វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​និង​ផល​ប៉ះពាល់​ចំពោះ​ប្រទេស​កម្ពុជា

អ្នក​តាមដាន​សេដ្ឋកិច្ច​មួយចំនួន​នៅ​ប្រទេស​កម្ពុជា​បាន​វាយតម្លៃ​ថា វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​ដែល​បច្ចុប្បន្ន​នេះ​បាន​ក្លាយ​ជា​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ហើយ​នោះ​មាន​ផល​ប៉ះពាល់​ជា​ច្រើន​ដល់​ប្រទេស​កម្ពុជា បើ​ទោះ​បី​ជា​មាន​វិធានការ​មួយចំនួន​បាន​ទប់ស្កាត់​បាន​ខ្លះ​ក៏​ដោយ។

0:00 / 0:00

លោក​បណ្ឌិត​សេដ្ឋកិច្ច ចាប សុថារិទ្ធិ នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​សហប្រតិបត្តិការ​ដើម្បី​សន្តិភាព​កម្ពុជា​ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា CICP នោះ បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​១៨ វិច្ឆិកា ឲ្យ​ដឹង​ថា ៖ «ទាក់ទង​ទី​១ វិស័យ​វិនិយោគ​ទុន​អាច​ធ្វើ​ឲ្យ​ក្រុមហ៊ុន​មួយចំនួន​ដែល​រង​នឹង​វិបត្តិ​សេដ្ឋកិច្ច និង​ដូច​ជា​ក្រុមហ៊ុន​មួយចំនួន​គាត់​ដាក់​ទុន ឬ​ក៏​យឺត Funding Project ដែល​វិនិយោគ​នៅ​ស្រុក​ខ្មែរ​ហ្នឹង។ ទី​២ គឺ​ការនាំ​ចេញ​របស់​កម្ពុជា​ទៅ​ប្រទេស​អឺរ៉ុប​និង​ប្រទេស​អាមេរិក ពី​មុន​មក​យើង​ឃើញ​ថា យើង​នាំ​ទៅ​អាមេរិក​និង​អឺរ៉ុប​ច្រើន​ណាស់​រហូត​ដល់​ទៅ​៨០% នៃ​ការនាំ​ចេញ​ផ្នែក​វាយនភណ្ឌ​កាត់ដេរ​របស់​យើង។ អ៊ីចឹង​កាល​ណា​ទិដ្ឋភាព​អ៊ីចឹង វា​ធ្វើ​ឲ្យ​ការកុម៉្មង់ ការបញ្ជា​ទិញ​ពី​ប្រទេស​ទាំង​អស់​ហ្នឹង​បាន​ទាប​ជាង​មុន អា​ហ្នឹង​ក៏​ប៉ះពាល់​ដែរ ហើយ​អា​ហ្នឹង​ប៉ះពាល់​ដល់​ការនាំ​ចេញ​ខាង​ខោ​អាវ​ហ្នឹង​ហើយ ក៏​ប៉ះពាល់​ដល់​កម្មករ​យើង​ទៀត បើសិន​ជា​គេ​បិទ​រោងចក្រ​ទៅ មិន​អស់​ការងារ​ធ្វើ? ប៉ះពាល់​មួយចំនួន​ទៀត​បញ្ហា​រឿង​ដី​ធ្លី​ផ្ទះ​សម្បែង ព្រោះ​អី​អ្នក​ខ្លះ​ទិញ​ដី​អី​មួយ​គំនរ គឺ​កប់​លុយ កាលណា​វិបត្តិ​សេដ្ឋកិច្ច​គេ​នាំ​គ្នា​រអាល​គ្រប់​គ្នា លែង​សូវ​ទិញ អ៊ីចឹង​ទៅ​ត្រូវ​អ្នក​ខ្លះ​ជំពាក់​លុយ​ធនាគារ ឬ​ក៏​ជំពាក់​លុយ​បង​ប្អូន​ក៏​ចាប់ផ្ដើម​ជ្រួល​ច្របល់»

