វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​ប៉ះពាល់​ដល់​ការវិនិយោគទុន​នៅ​កម្ពុជា?

ក្រោយ​ពេល​មាន​លេច​ចេញ​បាតុភាព​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​ដែល​ចាប់ផ្តើម​ពី​ប្រទេស​ធំៗ​មក អ្នក​សេដ្ឋកិច្ច​បាន​វាយ​តម្លៃ​ថា មាន​ការប៉ះពាល់​ជាមួយ​ការវិនិយោគ​ទុន​នៅ​កម្ពុជា​ជា​ពិសេស​ទាក់ទង​ជាមួយ​គម្រោង​សាងសង់​អគារ​ខ្ពស់ៗ​នៅ​កម្ពុជា។

0:00 / 0:00

នៅ​ពេល​ដែល​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​បាន​កើត​មាន​និង​បាន​ជះ​ឥទ្ធិពល​មួយចំនួន​ដល់​ប្រទេស​ខ្លះ​នៅ​លើ​ពិភពលោក អ្នក​វិនិយោគ​សំណង់​អគារ​ខ្ពស់ៗ​នៅ​កម្ពុជា​មួយចំនួន​បាន​ទទួល​ស្គាល់​ថា មាន​ការប៉ះពាល់​ដល់​សកម្មភាព​ជំនួញ​មួយចំនួន​របស់​ក្រុមហ៊ុន​គេ​ខ្លះ​មែន​តែ​ចំពោះ​គម្រោង​សាងសង់​អគារ​និង​ការវិនិយោគ​របស់​ក្រុមហ៊ុន​គេ​នៅ​កម្ពុជា​គឺ​តែ​មាន​សកម្មភាព​ជា​ធម្មតា។

លោក ញ៉ែម សុធា នាយក​ទីផ្សារ​របស់​ក្រុមហ៊ុន Ciputra ដែល​មាន​គម្រោង​សាងសង់​ទីក្រុង​រណប​មួយ​ឈ្មោះ Grand Phnom Penh International City លើ​ផ្ទៃ​ដី​ប្រមាណ​២៦០​ហិកតា​នៅ​ខាង​ជើង​ទីក្រុង​ភ្នំពេញ​ដែល​ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ​៥០០​លាន​ដុល្លារ​អាមេរិក បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ក្រុមហ៊ុន​របស់​លោក​មាន​អ្នក​វិនិយោគ​ទុន​មក​ពី​ប្រទេស​ឥណ្ឌូណេស៊ី ហើយ​ចំពោះ​ប្រទេស​ឥណ្ឌូណេស៊ី​មិន​បាន​ហាមប្រាម​មិន​ឲ្យ​នាំ​ប្រាក់​មក​វិនិយោគ​នៅ​បរទេស​នោះ​ទេ។

លោក ញ៉ែម សុធា បាន​ឲ្យ​ដឹង​ថា ៖ «ក្រុម​របស់​ខាង​ខ្ញុំ​ហ្នឹង គឺ Ciputra Group Indonesia ហ្នឹង... ព្រោះ​គម្រោង​ស៊ីពូត្រា​យើង​មាន​នៅ​អាស៊ី មាន​ដូច​នៅ​ឥណ្ឌា នៅ​ហាណូយ នៅ​សិង្ហបុរី នៅ​កម្ពុជា​ហ្នឹង ហើយ​ក៏​កំពុង​ធ្វើ​នៅ​ចិន ហើយ​បច្ចុប្បន្ន​យើង​អត់​មាន​ខ្វល់​រឿង​បញ្ហា​វិបត្តិ​ហិរញ្ញវត្ថុ​អី​ទេ គឺ​យើង​នៅ​ដំណើរការ​ធម្មតា។ ការសាងសង់​ហ្នឹង​នៅ​បន្ត... ទឹកប្រាក់​ដែល​យើង​មាន​គម្រោង​សម្រាប់​ស៊ីភី​ហ្នឹង វា​មាន​តម្លៃ​រហូត​៥០០​លាន ផែនការ​យើង​ធ្វើ។ អា​នេះ Stake Development គឺ​ចាប់​ពី​៨​ទៅ​១២​ឆ្នាំ»

