ប្រភពពីមន្ត្រីកងរាជអាវុធហត្ថខេត្តសៀមរាប ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងកាលពីព្រឹកថ្ងៃពុធ ទី១២ ខែមករាថា ការចាប់ខ្លួនឧត្ដមសេនីយ៍យោធាម្នាក់នោះ គឺធ្វើឡើងតាមដីការបស់តុលាការយោធា ដែលចោទប្រកាន់ពាក់ព័ន្ធនឹងបទល្មើសយោធាជាច្រើនករណី។
លោកឧត្ដមសេនីយ៍ ពើយ ប៉ែល ជាអតីតទាហានខ្មែរក្រហមផ្តាច់ខ្លួន ត្រូវបានមនុស្សជាច្រើននៅខេត្តសៀមរាប ស្គាល់ឈ្មោះរបស់លោក ហើយឧត្ដមសេនីយ៍យោធារូបនោះ ធ្លាប់មានឈ្មោះនៅក្នុងបណ្ដឹងរបស់មន្ត្រីរដ្ឋបាលព្រៃឈើប្រចាំខេត្តសៀមរាប ផងដែរ ទាក់ទិននឹងការទន្ទ្រានកាន់កាប់យកដីព្រៃរបស់រដ្ឋប្រហែល ២គីឡូម៉ែត្រការ៉េ នៅតំបន់ព្រៃជាំ ភូមិខ្នាររង្វះ ឃុំឃុនរាម ក្នុងស្រុកបន្ទាយស្រី ធ្វើជាកម្មសិទ្ធិឯកជនផងដែរ។
កាលពីរសៀលថ្ងៃពុធ បន្ទាប់ពីការចាប់ខ្លួន ឧត្ដមសេនីយ៍រូបនោះត្រូវបានគេនាំខ្លួនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ជាបណ្ដោះអាសន្ន។
រហូតមកដល់ពេលនេះពុំមានប្រភពព័ត៌មានណាមួយអាចអះអាងបានច្បាស់លាស់ទេថា តើឧត្ដមសេនីយ៍យោធារូបនោះមានតួនាទីជាអ្វីនៅក្នុងជួរកងយោធពលខេមរភូមិន្ទនៅឡើយទេ ប៉ុន្តែនៅពេលចាប់ខ្លួនសមត្ថកិច្ចបានដកហូតកាំភ្លើងម៉ាក AK47 ចំនួន ១ដើម រថយន្ត TROOPER មួយគ្រឿង ឋានន្តរសក្ដិថ្នាក់អនុសេនីយ៍ឯក (សក្ដិ៣) ១គូ និងឧត្ដមសេនីយ៍ឯក (ផ្កាយ៣) ១គូផង។
ប្រភពពីមន្ត្រីកងរាជអាវុធហត្ថខេត្តសៀមរាប បានឲ្យដឹងថា ឧត្ដមសេនីយ៍យោធាម្នាក់នោះនឹងត្រូវបញ្ជូនខ្លួនទៅកាន់ទីក្រុងភ្នំពេញ ប្រគល់ទៅឲ្យតុលាការយោធាជាអ្នកវិនិច្ឆ័យទោសទៅតាមផ្លូវច្បាប់៕
