆោម ពុទ្ធៈសិរីមុនី ព្រះ​គ្រូ​ចៅអធិការ​វត្ត​ធម្មឃោសនារាម នៅ​រដ្ឋ​រ៉ូដអៃឡិន្ត បាន​មាន​ដីកា​បញ្ជាក់​ថា​ព្រះអង្គ​នឹង​នាំ​បច្ច័យ​ទៅ​ដោយ​ផ្ទាល់ ។

ព្រះតេជព្រះគុណ ជៀ ឆោម បាន​មាន​ដីកា​ថា ៖ «គម្រោង​ថា​ទៅ​ខែ​១១ ព្រោះ​អាត្មា​ដែល​រៃ​បណ្ដើរៗ​បាន​៤០០​-​៥០០​ហើយ ដើរ​សូត្រ​មន្ត​ចេះតែ​ប្រកាស ហើយ​និង​ថ្ងៃ​ទី​៣១ ចាំមើល​ថ្ងៃ​ហ្នឹង​ទៀត តើ​បាន​ប៉ុន្មាន ? ទិញ​ជា​សម្ភារៈ ទៅ​ដល់​ហ្នឹង​ចាំ​អាត្មា​ពិភាក្សា​ជាមួយ​នឹង​អ្នក​ស្រុក​ខ្មែរ​ទៀត តើ​ទាហាន​ខ្មែរ​ហ្នឹង​ខ្វះ​អីៗ ដូច​ជា​អង្រឹង ដូច​ជា​ស្បែកជើង​អី​ហ្នឹង យើង​ទិញ​ទៅ​តាម​ហ្នឹង​ទៅ អត់​បាន​យក​លុយ​ទៅ​ឲ្យ​ផ្ទាល់​ទេ ។ អត់​បាន​ចូល​តាម​រដ្ឋាភិបាល មាន​គម្រោង​ថា​ចង់​ទៅ​ដល់​ផ្ទាល់ ឃើញ​ផ្ទាល់ មាន​គម្រោង​អ៊ីចឹង»

គួរ​ជម្រាប​ថា​នៅ​ថ្ងៃ​អាទិត្យ ទី​៣១ ខែ​សីហា​នេះ​ដែរ សហមគមន៍​ខ្មែរ​មួយ​ទៀត​នៃ​វត្ត​ជោតនារាម នៅ​រដ្ឋ​ញូវយ៉ក ក៏​នឹង​រួម​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ផ្កា​ប្រាក់​ក្នុង​បំណង​ដូច​គ្នា​នឹង​សហគមន៍​វត្ត​ទាំង​ពីរ​នោះ​ដែរ ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។