លោក អាត់ ធន ប្រធានសហភាពការងារកម្ពុជានិងជាប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហើយលោកក៏ជាសមាជិកគណៈប្រតិភូមួយរូបដែរនោះ បានមានប្រសាសន៍នៅថ្ងៃទី១ ធ្នូ ឲ្យដឹងថា គណៈប្រតិភូកម្ពុជានេះមានសមាសភាពចំនួន១៨នាក់ មកពីក្រសួងមន្ទីររបស់រដ្ឋាភិបាល មកពីសហជីព និងមកពីសមាគមម្ចាស់រោងចក្រកាត់ដេរកម្ពុជា ហើយគោលដៅសំខាន់គឺទៅចូលរួម ពិធីបុណ្យខួបចំណងមិត្រភាពកម្ពុជា-ជប៉ុនលើកទី៥៦ តែនៅក្នុងឱកាសនោះ គណៈប្រតិភូក៏បានឆ្លៀតឃោសនារកទីផ្សារនាំចេញខោអាវដេរស្រាប់ផងដែរ។
នៅក្នុងការជួបគ្នានេះ ខាងអ្នកបញ្ជាទិញជប៉ុនមានបំណងទិញខោអាវធំចំនួន១ម៉ឺនកំប្លេនិងស្បែកជើងចំនួន១០ម៉ឺនសម្រាប់ពីប្រទេសកម្ពុជ។
សូមជម្រាបថា ប្រទេសជប៉ុនជាទីផ្សារនាំចេញខោអាវដេរស្រាប់ធំទីបីរបស់កម្ពុជា បន្ទាប់ពីប្រទេសអាមេរិកនិងសហគមន៍អឺរ៉ុប ហើយក្នុងមួយឆ្នាំៗមានការនាំចេញខោអាវទៅប្រទេសជប៉ុនក្នុងតម្លៃប្រមាណ ៣០លានដុល្លារអាមេរិក៕