លោក ញ៉ែម សុធា បាន​ឲ្យ​ដឹង​ថា មក​ទល់​ពេល​នេះ​នៅ​ក្នុង​ជំហាន​ទី​មួយ​របស់​ខ្លួន​ក្នុង​គម្រោង​នោះ​បាន​សម្រេច​បាន​ប្រមាណ​៤០%​ហើយ ប៉ុន្តែ​បើ​ធៀប​ជាមួយ​គម្រោង​ទាំងមូល​ទើប​តែ​បាន​ប្រមាណ​១៥​ទៅ​២០%​ប៉ុណ្ណោះ។

លោក ញ៉ែម សុធា បាន​មាន​ប្រសាសន៍​ថា ៖ «បើ​និយាយ​ពី​គម្រោង​ទី​១ វា​បាន​ប្រហែល​ជា​៤០%​នៃ​គម្រោង​ទី​១ ប៉ុន្តែ​បើ​និយាយ​ពី​ទីក្រុង​ទាំងមូល​បាន​ប្រហែល​១៥% ឬ​ក៏​២០%​ចុះ ព្រោះ​វា​ធំ ដោយសារ​ទំហំ​ទីក្រុង​ហ្នឹង​ដល់​ទៅ​២៦០​ហិកតារ​ឯណោះ»

លោក ញ៉ែម សុធា បាន​ឲ្យ​ដឹង​ទៀត​ថា បើ​ធៀប​ជាមួយ​សភាពការណ៍​មុន​ពេល​សាងសង់​មក​ទល់​ពេល​នេះ​ការទិញ​អចលនទ្រព្យ​មាន​ការធ្លាក់​ចុះ ៖ «បើ​និយាយ​ជា​ទូទៅ ផ្ទៃ​ក្នុង​ដូច​ជា​អត់​មាន​បញ្ហា​ក្ស័យ​ធន​អី​ទេ គឺ​យើង​ដំណើរការ​បាន​ល្អ តែ​គ្រាន់តែ​ទទួល​ស្គាល់​ថា Demand រាង Slow ឥឡូវ។ Demand ​ហ្នឹង បើ​ខ្ញុំ​និយាយ​ទៅ យើង​មើល​ទៅ​មាន​ប៉ះពាល់​មែន បាន​ន័យ​ថា​ដំណើរការ​មាន​តិច​បំផុត»។

ចំណែក លោក នៅ រតនា ដែល​ជា​អគ្គនាយក​របស់​ក្រុមហ៊ុន Yon Woo Cambodia ដែល​ជា​ក្រុមហ៊ុន​សាងសង់​អគារ Gold Tower កម្ពស់​៤២​ជាន់ មក​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង នៅ​កណ្តាល​ក្រុង​ភ្នំពេញ បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​១៧ វិច្ឆិកា ឲ្យ​ដឹង​ថា វិបត្តិ​ពិភពលោក​ខាង​ហិរញ្ញវត្ថុ​មិន​បាន​ជះ​ឥទ្ធិពល​មក​លើ​ការសាងសង់​អគារ​៤២​ជាន់​របស់​ក្រុមហ៊ុន​របស់​លោក​នៅ​ប្រទេស​កម្ពុជា​ទេ ព្រោះ​លុយ​ដែល​សាងសង់​អគារ​នោះ​មិន​បាន​ខ្ចី​ពី​ធនាគារ​ឡើយ។

លោក នៅ រតនា បាន​ឲ្យ​ដឹង​ថា ៖ «អត់​មាន​ផ្អាក​ទេ ដំណើរការ​តាម​កាលវិភាគ​គេ​ទាំងអស់​ហ្នឹង។ វា​ជា​ពាក្យ​ចចាមអារ៉ាម យើង​ឮ​ដំណឹង​នេះ យើង​ខក​ចិត្ត​ដែរ ការងារ​របស់​យើង​នៅតែ​ដំណើរការ​រហូត​ហ្នឹង។ ឥឡូវ​ហ្នឹង​ការងារ​ធ្វើ​នៅ​ក្រោម​ដី​៥​ជាន់​ឯណោះ ប្រហែល​ជា​ចុង​ឆ្នាំ​ហ្នឹង ឬ​ក៏​ដើម​ឆ្នាំ​ក្រោយ យើង​នឹង​ឃើញ​ផុស​ឡើង​ចេញ​ពី​ដី​មក​ហើយ»

