Global Witness រិះ​គន់​អំពើ​ពុក​រលួយ​ក្នុង​ការ​បែង​ចែក​ដី​រាវ​រក​រ៉ែ​នៅ​កម្ពុជា

សេចក្តី​ថ្លែងការណ៍​ថ្មី​មួយ​ទៀត កាល​ពី​សប្តាហ៍​មុន​ពី​អង្គការ Global Witness អំពី​រឿង​ពុក​រលួយ​បក្ស​ពួក​និង​គ្រួសារ​និយម​ក្នុង​ការ​បែង​ចែក​ទឹក​ដី​រាវ​រ៉ែ​ធម្មជាតិ​ក្នុង​ប្រទេស​កម្ពុជា។

ការ​រិះ​គន់​នេះ​បាន​តម្រូវ​ឲ្យ​ឯក​អគ្គរាជ​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​អង់គ្លេស គឺ​លោក ហោ ណាំបូរ៉ា ឆ្លើយ​តប​វិញ​ដោយ​អំពាវនាវ​ឲ្យ​ក្រុម​អ្នក​ទ្រទ្រង់​សកម្មភាព​របស់​អង្គការ​នេះ កាត់​ផ្តាច់​ជំនួយ​ឈប់​ជួយ​ត​ទៅ​ទៀត ព្រោះ​លោក​ចោទ​ថា អង្គការ​នេះ​ធ្វើ​យុទ្ធនាការ​ឃោសនា​ក្នុង​បំណង​អាក្រក់​ប្រឆាំង​នឹង​រាជ​រដ្ឋាភិបាល​កម្ពុជា​សព្វ​ថ្ងៃ​នេះ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​៥ ខែ​ឧសភា អង្គការ Global Witness បាន​រិះគន់​បន្ទោស​ក្រុម​ប្រទេស​ផ្តល់​ជំនួយ​ដល់​កម្ពុជា មាន​សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិក ជប៉ុន ចិន ធនាគារ​ពិភពលោក​ជា​ដើម ថា បរាជ័យ​នៅ​ចំពោះ​មុខ​ភស្តុតាង​ដ៏​ច្រើន​រាប់​មិន​អស់​ស្តី​ពី​អំពើ​ពុករលួយ​ក្នុង​រាជ​រដ្ឋាភិបាល​និង​ការ​លួច​ទ្រព្យ​រដ្ឋ។

អ្នកស្រី Eleanor Nichol តំណាង​អង្គការ Global Witness នៅ​ក្រុង​ឡុងដ្រ៍ រាជា​ណាចក្រ​អង់គ្លេស​ថ្លែង​ថា អង្គការ​នេះ​បាន​ព្យាយាម​ជួប​តំណាង​ប្រទេស​និង​ស្ថាប័ន​ទាំង​អស់​នោះ​ដើម្បី​បង្ហាញ​ជូន​នូវ​អ្វី​ដែល​គេ​ស្រាវជ្រាវ​រក​ឃើញ​ជា​ភស្តុតាង​តែ​អ្នក​ខ្លះ​បដិសេធ​មិន​ព្រម​ជួប អ្នក​ខ្លះ​ថា គេ​មាន​ការ​យល់​ស្រប​តាម​ក្តី​បារម្ភ​របស់​អង្គការ​នេះ ប៉ុន្តែ​អ្នក​ទាំង​នោះ មិន​ហ៊ាន​សន្យា​ថា​នឹង​ចាត់​វិធានការ​បែប​ណា​មួយ បំបាត់​អំពើ​ពុក​រលួយ​នោះ​ទេ។

អ្នកស្រី​ថ្លែង​ថា ឥឡូវ​នេះ មាន​ភស្តុតាង​ពូន​ជា​គំនរ​ហើយ​ថា អំពើ​ពុក​រលួយ​នាំ​ឲ្យ​រាំង​ស្ទះ​កិច្ច​ប្រឹងប្រែង​អភិវឌ្ឍ​ជាតិ ហើយ​របាយការណ៍​ពី​អង្គការ​នេះ ក៏​បង្ហាញ​អំពី​អំពើ​ពុក​រលួយ​គ្រប់​ទិស​ទី​យ៉ាង​ច្បាស់ៗ​ដែរ។

របាយការណ៍​អង្គការ Global Witness ដែល​មាន​ចំណង​ជើង​ថា «កម្ពុជា​ប្រទេស​សម្រាប់​ដាក់​លក់» ពណ៌នា​លាត​ត្រដាង​អំពី​របៀប ដែល​មន្រ្តី​រាជ​រដ្ឋាភិបាល​ជាន់​ខ្ពស់​កំពុង​បែង​ចែក​សិទ្ធិ​គ្រប់​គ្រង​ធនធាន​ធម្មជាតិ​ឲ្យ​ខ្លួន​ឯង​កាន់​កាប់​ផ្ទាល់​និង​ឲ្យ​ក្រុម​គ្រួសារ​និង​បក្ស​ពួក​កាន់​កាប់​ដោយ​ឥត​ផ្តល់​ផល​ឬ​ផ្តល់​ផល​តិច​តួច​បំផុត​ដល់​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន៕