គ្រោះថ្នាក់​កម្ពុជា​ទៅ​អនាគត​ពី​ផែនការ​ត្រីកោណ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ពិសេស

រដ្ឋាភិបាល​កម្ពុជា បាន​បង្ហាញ​ក្ដី​សង្ឃឹម​ដ៏​មុតមាំ​របស់​ខ្លួន ក្នុង​ការ​បង្កើត​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ពិសេស​រួម​គ្នា​ជាមួយ​ប្រទេស​វៀតណាម និង ឡាវ នោះ​ថា នាំ​មក​នូវ​ភាព​ចំរើន​រុងរឿង​ដល់​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ​ក្នុង​តំបន់​ភូមិ​ភាគ​ឦសាន​របស់​ខ្លួន។
ដោយ តាំង សារ៉ាដា
2012-07-01
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ហ៊ុន​​​សែន​ CLV ៣០៥
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ស្ដី​អំពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​តំបន់​ត្រីកោណ​នៃ​ប្រទេស​កម្ពុជា វៀតណាម លាវ លើក​ទី​៦ (CLV) នៅ​វិមាន​សន្តិភាព នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១០។
RFA/Mom Sophon

ប៉ុន្តែ​ក្រុម​អ្នក​ឃ្លាំមើល​អំពី​បូរណភាព​ទឹក​ដី​បាន​សម្ដែង​ក្ដី​បារម្ភ​ថា ការ​បង្កើត​តំបន់​មុំ​បី ឬ​ហៅ​ថា CLV នេះ អាច​នាំ​ឲ្យ​កម្ពុជា បាត់​បង់​ធនធាន​ធម្មជាតិ និង​ទឹក​ដី​របស់​ខ្លួន​ដ៏​ធំធេង​ទៅ​ឲ្យ​ប្រទេស​វៀតណាម នៅ​ថ្ងៃ​មុខ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ចុង​ខែ​ឧសភា បាន​សម្ដែង​មោទនភាព និង​មហិច្ឆតា​របស់​ខ្លួន​ថា ការ​បង្កើត​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ពិសេស រវាង​កម្ពុជា វៀតណាម ឡាវ។ លោក​ចាត់​ទុក​ថា គម្រោង​នេះ​ជា​គន្លឹះ​មួយ​ដ៏​សំខាន់​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​តាម​រយៈ​ការ​វិនិយោគ​លើ​វិស័យ​ទេសចរណ៍ កសិ-​ឧស្សាហកម្ម រ៉ែ និង​ទំនប់​វារីអគ្គិសនី។

កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១១ កម្ពុជា​បាន​យល់​ព្រម​ដាក់​បញ្ចូល​ខេត្ត​របស់​ខ្លួន​ចំនួន​៤ មាន​ខេត្ត​ក្រចេះ ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី ដែល​មាន​ពលរដ្ឋ​ប្រហែល​ជាង ៥​សែន​នាក់។ រី​ឯ​ប្រទេស​ឡាវ ក៏​បាន​ដាក់​បញ្ចូល​ទឹក​ដី​របស់​ខ្លួន​ចំនួន ៤​ខេត្ត​ដែរ ដូចជា​ខេត្ត អាតាពើរ (Ataper) ចំប៉ាសាក់ (Champasak) សារាវ៉ាន់ (Saravan) សេកុង (Sekong) ដែល​មាន​មនុស្ស​ប្រមាណ ៧​សែន​នាក់ ហើយ​វៀតណាម បាន​ដាក់​បញ្ចូល​ទឹក​ដី​របស់​ខ្លួន​ចំនួន ៥ គឺ​ខេត្ត​ចាឡាយ (Gia Lai) កនទុំ (Kon Tum) ដាក់ឡាក់ (Dac Lac) ដាណាង (Da Nang) ប៊ិញហ៊្វឺក (Binh Phuoc) ដែល​ខេត្ត​ទាំង​នេះ មាន​មនុស្ស​ជាង ៧​លាន​នាក់។

