ប្រជាពលរដ្ឋមួយរូបដែលតំណាងឲ្យប្រជាពលរដ្ឋជាច្រើនគ្រួសារនៅភូមិដើមខ្វិត សង្កាត់ទួលសង្កែ បានឲ្យដឹងថា មានល្បែងស៊ីសងបានលេងនៅតាមផ្ទះជាច្រើន ហើយអាជ្ញាធរមិនបានបង្រ្កាបការលេងល្បែងនោះទេ ៖ «នៅភូមិហ្នឹង រាល់ថ្ងៃបង្កើតល្បែងឡើងពេញភូមិ និយាយទៅ គ្រប់វង់តាមផ្ទះ តាមកន្លែងកន្លុកកន្លៀតគ្មានសល់កន្លែងណាមួយឡើយ ហើយដល់អ៊ីចឹង ក្មេងអាយុត្រឹមតែ ១៣ ឬ ១២ឆ្នាំ ល្បែងគ្រប់គ្នា ទាំងកូនគេ កូនខ្ញុំទៅទាំងអស់ ។ ហើយដល់ពេលវាអត់មានលុយ វាលួចផង វាប្លន់គេផង កាំបិតផងអីផង ភ្ជង់គេពេលយប់ សូម្បីបុគ្គលិកមកពីធ្វើការពេលយប់ ក៏គ្នាដើរមកដល់កណ្ដាលផ្លូវ វាស្ទាក់គេយក ។ កូនក្មេងឥឡូវលែងរៀនអស់ហើយ ៩០ភាគរយ ទៅអស់ហើយ ឃាំងអត់ជាប់ ព្រោះវាបើក[ល្បែង]ពេញធឹងពេកហើយៗប៉ូលិសមកយកលុយអ៊ីចឹងទៅ ឲ្យវាបើកទៅ ។ ហើយដល់រដ្ឋាភិបាលអត់គិតគូរអ៊ីចឹង យើងយ៉ាប់យ៉ាងម៉េចទៅ ? ខូចអស់ហើយកូនខ្មែរ លែងមានអ្នកណាចេះដឹងអស់ហើយ ៗ ម្ដាយឪពុកទុកលុយមិនស្រួល កូនលួចអស់ហើយ...» ។
ប្រជាពលរដ្ឋមួយរូបទៀត ដែលមានទីលំនៅនៅសង្កាត់ទួលសង្កែនោះដែរ បានឲ្យដឹងថា អ្នករស់នៅសង្កាត់នោះ មានការខ្លាចរអានៅពេលយប់ ដោយសារនៅតាមដងផ្លូវមានក្មេងជំទង់ៗ ឈរជាច្រើននាក់នៅពេលយប់ ហើយសម្តែងអាការៈមិនប្រក្រតីដែលគួរឲ្យភ័យខ្លាច ។
លោក ព្រាបខា ដែលជានាយនគរបាលនៅប៉ុស្តិ៍ទួលសង្កែ បានមានប្រសាសន៍ឲ្យដឹងថា លោកនឹងចាត់កម្លាំងឲ្យចុះទៅបង្ក្រាបចំពោះអំពើអនាធិបតេយ្យ និងការលេងល្បែងស៊ីសងនានា នៅតំបន់នោះ ៖ «ចាំមើល៍ ស្អែក ខ្ញុំនឹងឲ្យកម្លាំងព្រហ្មទណ្ឌចុះមើល គេសិក្សាមើល គួរមានកន្លែងណាលេង ឬមិនលេង ។ ចាំមើលស្អែក ខ្ញុំរៀបចំមើលមើល៍ គួរត្រូវបំផ្លាញ ឬយ៉ាងណា ដើម្បីរាយការណ៍ទៅលោកអធិការ និងលោកព្រះរាជអាជ្ញាអមតុលាការក្រុង ដើម្បីសុំគោលការណ៍បង្ក្រាប» ។
លោក រ៉ុង ឈន់ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានមានប្រសាសន៍ថា ល្បែងស៊ីសងបានកើតមានជាច្រើន នៅតាមទីប្រជុំជននានា មិនមែនតែនៅក្រុងភ្នំពេញប៉ុណ្ណោះទេ ហើយល្បែងនេះបាននាំឲ្យសិស្សជាច្រើននាក់គេចសាលារៀននិងនាំទៅដល់ការប្រព្រឹត្តអំពើរំលោភច្បាប់ទៀតផង ។
នៅប្រទេសកម្ពុជា ក្រៅពីកាស៊ីណូមានច្បាប់នានាបានធ្វើសកម្មភាព នៅមានល្បែងផ្សេងៗទៀតធ្វើសកម្មភាពផងដែរ ដូចជាល្បែងចាក់កន្ទុយលេខ ល្បែងចាក់បាល់ ល្បែងហ្គេមម៉ាស៊ីនអេឡិកត្រូនិក និងឆ្នោតយោគីជាច្រើនមុខទៀតផង ៕
