លោក ញឹក ប៊ុនឆៃ ប្រតិកម្ម​ទៅ​នឹង​បន្ទូល​សម្ដេច​ក្រុមព្រះ

ថ្នាក់​ដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ស្នើ​ឲ្យ​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ឈប់​ប្រើ​បន្ទូល​វាយ​ប្រហារ​ចំពោះ​ការ​ចាក​ចេញ​របស់​ព្រះ​អង្គ​​ពី​បក្ស​ហ៊្វុនស៊ិនប៉ិច​ថា ដោយសារ​ការ​ធ្វើ​រដ្ឋ​ប្រហារ​តទៅ​ទៀត។

លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​ពុធ ទី​២៩ ខែ​មិថុនា បាន​ប្រតិកម្ម​ចំពោះ​បន្ទូល​សម្ដេច​ក្រុមព្រះ ដែល​បាន​ចោទ​រូប​លោក​ថា ការ​ធ្វើ​សមាជ​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០០៦ ថា ជា​ការ​ធ្វើ​រដ្ឋ​ប្រហារ​បណ្តេញ​​​ព្រះអង្គ​ពី​ព្រះ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ជា​រឿង​មិន​ពិត។

លោក ញឹក ប៊ុនឆៃ បញ្ជាក់​ថា ការ​យាង​ចាកចេញ​របស់​សម្ដេច​ក្រុមព្រះ​ពី​ហ៊្វុនស៊ិនប៉ិច ដោយ​ព្រះ​កាយ​ព្រះអង្គ​ផ្ទាល់ ​​គ្មាន​នរណា​បណ្តេញ​ព្រះអង្គ​ទេ។

ដោយ​ឡែក​ចំពោះ​ការ​ចោទ​របស់​សម្ដេច​ក្រុមព្រះ​ដែល​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច បច្ចុប្បន្ន​មិន​មែន​ជា​បក្ស​​​រាជា​និយម​នោះ ក៏​ត្រូវ​បាន​លោក ញឹក ប៊ុនឆៃ ប្រកាស​ច្រានចោល​ដែរ ៖ «ប្រជុំ​គ្នា​ច្រើន​ដង​ណាស់ មិន​មែន​តែ​ខ្ញុំ​ម្នាក់​ឯង​ទេ ពិគ្រោះ​យោបល់​គ្នា ពិសេស​គណៈកម្មាធិការ​នាយក​ធ្វើការ​កែ​ទម្រង់ ហើយ​យើង​បាន​កែ​ទម្រង់​បី​ចំណុច។ កែ​ទម្រង់​ទី​១ គឺ​ដើម្បី​ឲ្យ​ស្រប​ទៅ​តាម​លទ្ធិប្រជាធិបតេយ្យ គឺ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ហ្នឹង ក្រោយ​ថ្ងៃ​ទី​១៨ ខែ​តុលា គឺ​គ្មាន​គណបក្ស​អស់​មួយ​ជីវិត​ទេ។ ទី​២ គឺ​បាន​កែ​មិន​ឲ្យ​មាន​ការ​សម្រេច​តែ​ប្រធាន​គណបក្ស​តែ​ម្នាក់​ឯង​ទៀត​ទេ និង​ទី​៣ ធំ​បំផុត​នោះ គឺ​យើង​ចង់​បំបាត់​អំពើ​ពុករលួយ​ក្នុង​ការ​តែងតាំង​មន្ត្រី»

ទោះ​យ៉ាង​ណា​លោក ញឹក ប៊ុនឆៃ បាន​ថ្លែង​ថា រូប​លោក​មិន​មាន​គម្រោង​ប្ដឹង​ព្រះអង្គ​ទៅ​កាន់​តុលាការ​នោះ​ទេ ដោយ​គ្រាន់​តែ​អំពាវនាវ​ទៅ​សម្ដេច​ក្រុមព្រះ​ ឲ្យ​បញ្ឈប់​សកម្មភាព​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ទាំង​នេះ​ត​ទៅ​ទៀត។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ដើម្បី​បំភ្លឺ​ជុំវិញ​ប្រតិកម្ម​របស់​លោក ញឹក ប៊ុនឆៃ បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែ​មិថុនា។ ប៉ុន្តែ​មន្ត្រី​នាំ​ពាក្យ​គណបក្ស នរោត្តម រណឫទ្ធិ លោក ប៉ែន សង្ហា បាន​​​ចាត់​ទុក​ប្រតិកម្ម​របស់​លោក ញឹក ប៊ុនឆៃ គឺ​ធ្វើ​ឡើង​ដើម្បី​លុបលាង​ពុតត្បុត​អាក្រក់​របស់​បក្សពួក​ខ្លួន ជុំវិញ​ការ​បណ្ដេញ​សម្ដេច​​ក្រុមព្រះ​ចេញ​ពី​ព្រះ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច មិន​អាច​ប្រកែក​បាន​ទេ។

លោក ប៉ែន សង្ហា ឲ្យ​ដឹង​បន្ថែម ៖ «អ្វី​ដែល​លោក ញឹក ប៊ុនឆៃ ធ្វើ​សន្និសីទ​កាសែត​ព្រឹកមិញ​នេះ (ថ្ងៃ​ទី​២៩ ខែ​មិថុនា) ខ្ញុំ​យល់​ឃើញ​ថា លោក ញឹក ប៊ុនឆៃ គ្រាន់​តែ​ធ្វើការ​លាង​ខ្លួន​តែប៉ុណ្ណោះ»