ប្រធាន​អង្គការ​ខ្មែរ​ម្ចាស់​ស្រុក​ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​បារាំង អ្នកស្រី ចក់ សុខុន មាន​ប្រសាសន៍​ថា ការ​រក​ស៊ី​ចូល​គ្នា​តាម​រយៈ​ការ​បង្កើត​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ អាច​នាំ​ឲ្យ​កម្ពុជា ខាត​បង់​ច្រើន ហើយ​អាច​នាំ​ឲ្យ​វៀតណាម ស្រូប​យក​សម្បត្តិ​ធម្មជាតិ​របស់​ខ្មែរ ដោយ​ស្រប​ច្បាប់​ដើម្បី​ចិញ្ចឹម​ពលរដ្ឋ​របស់​គេ។ អ្នកស្រី​បន្ត​ថា វៀតណាម​មាន​ប្រជាជន​ច្រើន ដូច្នេះ​វៀតណាម ត្រូវ​ការ​ដី​ថ្មី ឬ​ធនធាន​បន្ថែម​សម្រាប់​ចិញ្ចឹម​ពលរដ្ឋ​របស់​គេ​ទៅ​ថ្ងៃ​មុខ​ទៀត។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ខ្មែរ​បាន​ឲ្យ​ដឹង​ថា ការ​បង្កើត​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​ពិសេស គឺ​ឈរ​លើ​មធ្យោបាយ​ពីរ។ ទី​មួយ​គឺ​ការ​ភ្ជាប់​ប្រព័ន្ធ​ផ្លូវ​ថ្នល់ និង​សេវាកម្ម​សុខាភិបាល​រវាង​ប្រទេស​ទាំង​បី មាន​ន័យ​ថា ពលរដ្ឋ​រវាង​ប្រទេស​ទាំង​បី​នេះ អាច​ទទួល​ការ​ព្យាបាល​ជំងឺ​ក្នុង​ប្រទេស​នីមួយៗ​បាន​ទៅ​វិញ​ទៅ​មក។ ទី​ពីរ គឺ​ការ​ចល័ត​ពាណិជ្ជកម្ម បាន​ន័យ​ថា ពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​នៃ​ប្រទេស​ទាំង​បី​នេះ អាច​នាំ​យក​ផលិតផល​របស់​ខ្លួន​ឆ្លង​ចូល​ធ្វើ​ជំនួញ​ទៅ​វិញ​ទៅ​មក។

អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​បញ្ជាក់​ថា ការ​បញ្ចូល​តំបន់​ពាណិជ្ជកម្ម​រួម​ជាមួយ​វៀតណាម​នេះ នឹង​មិន​អាច​ឲ្យ​កម្ពុជា បាត់​បង់​អធិបតេយ្យភាព​នោះ​ឡើយ។ លោក​ថា ផ្ទុយ​ទៅ​វិញ​ពលរដ្ឋ​ខ្មែរ​ក្រីក្រ​នៅ​តាម​តំបន់​នោះ នឹង​មាន​ជីវភាព​ធូរធារ ស្រប​ទៅ​តាម​យុទ្ធសាស្ត្រ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​រដ្ឋាភិបាល។

គេហទំព័រ​របស់​តំបន់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ពិសេស​កម្ពុជា វៀតណាម ឡាវ  បាន​ចុះ​ផ្សាយ​កិច្ច​ប្រជុំ​លើក​ទី​៧ នៃ​គណៈកម្មាធិការ​សម្របសម្រួល​រួម ដែល​មាន​រដ្ឋមន្ត្រី​នៃ​បណ្ដា​ប្រទេស​ទាំង​បី​ចូល​រួម កាល​ពី​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១១ ក្នុង​ខេត្ត​អាតាពើរ ប្រទេស​ឡាវ។ ភាគី​កម្ពុជា មាន​លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ភាគី​ឡាវ មាន​លោក សំឌី ឌួងឌី (Somdy Douangdy) រដ្ឋមន្ត្រី​ក្រសួង​ផែនការ និង​វិនិយោគ។ ចំណែក​ភាគី​វៀតណាម មាន​លោក បូយ ក្វាង វិញ (Bùi Quang Vinh) រដ្ឋមន្ត្រី​ក្រសួង​ផែនការ និង​វិនិយោគ។

របាយការណ៍​ពី​កិច្ច​ប្រជុំ​នោះ​បាន​ចុះ​ផ្សាយ​ថា ក្រុម​រដ្ឋមន្ត្រី​នៃ​បណ្ដា​ប្រទេស​ទាំង​នេះ បាន​យល់​ព្រម​បង្កើត​ផែនការ​មេ​ខាង​ផ្នែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​តំបន់​ត្រីកោណ រហូត​ដល់​ឆ្នាំ​២០២០ ផ្អែក​លើ​ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា។ ក្រុម​រដ្ឋមន្ត្រី​ទាំង​បី​ប្រទេស​នេះ​ក៏​បាន​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ពន្លឿន​ការ​ច្របាច់​បញ្ចូល​គ្នា ជា​ពិសេស​ខាង​ការ​ឆ្លង​ដែន​ផ្នែក​ទេសចរណ៍ ពាណិជ្ជកម្ម និង​ការ​ដឹក​ជញ្ជូន​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ខាង​ផ្នែក​សន្តិសុខ និង​កិច្ចការ​បរទេស​ដើម្បី​នាំ​មក​នូវ​សន្តិភាព សុវត្ថិភាព និង​និរន្តរភាព​នៃ​ការ​អភិវឌ្ឍ​ក្នុង​អនុ​តំបន់។