លោក នៅ រតនា អគ្គនាយក​របស់​ក្រុមហ៊ុន Yon Woo Cambodia បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ទៀត​ថា មក​ទល់​ពេល​នេះ​ក្រុមហ៊ុន​បាន​សាងសង់​សម្រេច​បាន​១៥%​នៃ​គម្រោង​ទាំងមូល​ហើយ។

លោក នៅ រតនា បាន​បញ្ជាក់​ថា ៖ «ជំហាន​ទី​១... ពាក់ព័ន្ធ​ជាមួយ​ការធ្វើ​ខាង​ក្រោម​ដី​ហ្នឹង អ៊ីចឹង​២​ឆ្នាំ​ត​ទៅ​ទៀត​យើង​ធ្វើ​ហើយ​តាម​ការកំណត់​របស់​វា។ ឥឡូវ​យើង​បាន​ប្រហែល​ជា​២៥​ទៅ​៣០%​ហើយ​នៃ​គម្រោង​ទាំងមូល។ វា​អត់​អី​ទេ ព្រោះ​យើង​អត់​មាន​ប្រើ​កម្ចី លុយ​ដែល​យើង​ប្រើ​ភាគ​ច្រើន​គឺ Shareholder របស់​យើង ហើយ Owner​យើង​ហ្នឹង​គាត់​ប្រើ​លុយ​សុទ្ធ​ផ្ទាល់​ខ្លួន​តែម្ដង វា​អត់​ពាក់ព័ន្ធ​ជាមួយ​កម្ចី​របស់​ធនាគារ​មួយចំនួន​ដែល​ធ្វើ​ឲ្យ​នេះ​ហ្នឹង»

អគារ​កម្ពស់​៤២​ជាន់​ដែល​មាន​ឈ្មោះ​ថា Gold Tower នោះ​តាម​ក្រុមហ៊ុន​ប្រកាស​ផ្សាយ​ឲ្យ​ដឹង​ថា ត្រូវការ​ចំណាយ​ប្រាក់​ប្រមាណ​២៤០​លាន​ដុល្លារ​អាមេរិក ហើយ​មាន​ផែនការ​សាងសង់​ឲ្យ​ហើយ​នា​ឆ្នាំ​២០១១​ខាង​មុខ​នេះ។

ចំពោះ​ការសាងសង់​អគារ​កម្ពស់​៥២​ជាន់​របស់​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង ឈ្មោះ GS E&C Company ដែល​មាន​គម្រោង​សាងសង់​ឲ្យ​ហើយ​នា​ឆ្នាំ​២០១២ និង​ចំណាយ​ប្រាក់​វិនិយោគ​ប្រមាណ​១០០០​លាន​ដុល្លារ​នោះ​វិញ តាម​លោក យឹម គីមពៅ នាយក​ទីផ្សារ​របស់​ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ វិច្ឆិកា ថា មក​ទល់​ពេល​នេះ​ការសាងសង់​អគារ​កម្ពស់​៥២​ជាន់​នោះ​នៅ​ដំណើរការ​ជា​ធម្មតា​តែ​មាន​ការរៀបចំ​សម្រួល​ទម្រង់​ឡើង​វិញ​មួយចំនួន។

លោក យឹម គីមពៅ បាន​មាន​ប្រសាសន៍​ថា ៖ «នេះ​បើ​យើង​និយាយ​ទូទៅ​នៅ​លើ​ពិភពលោក​ទាំងមូល​ហ្នឹង ប្រទេស​ណា​ក៏​អាច​ទទួល​ឥទ្ធិពល​ក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​នេះ​ដែរ ប៉ុន្តែ​ចំពោះ ISC​ហ្នឹង ឥឡូវ​ហ្នឹង​យើង​កំពុង​រៀបចំ Design ឡើង​វិញ យើង​គូរ​ប្លង់​ឡើង​វិញ​នូវ​ការកែ​ទម្រង់​ទីធ្លា​ខ្លះ អ៊ីចឹង​យើង​រង់ចាំ​តែ Redesign ហ្នឹង​ហើយ ព្រោះ​អគារ​៥២​ជាន់​ហ្នឹង វា​អត់​មាន​ការប្រែប្រួល​ទេ នៅ​ធ្វើ​ដដែល ក៏ប៉ុន្តែ​ការគ្រោងទុក​របស់​យើង​តាម​ការកំណត់​ហ្នឹង​គឺ​អាច​ត្រូវ​ពន្យារ​ពេល ប៉ុន្តែ​យើង​នឹង​ព្យាយាម​ឲ្យ​បាន​ឆាប់​ដែល​អាច​ធ្វើ​ទៅ​បាន»

