ប្រធានស្ដីទីគណបក្ស សម រង្ស៊ី លោក គង់ គាំ បានប្រកាសជាសាធារណៈ កាលពីថ្ងៃសុក្រ ទី៤ ខែវិច្ឆិកា នេះថា លោកមិនបដិសេធការចោទប្រកាន់ថា លោកជាអ្នកបានប្រៀបប្រដូចលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅនឹងអតីតមេដឹកនាំប្រទេសលីប៊ី លោក មូអាមឺរ៍ ហ្គាដាហ៊្វី (Moammar Gadhafi) ដែលត្រូវបានបាញ់សម្លាប់កាលពីដើមខែតុលា នោះទេ។
សេចក្ដីថ្លែងការណ៍របស់លោកធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន បានព្រមានថា អ្នកប្រៀបប្រដូចលោកទៅនឹងលោក ហ្គាដាហ៊្វី ថា អាចធ្វើឲ្យកម្ពុជា ផ្ទុះសង្រ្គាម ប្រសិនបើលោកត្រូវបានផ្លាស់ប្ដូរ ដូចការធ្វើបដិវត្តន៍នៅតាមបណ្ដាប្រទេសនៃពិភពអារ៉ាប់មែននោះ។
លោក ហ៊ុន សែន ដែលបានកាន់កាប់អំណាចអស់រយៈពេល ២៦ឆ្នាំ មកហើយនោះ ក៏បានប្រកាសផ្ដល់អាវុធទៅដល់ក្រុមណាដែលចង់ងើបឡើងបះបោរប្រឆាំងនឹងរូបលោក៖ «កុំមកចាត់ទុកអី ថ្ងៃមុនថា ហ៊ុន សែន មានវាសនាដូច ហ្គាដាហ៊្វី។ ថ្ងៃ២៣ តុលា និយាយនៅភ្នំពេញថា ហ៊ុន សែន នឹងមានវាសនាដូច ហ្គាដាហ្វ៊ី អ៊ីចឹងបើមានវាសនាដូចជា ហ្គាដាហ្វ៊ី មានតែវាយគ្នា? ព្រោះ ហ្គាដាហ្វ៊ី ធ្លាក់ដោយសារគេវាយ។ បើចង់វាយគ្នាអូខេ ញឹក ប៊ុនឆៃ ធ្លាប់ស្គាល់ហើយតើ ហ៊ុន សែន វាយបាក់ឆ្អឹងខ្នងរហូតមកដល់ថ្ងៃនេះ។ ហ្គាដាហ្វ៊ី ដោយសារពួកណាតូ វាយ ជួយសង្គ្រាមពីក្រោមបានគេធ្វើឲ្យស្លាប់ ហ្គាដាហ្វ៊ី អ៊ីចឹងមានតែអ្នកឯងចង់ធ្វើសង្គ្រាម? បើចង់ធ្វើសង្គ្រាម ខ្ញុំសូមជូនអាវុធមួយឃ្លាំង។ និយាយអ៊ីចឹងមិនមែនយើងគាំទ្រ ហ្គាដាហ៊្វី ទេ...»។
លោក គង់ គាំ បានសម្ដែងការសោកស្ដាយចំពោះពាក្យសម្ដីរបស់លោក ហ៊ុន សែន ដោយចាត់ទុកថា ការប្ដូរពីការរិះគន់ដោយពាក្យសម្ដីទៅជាការធ្វើសឹកសង្គ្រាមដោយអាវុធវិញនោះ វាអាចជាបញ្ហាគ្រោះថ្នាក់សម្រាប់កម្ពុជា។ លោកបន្តថា គណបក្ស សម រង្ស៊ី នឹងមិនប្រើប្រាស់សង្គ្រាមដើម្បីផ្លាស់ប្ដូរមេដឹកនាំនោះទេ ប៉ុន្តែគណបក្សនេះនឹងយកការបោះឆ្នោត ដើម្បីផ្លាស់ប្ដូរមេដឹកនាំប្រទេស៕