ចំណែក​លោក​បណ្ឌិត​សេដ្ឋកិច្ច កង ច័ន្ទតារារ័ត្ន ប្រធាន​វិទ្យាស្ថាន​កម្ពុជា​ដើម្បី​សិក្សា​ការអភិវឌ្ឍ បាន​មាន​ប្រសាសន៍​ថា បើ​វិបត្តិ​នោះ​នៅ​ត្រឹម​កម្រិត​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​នោះ​មិន​សូវ​ប៉ះពាល់​ជាមួយ​ប្រទេស​កម្ពុជា​ទេ តែ​នៅ​ពេល​វិបត្តិ​នោះ​បាន​ក្លាយ​ជា​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​នោះ​វា​ប៉ះពាល់​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​តិចតួច​ដូច​ជា​ប្រទេស​កម្ពុជា​មិន​ខាន ជា​ពិសេស​ប៉ះពាល់​លើ​វិស័យ​នានា​ដូច​ជា ខាង​វិនិយោគ ខាង​ទេសចរណ៏ ខាង​សំណង់ ខាង​ឧស្សាហកម្ម​កែច្នៃ​ជាដើម។

លោក​បណ្ឌិត កង ច័ន្ទតារារ័ត្ន ៖ «វា​មាន​ដំណាក់កាល​វា​ច្រើន។ មុន​ដំបូង​វិបត្តិ​ចេញ​ពី​ឥណទាន បន្ទាប់ពី​វិបត្តិ​ឥណទាន​វា​ចូល​ទៅ​ដល់​វិបត្តិ​ធនាគារ។ ធនាគារ​ទាំងឡាយ​ណា​ដែល​មាន​ឥណទាន​កំពុង​ជួប​វិបត្តិ។ នៅ​ពេល​ដែល​ចូល​ដល់​វិបត្តិ​ធនាគារ វា​បាន​ឈាន​ទៅ​ដល់​វិបត្តិ​ហិរញ្ញវត្ថុ មាន​ន័យ​ថា វិបត្តិ​ហិរញ្ញវត្ថុ​ទៅ​លើ​ដៃគូ​ណា​ដែល​រកស៊ី​នៅ​ក្នុង​ធនាគារ​ហ្នឹង។ បន្ទាប់មក​ពី​វិបត្តិ​ហិរញ្ញវត្ថុ​វា​ឈាន​ទៅ​ដល់​វិបត្តិ​សេដ្ឋកិច្ច តាម​រូបភាព​នៃ​ការអត់​ការងារ​ធ្វើ ការលក់​បាន​តិច​ជាង​មុន ការផលិត​បាន​តិច​ជាង​មុន ឬ​ក៏​រកស៊ី​ធ្លាក់​ថ្លៃ ឬ​ក៏​ភាគហ៊ុន​ធ្លាក់​ចុះ​ហ្នឹង គឺ​វិបត្តិ​សេដ្ឋកិច្ច។ នៅ​ពេល​ដល់​ដំណាក់កាល​វិបត្តិ​សេដ្ឋកិច្ច​ហ្នឹង​ហើយ​ដែល​ធ្វើ​ឲ្យ​វា​ឆ្លង​ដល់​ប្រទេស​កម្ពុជា​យើង ព្រោះ​ថា​នៅ​ក្នុង​ដំណាក់កាល​ដែល​វិបត្តិ​ធនាគារ​និង​វិបត្តិ​ហិរញ្ញវត្ថុ​ប្រទេស​យើង​អត់​ទាន់​ឆ្លង​ទេ អត់​ទាន់​មាន​ការលំបាក​ចេញ​ទៅ​ហ្នឹង​ទេ នៅ​ពេល​ដែល​វិបត្តិ​ទុន​ចូល រហូត​ដល់​វិបត្តិ​សេដ្ឋកិច្ច​ហ្នឹង​ហើយ យើង​បាន​ទទួល​នូវ​ការលំបាក​តាមរយៈ​ការថយចុះ​នៃ​ការនាំចេញ ការរីងស្ងួត​នៃ​វិស័យ​ខាង​ក្រៅ ការធ្លាក់​ចុះ​នៃ​វិស័យ​ទេសចរណ៍​ហ្នឹង ហ្នឹង​គឺ​យើង​ទទួល​ជា​លក្ខណៈ​វិបត្តិ​សេដ្ឋកិច្ច​តែម្ដង ដោយ​អត់​ឆ្លង​កាត់​វិបត្តិ​ឥណទាន វិបត្តិ​ធនាគារ ហើយ​និង​វិបត្តិ​ហិរញ្ញវត្ថុ​ដូច​ប្រទេស​គេ​ទេ»