យោង​តាម​អ្នក​ឯកទេស​នៃ​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ដើម្បី​សហប្រតិបត្តិការ​និង​សន្តិភាព​ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា CICP ដែល​សុំ​មិន​ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា ការសាងសង់​នោះ​អាច​ប៉ះពាល់​បើសិន​ជា​យក​ទុន​ពី​ខាង​ក្រៅ​មក​សាងសង់ តែ​បើ​យក​ទុន​ពី​ក្នុង​ស្រុក​មក​ចំណាយ​វិញ​អាច​មិន​មាន​បញ្ហា​ទេ។

លោក ចាប សុថារិទ្ធិ នាយក​ប្រតិបត្តិ​របស់​វិទ្យាស្ថាន​ដើម្បី​សហប្រតិបត្តិការ​និង​សន្តិភាព​ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា CICP និង​ជា​អ្នក​វិភាគ​សេដ្ឋកិច្ច បាន​មាន​ប្រសាសន៍​ទាក់ទង​ជាមួយ​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​ថា មុខ​ជា​ប៉ះពាល់​ជាមួយ​ការសាងសង់​អគារ​ខ្ពស់ៗ​ជា​មិនខាន គ្រាន់តែ​ការប៉ះ​នោះ​វា​មាន​កម្រិត​ត្រឹម​តែ​អ្នក​ដែល​ទិញ​អគារ​នោះ​និង​ក្រុមហ៊ុន​សាងសង់​តែប៉ុណ្ណោះ។

លោក ចាប សុថារិទ្ធិ បាន​ឲ្យ​ដឹង​ថា ៖ «ដើម​ឈើ​ធំ ខ្យល់​មក​ក៏​វា​ប៉ះ​ធំ​ដែរ ដល់​ពេល​ឈើ​តូច ឬ​ដូច​ស្មៅ​អី ខ្យល់​អី​មក​វា​មិន​សូវ​ប៉ះ​ទេ។ ប៉ះ​ហ្នឹង​ទាក់ទង​ទី​១ វិស័យ​វិនិយោគ​ទុន វា​អាច​ធ្វើ​ឲ្យ​ក្រុមហ៊ុន​មួយចំនួន​ដែល​រង​នឹង​វិបត្តិ​សេដ្ឋកិច្ច ដូច​ជា​ក្រុមហ៊ុន​កូរ៉េ​មួយចំនួន​គាត់​បាត់​ទុន​ឬ​ក៏​យឺត អា​ហ្នឹង​ប៉ះ​ហើយ ប៉ះ​ចាប់​ពី​ថ្ងៃ​ហ្នឹង​ទៅ​ហើយ តាម​ខ្ញុំ​ដឹង។ ប៉ះ​យ៉ាង​ម៉េច កាលណា​គម្រោង​ហ្នឹង​ផ្អាក​ឬ​មួយ​ក៏​ពន្យារ​ពេល ហើយ​អ្នក​ទិញ​ហើយ ទិញ​ឲ្យ​លុយ​គេ​ហើយ វា​កប់​លុយ អត់​ទាន់​បាន​ផ្ទះ​ផង​ស្រាប់តែ​គេ​ផ្អាក​អ៊ីចឹង​ទៅ យើង​កប់​លុយ ហ្នឹង​ក៏​អាច​ធ្វើ​ឲ្យ​មនុស្ស​ជ្រួល​ច្របល់​ដែរ ប៉ុន្តែ​អា​ហ្នឹង​វា​ប៉ះ​តិចតួច​ទេ បើសិន​ជា​ថ្ងៃ​ក្រោយ​គេ​មាន​លុយ គេ​សង់​ឡើង​វិញ​ហើយ។ អ្នក​ដែល​ទិញ​ភាគ​ច្រើន​អ្នក​មាន​ទេ»

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​១៧ វិច្ឆិកា ថា វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​នោះ​វា​អាច​ប៉ះពាល់​ជាមួយ​ការនាំ​ចេញ​របស់​ប្រទេស​កម្ពុជា​ផងដែរ៕