អ្នកស្រឡាញ់ភេទដូចគ្នា និងអ្នកប្ដូរភេទត្រូវ បានមន្ត្រីអង្គការមិនមែនរដ្ឋាភិបាលរកឃើញថា ពួកគេគឺជាក្រុមមនុស្សងាយរងគ្រោះ ហើយកំពុងជួបប្រទះនូវការរើសអើងក្នុងសង្គម និងពុំមានច្បាប់គាំទ្រឡើយ។
ឈឺចាប់ដោយការរើសអើង
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហៅកាត់ជាភាសាអង់គ្លេសថា CCHR មានប្រសាសន៍ថា ក្នុងព្រះរាជាណាចក្រកម្ពុជា អ្នកស្រឡាញ់ភេទដូចគ្នា និងអ្នកប្ដូរភេទ បច្ចុប្បន្នបានរងការឈឺចាប់ដោយសារការរើសអើង ការរំលោភបំពាន ហើយជាងនេះទៅទៀត គឺពួកគេបានរងនូវអំពើហិង្សាផ្សេងៗ។ លោកថា អ្នកទាំងនោះ បានរងការបណ្ដេញចេញ និងមិនទទួលស្គាល់ពីក្រុមគ្រួសាររបស់ពួកគេ ត្រូវបានសង្គមបដិសេធចំពោះការងារ មានការរើសអើងនៅកន្លែងធ្វើការ ក្លាយជាជនរងគ្រោះធ្វើបាបពីសំណាក់ប៉ូលិស ហើយត្រូវបានបង្ខាំងពីការជួបជុំបញ្ចេញមតិដោយសេរីនៅទីសាធារណៈ និងការបញ្ចេញមតិរវាងគ្នាទៅវិញទៅមកជាដើម។
លោក អ៊ូ វីរៈ ៖ "យើងធ្វើការនេះមិនមែនដើម្បីលើកទឹកចិត្តទេ ប៉ុន្តែដើម្បីឲ្យសង្គមយើងទាំងមូលបើកចំហ ហើយទទួលយកការជ្រើសរើសរបស់ប្រជាពលរដ្ឋរបស់ខ្លួន យើងយល់ថាយើងទាំងអស់គ្នាមានភារកិច្ចគាំទ្រនូវការគោរពសិទ្ធិស្មើភាពគ្នានេះ សូម្បីតែអ្នករងគ្រោះនូវការរំលោភដីធ្លីក៏គោលការណ៍ស្រដៀងគ្នាដែរ ដោយសារពួកគាត់ជាអ្នករងគ្រោះ ដោយសារការមិនគោរពសិទ្ធិស្មើភាពគ្នាចំពោះមុខច្បាប់ អ៊ីចឹងក្រុមអ្នកស្រឡាញ់ភេទដូចគ្នា អ្នកដែលបាត់បង់ដីធ្លីគឺមានលក្ខណៈដូចគ្នា ឲ្យតែយើងអត់គោរពសិទ្ធិគ្នាទៅវិញទៅមក គឺអ្នកទន់ខ្សោយរមែងតែជាជនរងគ្រោះចឹងហើយ"។
ការថ្លែងរបស់លោក អ៊ូ វីរៈ ដូច្នេះ នៅគ្រាដែលក្រុមស្រីនិងបុរសដែលស្រឡាញ់ភេទដូចគ្នា បានជួបជុំគ្នានៅឯមជ្ឈមណ្ឌលផ្ទះមេត្តា ក្នុងទីក្រុងភ្នំពេញ កាលពីរាត្រីថ្ងៃទី ១៧ ឧសភា ឆ្នាំ ២០១១ ដើម្បីប្រារព្ធទិវាអន្តរជាតិប្រឆាំងនឹងការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា និងអ្នកប្ដូរភេទ ទិវានេះមានមនុស្សប្រមាណជាង១០០នាក់បានចូលរួម។
