ពលរដ្ឋ​ចោទ​អាជ្ញាធរ​ខេត្ត​កែប​ថា​បណ្ដោយ​ឲ្យ​ឈ្មួញ​រត់ពន្ធ​សាំង​ខុស​ច្បាប់​ពី​វៀតណាម

ប្រជាពលរដ្ឋ​​​ចោទ​ប្រកាន់​មន្ត្រី​ជំនាញ​ព្រំ​ដែន​ទឹក គយ និង​ជំនាញ​សេដ្ឋកិច្ច​ខេត្ត​កែប ថា​បើក​ដៃ​ឲ្យ​ឈ្មួញ​រត​ពន្ធ​សាំង​ដោយ​ខុស​ច្បាប់​​ពី​ប្រទេស​វៀតណាម ចូល​ក្នុង​ទឹក​ដី​កម្ពុជា។

0:00 / 0:00

ពលរដ្ឋ​រស់​នៅ​ខេត្ត​កែប ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា ថា ការ​រត​ពន្ធ​ខុស​ច្បាប់​នេះ​ក្នុង​មួយ​ៗ​ថ្ងៃ​ឈ្មួញ​ដឹក​សាំង​​ចេញ​ពី​កោះ​ឫស្សី និង​កោះ​អាចម៍​សេះ បន្ត​ពី​ប្រទេស​វៀតណាម ពី ៥០០ ទៅ ៦០០​ប៊ីដុង ដោយ​មន្ត្រី​ជំនាញ​ពុំ​មាន​ការ​ទប់​ស្កាត​នោះ​ទេ។

ពលរដ្ឋ​បន្ត​ថា មធ្យោបាយ​បែប​នេះ​គឺ​ផល​ចំណេញ​បាន​ទៅ​លើ​មន្ត្រី​គយ សេដ្ឋកិច្ច និង​ជំនាញ​ព្រំដែន​​ទឹក និង​មន្ត្រី​ទាំង​នេះ គឺ​ស្ថិត​នៅ​ពី​ក្រោយ​ក្នុង​ការ​រត​ពន្ធ​នេះ៖ «ខ្ញុំ​អត់​ដឹង​ថា ក្នុង​មួយ​លីត្រ​ហ្នឹង​បង់​ចូល​រដ្ឋ​ប៉ុន្មាន​ទេ ប៉ុន្តែ​ខ្ញុំ​គិត​ថា ឥឡូវ​យើង​គិត​ថា មួយ​ថ្ងៃ​ទូក​ចូល​២​ចុះ ព្រោះ​យើង ៧​ទូក​ក្នុង​មួយ​សប្ដាហ៍ ទូក​មួយ​ៗ​ចូល​ពី ២ ទៅ ៣​ដង។ អ៊ីចឹង​យើង​គិត​ថា មួយ​ថ្ងៃ​ទូក​២ ជា​មធ្យម​ទូក​ពីរ​ហ្នឹង​យើង​វៃ​អាច​ពី ៥០០-៦០០​ប៊ីដុង»

នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា វិទ្យុ​អាស៊ីសេរី​ពុំ​អាច​ស្នើ​សុំ​ការ​បំភ្លឺ​ពី​លោក ពេជ្រ ថារ័ត្ន ស្នងការ​រង​ទទួល​បន្ទុក​សេដ្ឋកិច្ច​ប្រចាំ​ខេត្ត​កែប បាន​ទេ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ ។ ក៏​ប៉ុន្តែ​​មេបញ្ជាការ​វរ​ព្រំដែន​ទឹក ៤៣០ លោក ពេញ ភារ៉ោ បដិសេធ​ថា ការ​ចោទ​ប្រកាន់​នេះ​គឺ​ពុំ​មែន​ជា​ការ​ពិត​នោះ​ទេ៖ «ទេ! ដូច​ជា​មិន​មាន​ទេ​បង​បាទ!»

លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ។ លោក​ចាត់​ទុក​ថា នេះ​ជា​ចំណុច​​ខ្សោយ​ក្នុង​គ្រប់​គ្រង​របស់​មន្ត្រី​ជំនាញ ជា​ពិសេស​រដ្ឋាភិបាល​​ដែល​បន្ត​ទុក​ឲ្យ​អំពើ​ពុករលួយ​ញ៉ាំញី​​ក្នុង​សង្គម​កម្ពុជា។

លោក វន់ ពៅ រក​ឃើញ​ថា ការ​បើក​ចំហ​ការ​រត់ពន្ធ​សាំង​ច្បាប់​នេះ​ធ្វើ​ឲ្យ​សាំង​បន្ត​ឡើង​ថ្លៃ៖ «មន្ត្រី​ព្រំដែន ជា​ពិសេស​មន្ត្រី​គយ មន្ត្រី​កាំកុងត្រូល ប៉ូលិស​ច្រក​ទ្វារ​ព្រំដែន​ហ្នឹង អា​នេះ​គឺ​ជា​ចំណុច​ទាក់​ទង​នឹង​កត្តា​​អំពើ​ពុករលួយ​ដែល​ធ្វើ​ឲ្យ​ឈ្មួញ​ខិល​ខូច​ទាំង​អស់​ហ្នឹង​រត​ពន្ធ​របស់​ដែល​មិន​បាន​បង់​ពន្ធ​ថវិកា​ចូល​រដ្ឋ​អា​នេះ​ជា​ចំណុច​ទី​មួយ។ ចំណុច​ទី​២ ហេតុ​ដែល​នាំ​ឲ្យ​សាំង​រត់ពន្ធ​នាំ​ចូល​ក្នុង​ប្រទេស​កម្ពុជា ជា​ខ្វះ​យន្តការ​របស់​រដ្ឋាភិបាល ជា​ពិសេស​គឺ​ខ្វះ​យន្តការ​របស់​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ»

ទាក់ទិន​​ការ​បន្ត​អូស​បន្លាយ​ដែល​នាំ​ឲ្យ​សាំង​គេច​ពន្ធ​នៅ​តែ​កើត​ឡើង​ពី​ប្រទេស​វៀតណាម​នេះ ពលរដ្ឋ​ដែល​រស់​នៅ​ខេត្ត​កែប បាន​ស្ដី​បន្ទោស​មន្ត្រី​អាជ្ញាធរ​ខេត្ត​ថា គឺ​ជា​អ្នក​ដែល​នៅ​ពី​ក្រោយ​នៃ​ការ​នាំ​សាំង​ចូល​ដោយ​មិន​បាន​បង់​ពន្ធ​ចូល​រដ្ឋ។ ក៏​ប៉ុន្តែ​អភិបាល​រង​ខេត្ត​កែប គឺ​អ្នកស្រី ព្រំ ចំរើន បដិសេធ​ថា ច្រក​កែប ពុំ​មែន​​ជា​ទី​ដែល​ត្រូវ​ដឹក​សាំង​គេច​ពន្ធ​​ចេញ​នោះ​ទេ។

អ្នក​ស្រី​អះ​អាង​ថា នេះ​ទំនង​ជា​ការ​ព្យាយាម​រត​គេច និង​ឆ្លង​កាត់​​ពី​ការ​ប្រមាញ់​​របស់​មន្ត្រី​ជំនាញ​​ពី​តំបន់​ផ្សេង​ប៉ុណ្ណោះ។

បើ​ទោះ​ជា​បែប​ណា​ពលរដ្ឋ​បញ្ជាក់​ថា នេះ​ពុំ​មែន​ជា​ការ​ឆ្លង​កាត់​​ដោយ​ចៃដន្យ​នោះ​ទេ តែ​ថា​​ជា​ការ​ព្រឹត្តិការណ៍​កើត​ឡើង​ដោយ​ក្រុម​មន្ត្រី​ជំនាញ​ក្នុង​តំបន់ ខណៈ​បទ​ល្មើស​នេះ​ពលរដ្ឋ​អះអាង​ថា មាន​ការ​កើន​ឡើង​ទ្វេ​ដង​​ក្នុង​រយៈ​ពេល ១​ខែ​ចុង​ក្រោយ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។