លោក​បណ្ឌិត កង ច័ន្ទតារារ័ត្ន បាន​មាន​ប្រសាសន៍​ទៀត​ថា វិបត្តិ​នេះ​អាច​មាន​រយៈពេល​យូរ​ហើយ​ដើម្បី​ទប់ស្កាត់​វិបត្តិ​នេះ រដ្ឋាភិបាល​ត្រូវ​មាន​វិធានការ​មួយចំនួន​ដូច​ជា រក​ទីផ្សារ​លក់​ទំនិញ​ថ្មី​បន្ថែម បញ្ចុះ​ពន្ធ​លើ​ការនាំ​ទំនិញ​ចេញ និង​រដ្ឋាភិបាល​ត្រូវ​មាន​វិធានការ​រក្សា​ទីផ្សារ​កាងារ និង​រក្សា​ស្ថិរភាព​តម្លៃ​ជាដើម។

លោក​បណ្ឌិត កង ច័ន្ទតារារ័ត្ន បាន​បញ្ជាក់​ថា ៖ «យើង​កំពុងតែ​ជួប​ប្រទះ​សភាព​ការណ៍​ហ្នឹង​ហើយ យើង​អត់​អាច​បញ្ចៀស​បាន​ទេ គ្រាន់តែ​ថា​គឺ​ពឹង​ផ្អែក​ទៅ​លើ​ផ្នែក​ខាង​ក្រៅ​ទាំងអស់ ហើយ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន គឺ​គ្រាន់តែ​យើង​កាត់​បន្ថយ​គ្រោះថ្នាក់​ដែល​អាច​កើត​មាន​ឡើង​នៅ​ក្នុង​សេដ្ឋកិច្ច​យើង​នៅ​ថ្ងៃ​មុខ តាមរយៈ​ការបង្កើន​ចំណាយ​របស់​រាជ​រដ្ឋាភិបាល​ទៅ​លើ​គម្រោង​ធំៗ ជា​ពិសេស​ទាក់ទង​ទៅ​នឹង​កសិកម្ម ក៏​ដូច​ជា​កសិ​ឧស្សាហកម្ម ព្រោះ​ថា​នេះ​វា​មាន​ផល​ប្រយោជន៍​ពីរ គឺ​ទី​១ ដើម្បី​រក្សា​ស្ថិរភាព​នៃ​សេដ្ឋកិច្ច​តាមរយៈ​របៀប​រក្សា​ស្ថិរភាព​នៃ​តម្លៃ និង​រក្សា​ស្ថិរភាព​នៃ​ទីផ្សារ​ការងារ បង្ក​ឲ្យ​ប្រជាជន​មាន​ការងារ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ដែល​រក្សា​ចំណូល ហើយ​ក៏​ដូច​ជា​ទីផ្សារ​សម្រាប់​នៅ​ក្នុង​ស្រុក​ដែរ ខ្ញុំ​ឃើញ​មួយ​ហ្នឹង។ ហើយ​ទី​២ គឺ​នយោបាយ​ពាណិជ្ជកម្ម​របស់​យើង គឺ​យើង​អាច​រក​ច្រក​ទៅ​លើ​ទីផ្សារ​ផ្សេងៗ​ទៀត ក្រៅ​ពី​អាមេរិក ក៏​ដូច​ជា​យើង​បែងចែក​រំលែក​នៃ​ទិសដៅ​ផលិតផល​របស់​យើង​យក​ទៅ​លក់ ហើយ​ច្រើន​ពេក​ទៅ ប្រទេស​ខ្លះ​អាច​ស្រូប​យក​បាន​តិច គឺ​អាច​ជួយ​ឲ្យ​ប្រទេស​យើង​រួច​ខ្លួន​មួយ​អន្លើ»