សកម្មជនសិទ្ធិមនុស្សនៃសហគមន៍ឥន្ទធនូកម្ពុជា លោក ស៊្រុន ស៊្រន បានថ្លែងថា មូលហេតុដែលនាំឲ្យគេជ្រើសយកថ្ងៃទី១៧ ឧសភា ក្នុងការប្រារព្ធទិវាអន្តរជាតិប្រឆាំងនឹងការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា និងអ្នកប្ដូរភេទនោះ គឺដោយសារថ្ងៃដដែល ក្នុងឆ្នាំ១៩៩០ អង្គការសុខភាពពិភពលោក បានសម្រេចដកអ្នកស្រឡាញ់ភេទដូចគ្នាចេញពីបញ្ជីវេជ្ជសាស្ត្រថា ពួកគេគឺពុំមែនមានរោគសញ្ញាជំងឺផ្លូវចិត្ត និងមានបញ្ហាសតិអារម្មណ៍នោះទេ។
លោក ស៊្រុន ស៊្រន ៖ "វាជាថ្ងៃដ៏ពិសេសបំផុត ដែលយើងចង់ប្រាប់ទៅប្រជាជនខ្មែរទាំងអស់ ឬក៏អ្នកស្រឡាញ់ភេទដូចគ្នានៅសង្គមខ្មែរ ឲ្យគាត់បានដឹងថា សកម្មភាពដែលយើងធ្វើទិវាប្រឆាំងការរើសអើងចំពោះអ្នកស្រឡាញ់ភេទដូចគ្នា ឬក៏អ្នកប្ដូរភេទមិនមែនមាននៅតែស្រុកខ្មែរទេ ឆ្នាំនេះគឺមានដល់ទៅ១៣២ ប្រទេសដែលគេប្រារព្ធពិធីហ្នឹងទី១។ ទី២ យើងចង់បញ្ជាក់ថា កាណ៍ដែលយើងជជែកគ្នានៅពេញមួយល្ងាចនេះ គឺយើងចង់ឲ្យសង្គមខ្មែរបានយល់ថា នៅស្រុកយើងពិតមែនតែពុំមានច្បាប់ប្រឆាំងនឹងអ្នកស្រឡាញ់ភេទដូចគ្នា ពិតមែនតែអត់មានច្បាប់ណាមកការពារជនរងគ្រោះ ដែលជាអ្នកស្រឡាញ់ភេទដូចគ្នា ប៉ុន្តែរាល់ការរំលោភទាំងអស់ ត្រូវបានគេធ្វើមិនដឹងមិនឮ"។
នៅក្នុងការប្រារព្ធពិធីនោះ ដែលគេបានដាក់តាំង និងលក់អាវយឺតពណ៌ខ្មៅដែលមានសរសេរអក្សរដាក់ថា ធាតុពិតរបស់ខ្ញុំនៅឆ្នាំ២០១១ ហើយក៏មានការចាក់បញ្ចាំងភាពយន្តឯកសារ ដែលមានចំណងជើងថា លើកទឹកចិត្តឲ្យមនុស្សជជែកគ្នាអំពីបញ្ហាសិទ្ធិ។ ខ្សែភាពយន្តនោះ គេបានបង្ហាញពីភាពរងគ្រោះ និងការរើសអើង ទៅលើអ្នកស្រឡាញ់ភេទដូចគ្នានៅបណ្ដាប្រទេសនៅតំបន់អាស៊ីមួយចំនួន ដែលបានផលិតដោយជនជាតិហ្វីលីពីនម្នាក់ គាត់ជាប្រធានគម្រោងអ្នកស្រឡាញ់ភេទដូចគ្នានៅអាស៊ី។
នៅក្នុងភាពយន្តនោះគេបានរៀបរាប់ប្រទេសមួយចំនួនដែលបានបង្កើតច្បាប់ដើម្បីប្រឆាំងនិងអ្នកស្រឡាញ់ភេទដូចគ្នា រហូតដល់មានការបណ្ដេញពីផ្ទះសម្បែង ការរំលោភភេទ ការមិនចេញអត្តសញ្ញាណប័ណ្ណឲ្យពីក្រុមអ្នកអនុវត្តច្បាប់ និងករណីរើសអើងនៅកន្លែងអប់រំ នាំឲ្យមានការបោះបង់ចោលសាលារៀនជាដើម។
ស្រឡាញ់ភេទដូចគ្នាអាចក្លាយជាបទឧក្រិដ្ឋនៅប្រទេសមួយចំនួន
