ការស្នើនេះគឺបានធ្វើឡើងដោយអគ្គលេខាធិការសមាគមរោងចក្រកាត់ដេរ លោក ខិន លូ (Ken Loo) នៅក្នុងជំនួបជាលើកទី២ រវាងសមាគមលោក និងសហជីព នៅរសៀលថ្ងៃទី៧ កញ្ញា។
លោក ខិន លូ បានថ្លែងឲ្យដឹងក្រោយកិច្ចប្រជុំនេះថា ៖ «សម្រាប់ការចរចាទៅថ្ងៃមុខទៀត យើងទទូចឲ្យសហជីពរួបរួមគ្នា ប្រសិនបើមានការចរចាលើបញ្ហាប៉ះពាល់ឧស្សាហកម្មទាំងមូល ហើយបានព្រមព្រៀងគ្នាលើចំណុចណាមួយ»។
លោកបានបន្ថែមថា ប្រសិនបើសហជីពមិនអាចធ្វើតាមការស្នើនេះបានទេ មានតែវិធីដែលសហជីពត្រូវជួបចរចាជាមួយថៅកែរោងចក្ររៀងៗខ្លួនប៉ុណ្ណោះ។
ប្រធានសហភាពការងារកម្ពុជា និងជាប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា លោក អាត់ ធន់ បានបញ្ជាក់បន្ថែមថា នេះអាចជាជោគជ័យមួយ ដែលសមាគមរោងចក្រកាត់ដេរបានជួបចរចាគ្នា ដើម្បីរកមធ្យោបាយរួមគ្នាក្នុងការផ្ដល់ផលប្រយោជន៍ដល់កម្មករ។
តែទោះជាយ៉ាងណាសមាគមរោងចក្រកាត់ដេរ នៅតែទទូចឲ្យមានការអនុវត្តប្រាក់ខែគោល ដែលក្រុមប្រឹក្សាការងារបានសម្រេចកាលពីថ្ងៃទី៨ ខែកក្កដាសិន មុននឹងពិភាក្សាការទាមទារអំពីផលប្រយោជន៍ផ្សេងៗនោះ។
ទន្ទឹមគ្នានឹងការជួបគ្នារវាងសហជីព និងសមាគមកាត់ដេរនេះដែរ អង្គការ Freedom House ដែលមានស្នាក់ការនៅសហរដ្ឋអាមេរិក បានចេញរបាយការណ៍វាយតម្លៃមួយដោយ ដាក់ប្រទេសកម្ពុជានៅក្នុងលំដាប់ថ្នាក់ប្រទេសដែលមានការគាបសង្កត់ទៅលើសេរីភាពកម្មករ ក្នុងចំណោមប្រទេសបីផ្សេងទៀត គឺអាហ្វហ្គានីស្ថាន ចិន និងប្រទេសសិង្ហបុរី។
ក៏ប៉ុន្តែរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ុំ មាន មានប្រសាសន៍ថា តាមការពិតសិទ្ធិសេរីភាពនៅក្នុងប្រទេសកម្ពុជានោះ គឺមានភាពទូលំទូលាយខ្លាំងជាងប្រទេសមួយចំនួនទៀតផង ពីព្រោះសព្វថ្ងៃគ្រាន់តែរោងចក្រមួយមានសហជីពពី ៥ ទៅ ១០សហជីព ហើយកាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាការងារបានធ្វើការវាយតម្លៃ និងដំឡើងប្រាក់ឈ្នួលដល់កម្មករផងដែរ។
របាយការណ៍របស់អង្គការFreedom House បានសរសេរថា រដ្ឋាភិបាលចង់បង្កើនជោគជ័យរបស់ខ្លួននៅក្នុងការដាក់វិនិយោគទុននៅកម្ពុជា ហើយហាក់ដូចជាផ្គាប់ចិត្តនិយោជក និងអ្នកវិនិយោគ ច្រើនជាងគិតពីប្រយោជន៍កម្មករ។ រដ្ឋាភិបាលបានធ្វើវិសោធនកម្មច្បាប់ការងារ ដើម្បីអនុញ្ញាតឲ្យមានការប្រើប្រាស់កុងត្រាខ្លីៗជាអចិន្ត្រៃយ៍ ដែលអ្នករិះគន់បាននិយាយថា ការធ្វើបែបនេះគឺធ្វើឲ្យនិយោជកបំបាត់ចោលផលប្រយោជន៍របស់កម្មករជាច្រើន ដូចជាការសម្រាកមាតុភាព ការសម្រាកប្រចាំឆ្នាំ និងផលប្រយោជន៍ផ្សេងៗទៀត។
តាមរយៈការប្រើប្រាស់កុងត្រាខ្លីៗនេះ គឺបានបំបាក់ទឹកចិត្តកម្មករមិនឲ្យចូលរួមគាំទ្រសហជីព និងខ្លាចគេបណ្ដេញចេញ ហើយរដ្ឋាភិបាលមិនបានកំណត់ប្រាក់ឈ្នួលកម្មករ ដូចដែលបានតម្រូវដោយច្បាប់ការងារឆ្នាំ២០០៧ នៅឡើយទេ៕