លោក ប៉ែន សង្ហា ឲ្យ​ដឹង​ថា នៅ​ក្នុង​ចំណោម​គណបក្ស​នយោបាយ​ទាំង​អស់​នៅ​កម្ពុជា គឺ​មាន​តែ​គណបក្ស នរោត្តម រណឫទ្ធិ មួយ​ទេ ដែល​ជា​គណបក្ស​រាជា​និយម​ពិត​ប្រាកដ និង​មាន​ថ្នាក់​ដឹកនាំ​បក្ស​ជាប់​សែស្រឡាយ​​រាជវង្ស​ពិតប្រាកដ។

​ទាក់ទង​បញ្ហា​នេះ លោក​បណ្ឌិត​ សុខ ទូច អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ​ឯករាជ្យ​នៅ​កម្ពុជា បាន​បដិសេធន៍​មិន​ធ្វើ​អត្ថាធិប្បាយ​​​​​​​​​ចំពោះ​ការ​ធ្វើ​សមាជ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច កាល​ពី​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០០៦ ថា បែប​ណា​នោះ​ទេ។ ប៉ុន្តែ​លោក​បញ្ជាក់​​ថា គណបក្ស​មួយ​ដែល​មាន​ថ្នាក់ដឹកនាំ​បក្ស​មិន​មែន​ជា​សែ​រាជវង្ស ហើយ​តាំង​ខ្លួន​ជា​បក្ស​រាជា​និយម គឺ​មិន​ត្រឹមត្រូវ​ទេ។

លោក​បណ្ឌិត សុខ ទូច បញ្ជាក់​បន្ថែម ៖ «យើង​ត្រូវ​ទទួល​ស្គាល់​ថា គណបក្ស នរោត្តម រណឫទ្ធិ មាន​ភាព​រឹងមាំ រាជា​និយម​ជាង​គេ។ ពីព្រោះ​យើង​ឃើញ​ហើយ រាជា​និយម​ដឹកនាំ​ដោយ​វង្សានុវង្ស​របស់ នរោត្តម ហ្នឹង​តែម្ដង ហើយ​សួរ​ថា ដឹកនាំ​ដោយ ញឹក ប៊ុនឆៃ ហ្នឹង​ជា​រាស្ត្រ​សាមញ្ញ ហើយ​យើង​ថា ជា​រាជា​និយម​យ៉ាង​ម៉េច? អា​ហ្នឹង​វា​ខុស​ទៅ​នឹង​ការ​ពិត»

យ៉ាងណា​ក៏ដោយ លោក ញឹក ប៊ុនឆៃ បញ្ជាក់​ថា គណបក្ស​រាជា​និយម​មិន​មែន​ទាល់តែ​ថ្នាក់​ដឹកនាំ​បក្ស​ជាប់​សែស្រឡាយ​រាជវង្ស​ទើប​​​អាច​ជា​គណបក្ស​រាជា​និយម​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​ឲ្យ​តែ​គណបក្ស​នោះ​មាន​គោលនយោបាយ​គាំទ្រ ឬ​ដង្ហែ​តាម​​អង្គ​ព្រះមហាក្សត្រ គឺ​ជា​បក្ស​រាជា​និយម​ហើយ។

សាធារណជន​បាន​កត់​សម្គាល់​ឃើញ​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ធ្លាក់​ចុះ​ប្រជាប្រិយភាព​ធ្ងន់ធ្ងរ​បន្ទាប់​ពី​គណបក្ស​នេះ​បាន​​ធ្វើ​សមាជ​កែប្រែ​ប្រព័ន្ធ​ដឹកនាំ​បក្ស​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​តុលា ដោយ​បាន​រុញ​ច្រាន​ព្រះអង្គ​សម្ដេច​ក្រុមព្រះ​ពី​ព្រះ​ប្រធាន​ដឹក​នាំ​បក្ស​ទៅ​ជា​ព្រះ​ប្រធាន​ប្រវត្តិសាស្ត្រ។

តួនាទី​ថ្មី​នេះ​ដែល​សម្ដេច​ក្រុមព្រះ​មិន​មាន​អំណាច​សម្រេច​រាល់​កិច្ចការ​ដោយ​ព្រះ​កាយ​​របស់​ព្រះអង្គ​ឯង នាំ​ឲ្យ​ព្រះអង្គ​យាង​ចាក​ចេញ​​ពី​ហ៊្វុនស៊ិនប៉ិច ទៅ​បង្កើត​​​បក្ស​ថ្មី​មួយ​ទៀត ដាក់​ព្រះនាម​ព្រះអង្គ​ផ្ទាល់ គឺ​គណបក្ស នរោត្តម រណឫទ្ធិ។ ចាប់​ពី​ពេល​នេះ​មក បក្ស​បង​ប្អូន​ទាំង​ពីរ​ បាន​បាត់បង់​ប្រជាប្រិយភាព​តែ​រៀង​ខ្លួន ជាក់ស្ដែង​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៤ កន្លង​ទៅ គណបក្ស​នីមួយៗ​ទទួល​បាន​តែ​ពីរ​អាសនៈ​ប៉ុណ្ណោះ៕