ស្ត្រីស្រឡាញ់ស្ត្រី បុរសស្រឡាញ់បុរស អ្នកស្រឡាញ់ទាំងពីរភេទ បានប្រឈមមុខនិងការរំលោភសិទ្ធិប្រចាំថ្ងៃ មិនត្រឹមតែប៉ុណ្ណោះពួកគេបានចាត់ទុកជាឧក្រិដ្ឋជននៃប្រទេសជាច្រើន។ ប្រទេសចំនួន១០ នៅអាស៊ីបានកំណត់ថាការប្រតិព័ទ្ធភេទដូចគ្នាជាបទឧក្រិដ្ឋដូចជាប្រទេសអាហ្វហ្គានីស្ថាន បង់ក្លាដេស ប្រ៊ុយណេ ប៊ូតាន់ ភូមា ម៉ាឡេស៊ី ម៉ាហ្គីស ប៉ាគីស្ថាន សិង្ហបុរី ប្រទេសស្រីលង្កា។ ចំណែកប្រទេសចំនួន៩ នៅកោះប៉ាស៊ីហ្វិក ក៏បានដាក់ទណ្ឌកម្មចំពោះអ្នករួមភេទដូចគ្នាផងដែរ។
ក្នុងរូបរាងតូចច្រឡឹង សម្បុរសណ្ដែកបាយ សក់ត្រឹមក កញ្ញា លី ពិសី អាយុ២៦ឆ្នាំ ដែលស្ត្រីម្នាក់ស្រឡាញ់ភេទដូចគ្នា ហើយនាងកំពុងបម្រើការងារស្ម័គ្រចិត្តក្នុងការអប់រំអ្នកស្រឡាញ់ភេទដូចគ្នានៅតាមសហគមន៍ បានថ្លែងថា បរិយាកាសដែលរស់នៅដោយកៀបសង្កត់ពីសំណាក់សង្គម និងក្រុមគ្រួសារមកលើក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា បានបង្កឲ្យពួកគេកាន់តែងាយរងគ្រោះឡើង ៖ "ទី១ យើងត្រូវការគ្រួសារយើងទទួលស្គាល់អ្វីដែលយើងធ្វើមិនមែនខុសធម្មជាតិទេ ព្រោះអ្វីដែលយើងចង់បានវាជាធម្មជាតិរបស់យើង ទី២ សង្គមខ្មែរទាំងមូលសុំកុំរើសអើងពីព្រោះអីបើយើងនិយាយអំពីការគោរពតម្លៃមនុស្សផាត់ចោលថាគាត់ស្រឡាញ់អ្នកណាស្រឡាញ់ទៅ តែត្រូវគោរពក្នុងនាមតម្លៃគាត់ជាមនុស្ស។ ហើយក្នុងនាមអ្នកស្រឡាញ់ភេទដូចគ្នា ទាមទារសុំតែសេចក្ដីសុខ និងការការពារតម្លៃមនុស្ស សីលធម៌របស់មនុស្សដូចអ្នកដទៃ បើគេមានការងារធ្វើ សុំឲ្យយើងមានសិទ្ធិទទួលបានការងារហ្នឹង បើយើងចង់ទៅរៀន គ្រាន់តែយើងជាស្រីចង់ស្លៀកខោសុំឲ្យយើងមានឱកាសទទួលបានការអប់រំហ្នឹងផង កុំយកកត្តាយេនឌ័រយកមកបង្ខាំងឱកាសក្នុងការទទួលបានសេវាទាំងអស់នេះ"។
តែទោះយ៉ាងណានៅក្នុងការប្រារព្ធទិវាអន្តរជាតិប្រឆាំងនឹងការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា និងអ្នកប្ដូរភេទ ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធបញ្ហានេះ ក៏បានអំពាវនាវឲ្យក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា ចេះការពារខ្លួនជៀសឲ្យបាននូវការឆ្លងនិងរីករាលដាលមេរោគអេដស៍ជំងឺអេដស៍ និងជំងឺកាមរោគនានា៕