ក្រុម​អ្នក​ឃ្លាំ​មើល​និយាយ​ថា តំបន់​ភូមិ​ភាគ​ឦសាន​របស់​កម្ពុជា ជា​តំបន់​មួយ​ដែល​សំបូរ​ទៅ​ដោយ​សម្បត្តិ​ធម្មជាតិ​ដែល​មាន​តម្លៃ​ដ៏​មហាសាល ដូចជា​ព្រៃឈើ រ៉ែ​មាស រ៉ែ​បុកស៊ីត សំណ​ដែក ថ្មម៉ាប និង​ជា​ជង្រុក​នៃ​អនុផល​ធម្មជាតិ​ដ៏​ធំ។ ក្រុម​នេះ​ឲ្យ​ដឹង​ថា តំបន់​ភូមិ​ភាគ​ឦសាន​របស់​កម្ពុជា គឺ​ជា​តំបន់​យុទ្ធសាស្ត្រ​សង្គ្រាម​ដ៏​សំខាន់​បំផុត​ក្នុង​ឥណ្ឌូចិន។

លោក ស៊ាន ប៉េងសែ ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​បារាំង និង​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​រ៉ែ ក្នុង​ទសវត្ស​ទី​៧០ មាន​ប្រសាសន៍​ថា វៀតណាម​កំពុង​ដើរ​ខ្សែ​លើ ឬ​លេង​ល្បិច​លើ​កម្ពុជា និង ឡាវ។

ចំណែក​ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​មូលដ្ឋាន​ក្នុង​សហរដ្ឋ​អាមេរិក លោក ថាច់ ង៉ុកថាច់  និយាយ​ថា ពលរដ្ឋ​នៅ​តាម​តំបន់​ភូមិ​ភាគ​ឦសាន ភាគ​ច្រើន​សុទ្ធ​តែ​ជា​ជន​ជាតិ​ភាគ​តិច​ដែល​ខ្វះខាត​ការ​យល់​ដឹង​ច្រើន​អំពី​បញ្ហា​វិទ្យាសាស្រ្ត ឬ​ប្រព័ន្ធ​បច្ចេកវិទ្យា​ផ្សេងៗ ដែល​អាច​នាំ​ឲ្យ​ពួក​គេ​លំបាក​ក្នុង​ការ​ប្រឡូក​នឹង​ប្រព័ន្ធ​សេដ្ឋកិច្ច​ចម្រុះ។

លោក​ថ្លែង​បន្ត​ថា វៀតណាម​ក៏​បាន​ប្រើ​យុទ្ធសាស្ត្រ​ត្រជាក់​ដើម្បី​ត្រួតត្រា​ប្រព័ន្ធ​រដ្ឋបាល​របស់​ខ្មែរ ដូច​ជា​ការ​ចង​ក្រង​រចនាសម្ព័ន្ធ​តាម​ថ្នាក់​មូលដ្ឋាន​ជាមួយ​កម្ពុជា ចាប់​ពី​ថ្នាក់​មេ​ភូមិ មេ​ឃុំ ចៅហ្វាយ​ស្រុក ចៅហ្វាយ​ខេត្ត​របស់​ខ្មែរ​ត្រូវ​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​វៀតណាម។

ជាមួយ​គ្នា​នេះ​ដែរ អតីត​សាស្ត្រាចារ្យ​នៃ​សកល​វិទ្យាល័យ ចន ហបឃិន (John Hopkin) លោក​បណ្ឌិត ទិត្យ ណារ៉ាញ់ គីរី មាន​ប្រសាសន៍​ថា ការ​បង្កើត​តំបន់​ត្រីកោណ​ពិសេស​នេះ គឺ​ជា​ការ​ផ្ដល់​លទ្ធភាព និង​ជា​ការ​សម្រួល​ដល់​រដ្ឋាភិបាល​វៀតណាម ក្នុង​ការ​បញ្ជូន​ពលរដ្ឋ​របស់​គេ​ឲ្យ​មក​រស់​នៅ​ក្នុង​ទឹក​ដី​កម្ពុជា ដោយ​ស្រប​ច្បាប់ ហើយ​នៅ​ចុង​បញ្ចប់​ខេត្ត​របស់​ខ្មែរ​ទាំង​នោះ នឹង​មាន​តែ​ជន​ជាតិ​វៀតណាម ប៉ុណ្ណោះ។

វិទ្យុ​អាស៊ីសេរី​បាន​ព្យាយាម​សុំ​សេចក្ដី​អត្ថាធិប្បាយ​ពី​ក្រុម​មន្ត្រី​ស្ថានទូត​វៀតណាម ប្រចាំ​នៅ​កម្ពុជា​ដែរ តែ​មិន​មាន​មន្ត្រី​ណា​មួយ​អាច​បក​ស្រាយ​បាន​នោះ​ឡើយ។