លោក​បណ្ឌិត​សេដ្ឋកិច្ច​មួយ​រូប​ទៀត​នៅ​វិទ្យាស្ថាន​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​ដែរ​តែ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ការប៉ះពាល់​ចំពោះ​ប្រទេស​កម្ពុជា​នោះ​មាន​កម្រិត ជា​ពិសេស​កម្ពុជា​មិន​មាន​ផ្សារហ៊ុន ហើយ​ប្រាក់​នៅ​ក្នុង​ធនាគារ​របស់​ប្រទេស​កម្ពុជា​ប្រមាណ​២០០០​លាន​ដុល្លារ​នោះ​ជា​សាច់ប្រាក់​ក្នុង​ស្រុក ដូច្នេះ​កម្ពុជា​អាច​ប៉ះ​សំខាន់​ទាក់ទង​តែ​ជាមួយ​ការនាំ​ចេញ​ប៉ុណ្ណោះ។

លោក ជាតិ ខេមរា មន្រ្តី​នៃ​សមាគម​និយោជក​រោងចក្រ​កម្ពុជា​បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៩ វិច្ឆិកា ឲ្យ​ដឹង​ថា តាំងពី​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​មក ម្ចាស់​រោងចក្រ​មាន​ការព្រួយ​បារម្ភ​ហើយ​កន្លងមក​មាន​រោងចក្រ​កាត់ដេរ​ចំនួន​១១​ហើយ​ដែល​បាន​បិទ​ដោយសារ​ខ្វះ​ការបញ្ជា​ទិញ​និង​បញ្ហា​មួយចំនួន។

លោក ជាតិ ខេមរា បាន​មាន​ប្រសាសន៍​ថា ៖ «យើង​កំពុង​តែ​មាន​ការព្រួយ​បារម្ភ ព្រោះ​លទ្ធផល​ហ្នឹង បើសិន​ជា... វាខ្លាំង នៅ​ដើម​ឆ្នាំ​២០០៩​ហ្នឹង។ ធម្មតា​ទម្លាប់​បញ្ជា​ទិញ​យើង​ទទួល​នៅ​ខែ​វិច្ឆិកា ធ្នូ ទៅ​ដល់​ខែ​មេសា ហ្នឹង​ដើម​ឆ្នាំ ត្រូវ​បាន​ទទួល​ការបញ្ជា​ទិញ​ពី​ទីផ្សារ​អាមេរិក​មក។ ឥឡូវ​ហ្នឹង​ការបញ្ជា​ទិញ​ហ្នឹង​យើង​អត់​ទាន់​បាន​ទទួល​ព័ត៌មាន​ជាក់លាក់​ទេ រោងចក្រ​នីមួយៗ​ហាក់​ដូច​ជា​អត់​មាន​ការបញ្ជា​ទិញ​គ្រប់គ្រាន់ ហើយ​វា​មិន​ទាន់​ដឹង​ពេល​ណា​ផង អត់​ទាន់​ច្បាស់​ពិត​ប្រាកដ។ អ្នក​ខ្លះ​ដែល​មាន​ហើយ មាន​តិចតួច មាន​សឹង​មិន​ដល់​ខែ​៤​ផង»

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៩ វិច្ឆិកា នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​របស់​រដ្ឋមន្រ្តី​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​ចំនួន​៤៩​ប្រទេស​នៅ​ខែត្រ​សៀមរាប​ប្រទេស​កម្ពុជា ថា វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​នេះ​អាច​ប៉ះពាល់​ជាមួយ​ការនាំ​ចេញ​របស់​កម្ពុជា ប៉ះពាល់​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​បរទេស​ដែល​ខ្ចី​លុយ​ធនាគារ​មក​ប្រើ​នៅ​កម្ពុជា និង​ប៉ះពាល់​ដល់​ជំនួយ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ពហុ​ភាគី៕