រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ និងជាឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ប្រាប់អ្នកកាសែតនៅថ្ងៃទី៥ ខែកញ្ញា ថា កិច្ចប្រជុំទ្វេភាគីនឹងមិនអាចធ្វើទៅបានទេ គឺភាគីកម្ពុជា កំពុងតែរង់ចាំភាគីថៃ ៖ «មិនទាន់រៀបរយ គឺសមាសភាពក្នុងគណៈកម្មាធិការព្រំដែនទូទៅរបស់ថៃ ពីព្រោះភាគច្រើនស្ថិតក្នុងទាហាន។ ដូច្នេះគេមានការកែសម្រួលខ្លះនៅក្នុងពេលខាងមុខនេះ ដូច្នេះគាត់សុំពន្យារបន្តិច តែដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រី (ការពារជាតិថៃ) គឺនឹងមកនៅខែហ្នឹងដែរ។ ... (ការពន្យារពេល) វាមិនយូរទេ»។
កាលដើមឡើយភាគីយោធាកម្ពុជា និងថៃ មានគម្រោងការបើកការចរចាទ្វេភាគីនៃគណៈកម្មាធិការព្រំដែនទូទៅ នៅសប្ដាហ៍នេះ នៅក្នុងរាជធានីភ្នំពេញ ដើម្បីចរចាផ្ដោតលើការអនុវត្តតាមដីកាបង្គាប់របស់តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ (Hague) នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១១ កន្លងទៅ ដែលបានបង្គាប់ឲ្យភាគីថៃ និងកម្ពុជា ដកកងទ័ពចេញពីតំបន់គ្មានកងទ័ពទំហំជាង ១៧គីឡូម៉ែត្រក្រឡា នៅតំបន់ក្បែរប្រាសាទព្រះវិហារនោះ។
អ្នកវិភាគនយោបាយ លោកបណ្ឌិត សុខ ទូច បានមានប្រសាសន៍ថា លោកចង់ឃើញភាគីទី៣ ចូលរួមដឹងឭក្នុងកិច្ចប្រជុំនោះ ៖ «វាអត់អាចទទួលផលទេ ប្រសិនបើគ្មានភាគីទី៣ ឬភាគីទី៤ តាមដឹងឭ អ៊ីចឹងអ្វីដែលថៃ រដ្ឋាភិបាលថ្មីនេះធ្វើ ក៏ដើម្បីរក្សាលំនឹងនយោបាយដែរ។ បើសិនធ្វើកិច្ចការណាមួយមានភាពប្រែប្រួល ខ្ញុំជឿជាក់ថា រដ្ឋាភិបាលថ្មីហ្នឹងនឹងមានបញ្ហាជាមួយប្រជាជនផង ជាមួយរាជវាំងផង»។
នៅមុនកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ ឬ ជីប៊ីស៊ី ឈានមកដល់នាពេលខាងមុខនោះ មេបញ្ជាការយោធភូមិភាគ៤ របស់កម្ពុជា គឺលោក ជា ម៉ន បានបើកកិច្ចប្រជុំទ្វេភាគីរួចម្ដងហើយ នៃគណៈកម្មការព្រំដែនតំបន់ ឬ អាប៊ីស៊ី (RBC) ជាមួយមេបញ្ជាការយោធភូមិភាគទី២ របស់ថៃ ដឹកនាំដោយលោក តាវ៉ាត់ឆៃ សាមុតសាខន (Tawatchai Samutsakorn) នៅថ្ងៃទី២៣ ខែសីហា ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១១ កន្លងទៅ នៅខេត្តនគររាជសីមា ផ្ដោតលើការអនុវត្តតាមដីកាបង្គាប់របស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) កន្លងមក។
កិច្ចប្រជុំទ្វេភាគីនៃគណៈកម្មាធិការព្រំដែនទូទៅ ឬ ជីប៊ីស៊ី ដែលគេគ្រោងរៀបចំខាងមុខនោះ បានផ្អាកជាច្រើនឆ្នាំកន្លងមកហើយ តាំងពីយោធាថៃ បានបើកការវាយប្រហារឈ្លានពានកម្ពុជា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ ក្រោយពេលដែលប្រាសាទព្រះវិហារ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅប្រទេសកាណាដា (Canada)៕