ឆ្លើយ​តប​ទៅ​នឹង​ក្រុម​អ្នក​វិភាគ និង​ក្រុម​អ្នក​រិះគន់​នេះ​ដែរ លោក ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា កាល​ពី​ពាក់​កណ្ដាល​ខែ​មិថុនា ធ្លាប់​បង្ហាញ​ពី​ជំហរ​មិន​ដក​ថយ​របស់​កម្ពុជា ចំពោះ​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​វៀតណាម ក្នុង​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ចម្រុះ​នេះ។

ក្រៅ​ពី​ការ​បង្កើត​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ពិសេស​រវាង​កម្ពុជា វៀតណាម ឡាវ នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហាញ​សុទិដ្ឋិនិយម​ក្នុង​ការ​បង្កើត​តំបន់​មរកត​អភិវឌ្ឍន៍​ពិសេស រវាង​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​ឡាវ និង​ថៃ ដើម្បី​បង្ហាញ​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ឲ្យ​បាន​ជោគជ័យ​សម្រាប់​ទិស​ដៅ​អាស៊ាន សហគមន៍​តែមួយ​វាសនា​តែ​មួយ​ក្នុង​ឆ្នាំ​២០១៥៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ពី Tkeo

ហេតុអ្វីបានជាអ្នកដឹកនាំខ្មែរធ្ធើឲ្យទឹកដីបាត់បង់, ហេតុអ្នកចេះដឹងរបស់ប្រទេសខ្មែរឆាប់ស្លាប់ម្លេះ?​ ហេតុអ្វីបែរជាឲ្យនាយករដ្ឋាភិបាលខ្វះសម្ថភាពឡើងកាន់អំណាច? តើអ្នកទាំងអស់គ្នារស់នៅដើម្បីលុយ ឬដើម្បីអ្វី? ហេតុបានជាអ្នកទាំងអស់គ្នាមិនមើលឲ្យវែងឆ្ងាយ​?

Jul 05, 2012 08:34 AM

(

ខ្ញុំក៏គិតថាហ៊ុន សែន កាត់ដីឲ្យយួនដែរ ហើយអស់ច្រើនទៀតផង ប៉ុន្តែខ្ញុំឆ្ងល់ ហេតុអ្វីអ្នកកាន់អំណាចមុនៗ មិនធ្វើព្រំដែន ជាពិសេសគឺ ស្តេចសីហនុ...ប៉ុន្តែលោក ហ៊ុន សែន មិនគួរធ្វើព្រំដែនដែលគ្មានការឯកភាពផ្ទៃក្នុងនោះទេ...ប្រយ័ត្នមានឈ្មោះមិនល្អក្នុងបញ្ជី សំរាប់ក្មេងជំនាន់ក្រោយ

Jul 03, 2012 03:40 AM

អ្នក​អាន​អនាមិក

Because Khmer had bad leader.hun sen is the foolish leader.why USA and other country not catch him to punish.he kill,take land,and never care how poor people live?I so pity Khmer has.

Jul 04, 2012 06:38 PM

អ្នក​អាន​អនាមិក

សួមពិចារណាឲ្យបានល្អិតល្អន់ តើការងារវាផ្តល់ផលប្រយោជន៍ឲ្យខ្មែរដែលឬទេ? សូមកុំយកប្រទេសកម្ពុជាជាឧបករណ៍ពិសោធន៍នយោបាយរបស់លោក

Jul 03, 2012 12:37 AM

Khmer

ពី PP

ទ្រាំទៅ យើងមិនអាចធ្វើអ្វីបាននោះទេ បានតែត្រឹមឈរមើលខ្មែរបាត់ដីតែប៉ុននោះ។

Jul 02, 2012 11:16 PM

Eagle Master

ពី Pa(USA)

Khmer rouge's courthouse is remain opening,it's revealing secretis past history between Khmer rouge and Yuan-Viet.But if you forgot,may I inform you breafly when USA was pulled out troops from rigions Vietnam has had enforced Mr:Pol Pot be combined Khmer,Lao into once.
And now when USA,world west stucking with economy and political streses China and Yuan brought up this formular again,lately china has been assign a new game by disputing south sea,as bove all,I alway told Mr:Samdach Hun Sen play game with china you may get trap with Yuan,and moreover if USA,West's couldn't recovery economy quick Vietnam will has enforced khmer,Lao to combined into china.you can see Tibet,Uygher as examples.

Jul 02, 2012 08:24 PM

មើល​មតិ​ទាំង​អស់.