រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ទៅ​​ចិន ដើម្បី​កិច្ច​សហប្រតិបត្តិការ​យោធា

ចាប់​តាំង​ពី​មាន​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា និង​ថៃ កន្លង​មក​ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​ប្រឹងប្រែង​បង្កើន​សមត្ថភាព​យោធា​តាម​រយៈ​ការ​ហ្វឹកហាត់​នៅ​មូលដ្ឋាន ដោយ​មាន​ជំនួយ​ខ្លះ​ពី​បរទេស​ផង ដើម្បី​ការពារ​បូរណភាព​ទឹក​ដី​របស់​ខ្លួន។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ នៅ​ថ្ងៃ​ទី ២០ ខែ​មិថុនា ឆ្នាំ ២០១១ បាន​ដឹកនាំ​គណៈប្រតិភូ​មន្ត្រី​យោធា​ជាន់​ខ្ពស់​មួយ​ក្រុម ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន ដើម្បី​ពង្រឹង​ចំណង​ទាក់ទង​រវាង​ក្រសួង​ការពារ​ជាតិ​កម្ពុជា និង​ក្រសួង​ការពារ​ជាតិ​ចិន នៅ​គ្រា​ដែល​ប្រទេស​កម្ពុជា និង​ថៃ​កំពុង​តែ​មាន​ជម្លោះ​ព្រំដែន​ជាមួយ​គ្នា។

មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​ការពារ​ជាតិ​មួយ​ចំនួន​ទៀត មាន​ដូច​ជា រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ម៉ឹង សំផន និង​អគ្គ​មេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ​កម្ពុជា លោក សៅ សុខា ក៏​បាន​រួម​ដំណើរ​ជាមួយ លោក ទៀ បាញ់ ដែរ។ ទស្សនកិច្ច​នេះ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី ២០ ខែ​មិថុនា ដល់​ថ្ងៃ​ទី ២៦ ខែ​មិថុនា ឆ្នាំ ២០១១។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​មុន​ការ​ចាកចេញ​នោះ​ថា លោក​មាន​គម្រោង​ការ​ជួប​ពិភាក្សា​សំខាន់​ជា​មួយ​មេ​ដឹកនាំ​ប្រទេស​ចិន និង​មន្ត្រី​យោធា​ចិន លើ​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​យោធា ៖ «គឺ​ក្រសួង​ការពារ​ជាតិ គឺ​ត្រូវ​ធ្វើ​ការ​ជា​មួយ​គ្នា ជា​សំខាន់​ជាង​គេ។ អា​ហ្នឹង​គឺ​វា​តែងតែ​ផ្លាស់​ប្ដូរ​គ្នា​ទៅ​វិញ​ទៅ​មក រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ ក្នុង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ»។

អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ និង​ជម្លោះ​រវាង​កម្ពុជា និង​ថៃ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា វិស័យ​យោធា​កម្ពុជា​នៅ​ទន់​ខ្សោយ។ ដូច្នេះ​ចាំ​ចាច់​ត្រូវ​ការ​ជំនួយ​ពី​ប្រទេស​មហា​អំណាច។

លោក​បណ្ឌិត សុខ ទូច ៖ «ប្រទេស​យើង​មិន​អាច​មាន​ថវិកា​ឯ​ណា ទៅ​ទិញ​អាវុធ​ធន់​ធ្ងន់​ទេ ខ្នាត​មីស៊ីល ឬ​យន្តហោះ​ប្រដេញ​ទេ។ ប៉ុន្តែ យើង​ទៅ​រៀន​យក​បទ​ពិសោធន៍​របស់​ទ័ព​ជើង​ទឹក ទ័ព​ជើង​គោក​របស់​គេ ហើយ​ដោះ​ដូរ​នូវ​បទពិសោធន៍»។

គេ​សង្កេត​ឃើញ​ថា ដំណើរ​ទស្សនកិច្ច​របស់ លោក ទៀ បាញ់ ទៅ​កាន់​ប្រទេស​ចិន​នេះ​មិន​មែន​ជា​លើក​ដំបូង​ទេ នៅ​ឆ្នាំ ២០១១ នេះ នៅ​គ្រា​ដែល​ប្រទេស​កម្ពុជា កំពុង​មាន​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​នោះ។

ដំណើរ​ទស្សនកិច្ច​លើក​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​កងទ័ព​កម្ពុជា​ជាង ១.០០០ នាក់ បាន​បិទ​វគ្គ​សមយុទ្ធ បាញ់​គ្រាប់​ពិត នៅ​ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី ១៦ ខែ​មិថុនា ឆ្នាំ ២០១១ កន្លង​ទៅ។

កាល​ពី​ខែ​ឧសភា ឆ្នាំ ២០១១ កន្លង​ទៅ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​សេចក្ដី​សម្រេច​ចំនួន ២ ដោយឡែក​ពី​គ្នា គឺ​សេចក្ដី​សម្រេច​ទី​១ ចុះ​ថ្ងៃ​ទី ១៩ ខែ​ឧសភា ឆ្នាំ ២០១១ គឺ​អនុញ្ញាត​ឲ្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ជ្រើសរើស​ពល​ទាហាន​ចំនួន​សរុប ៥.០០០ នាក់ សម្រាប់​បំពេញ​ឲ្យ​កងពល​ធំ​អន្តរាគមន៍​លេខ ២ ចំនួន ៣.០០០ នាក់។ កង​ពល​តូច​ថ្មើរ​ជើង​លេខ ៤១ ចំនួន ១.០០០ នាក់ និង​កង​ពល​តូច​ថ្មើរ​ជើង​លេខ ៤២ ចំនួន ១.០០០ នាក់។

សេចក្ដី​សម្រេច​ទី​២ ចុះ​ថ្ងៃ​ទី ១៨ ខែ​ឧសភា ឆ្នាំ ២០១១ បាន​អនុញ្ញាត​ឲ្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ជ្រើសរើស​ពល​ទាហាន​ចំនួន ៣៥០ នាក់​ទៀត សម្រាប់​បំពេញ​ឲ្យ​អង្គភាព​បញ្ជា​ការដ្ឋាន​អង្គរក្ស អគ្គបញ្ជាការដ្ឋាន។

កាល​ពី​ថ្ងៃ​ទី ១៧ ខែ​មិថុនា ឆ្នាំ ២០១១ កន្លង​ទៅ​នេះ នាយក​នៃ​វិទ្យាស្ថាន​កង​កាំភ្លើង​ធំ​របស់​ប្រទេស​ចិន លោក វ៉ូ សាង (Wu Xiang) ក៏​បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ដែរ។ លោក វ៉ូ សាង បាន​ជួប​ជាមួយ​រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ម៉ឹង សំផន ពិភាក្សា​គ្នា ដើម្បី​ពង្រឹង​ចំណង​ទាក់ទង​លើ​វិស័យ​យោធា​រវាង​កម្ពុជា និង​ប្រទេស​ចិន៕