ចៅហ្វាយ​ខេត្ត​នៃ​ប្រទេស​GMS​ជួប​ជុំ​គ្នា​អំពី​រឿង​សេដ្ឋកិច្ច

2009-09-17

អភិបាល​ខេត្ត​មក​ពី​ប្រទេស​ចំនួន​៦​នៃ​មហា​អនុតំបន់​ទន្លេ​មេគង្គ (GMS) បាន​ជួប​ពិភាក្សា​គ្នា​នៅ​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ពុធ ទី​១៦ ខែ​កញ្ញា ដើម្បី​រក​វិធី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​គោលដៅ​អាទិភាព​៩​ចំណុច​ដើម្បី​ជំរុញ​កំណើន​របៀង​សេដ្ឋកិច្ច ដែល​ក្នុង​នោះ​រួម​មាន សម្រប​សម្រួល​ការ​នាំ​ទំនិញ​ឆ្លង​កាត់​ព្រំដែន ជំរុញ​វិស័យ​ទេសចរណ៍ គមនាគមន៍ និង​ធ្វើ​សមាហរណកម្ម​ទីផ្សារ​ជា​ដើម។

Photo: RFA

RFA/Huy Vannak

លោក សុខ ចិន្តា​សោភា ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា និង​ជា​ប្រធាន​នៃ​កិច្ច​ប្រជុំ​នោះ បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ឯ​ពិធី​នោះ​ថា ប្រទេស​ទាំង​៦​នៃ​មហា​អនុតំបន់​ទន្លេ​មេគង្គ ដែល​រួម​មាន​កម្ពុជា ចិន លាវ វៀតណាម ថៃ និង​ភូមា បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ស្តីពី​ពាណិជ្ជ​កម្ម​ឆ្លង​កាត់​ព្រំដែន​រួច​ហើយ ទាំង​ក្នុង​ក្រប​ខ័ណ្ឌ​ទ្វេ​ភាគី និង​ជា​ពហុ​ភាគី ប៉ុន្តែ​គេ​នៅ​មើល​ឃើញ​ថា ពាណិជ្ជកម្ម​ឆ្លង​កាត់​ព្រំដែន ជា​ពិសេស​បណ្តា​ខេត្ត​ជាប់​ព្រំដែន​នោះ គឺ​នៅ​មាន​ឧបសគ្គ​នៅ​ឡើយ។

លោក សុខ ចិន្ដា​សោភា ថ្លែង​យ៉ាង​ដូច្នេះ ៖ «កិច្ច​ព្រមព្រៀង​ហ្នឹង​ឈ្មោះ​ខ្លី​អ៊ីចឹង​ទេ ប៉ុន្តែ​មែនទែន​គ្រប​ដណ្ដប់​ពិធី​សារ និង​ឧបសម្ព័ន្ធ ២០​ឯ​ណោះ មួយ​និយាយ​ពី​ដឹក​ជញ្ជូន​មនុស្ស​ទៅ មួយ​ដឹក​ជញ្ជូន​ទំនិញ​ទៅ មួយ​របៀប​បើក​បរ​អី ។ល។ និង ។ល។ ទៅ។ ដូច្នេះ​និយាយ​ជារួម​ទៅ យើង​បាន​ចុះ​ហត្ថលេខា​ច្រើន ប៉ុន្តែ​ជាក់​ស្ដែង​យើង​ត្រូវ​ធ្វើការ​អនុវត្ត​ជាក់​ស្ដែង»

សូម​ជម្រាប​ថា សេចក្តី​រាយការណ៍​កន្លង​មក បាន​ឲ្យ​ដឹង​ថា ផល​ដំណាំ​កសិកម្ម​របស់​កសិករ​ខ្មែរ​នៅ​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ថៃ ដូច​ជា​ដំឡូង​មី​ជា​ដើម ត្រូវ​អាជ្ញាធរ​ថៃ រារាំង​មិន​ឲ្យ​នាំ​ចូល​យក​ទៅ​លក់​ក្នុង​ទីផ្សារ​ថៃ​នោះ​ឡើយ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ លោក សុខ ចិន្តា​សោភា ថ្លែង​រំពឹង​ថា វេទិកា​ជួប​គ្នា​រវាង​អភិបាល​ខេត្ត​នៃ​ប្រទេស​ទាំង​៦ ដែល​គាំទ្រ​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី នឹង​ជួយ​ធ្វើ​ឲ្យ​មន្ត្រី​ថ្នាក់​ខេត្ត​និង​ថ្នាក់​មូលដ្ឋាន​ឯ​ទៀត​ចូលរួម​ជួយ​ជំរុញ​កំណើន​របៀង​សេដ្ឋកិច្ច​នេះ ៖ «ស្អី​ទៅ​ដែល​គេ​ហៅ​ថា របៀង​សេដ្ឋកិច្ច? របៀង​សេដ្ឋកិច្ច គឺ​ផ្លូវ​ថ្នល់​នៅ​តែ​ផ្លូវ​ថ្នល់​អ៊ីចឹង ប៉ុន្តែ​អម​ហ្នឹង យើង​ត្រូវ​ទាមទារ​ឲ្យ​មាន​សាលា​រៀន មាន​មន្ទីរ​ពេទ្យ មាន​កសិដ្ឋាន មាន​រោងចក្រ នៅ​កន្លែង​ណា​មួយ​ទៀត មាន​ដាំ​ដើម​ស្វាយ​ទៅ មាន​ផ្សារ​មាន​អី ហ្នឹង​ហើយ​ដែល​យើង​ចង់​ឃើញ»

របាយការណ៍​ពី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​ឲ្យ​ដឹង​ថា កម្ពុជា​នាំ​ចេញ​ជា​សំខាន់​គឺ​ផលិត​ផល​កសិកម្ម មាន​ដូច​ជា គ្រាប់​ធញ្ញ​ជាតិ ថ្នាំ​ជក់ កៅស៊ូ ឈើ ស្បែក​សត្វ និង​សំណល់​សម្រាប់​កែ​ច្នៃ​ឡើង​វិញ។

របាយការណ៍​ដដែល​សរសេរ​ទៀត​ថា ពាណិជ្ជកម្ម​ឆ្លង​ដែន​រវាង​កម្ពុជា​-ថៃ និង​កម្ពុជា​-វៀតណាម គឺ​ក្នុង​ឆ្នាំ​២០០៩​នេះ ថៃ​នឹង​នាំចូល​ទំនិញ​មក​កម្ពុជា​ក្នុង​តម្លៃ​ប្រមាណ ១.៨០០​លាន​ដុល្លារ ហើយ​កម្ពុជា​នាំ​ទំនិញ​ចេញ​ទៅ​ថៃ​ក្នុង​តម្លៃ ប្រមាណ ២០០​លាន​ដុល្លារ​ប៉ុណ្ណោះ។ ចំណែក​ឯ​វៀតណាម​វិញ រំពឹង​ថា នឹង​នាំ​ទំនិញ​ចូល​មក​កម្ពុជា​ក្នុង​តម្លៃ ២.០០០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១០៕

ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

ក្រុមហ៊ុន​វៀតណាម​គ្រោង​មក​រាវ​រក​ប្រេងកាត​នៅ​ក្នុង​បឹង​ទន្លេសាប

WB៖ GDP​របស់​កម្ពុជា​ធ្លាក់ចុះ​-២%​ក្នុង​ឆ្នាំ​២០០៩

កម្ពុជា​-​ថៃ​គ្រោង​អនុញ្ញាត​ឲ្យ​ទេសចរ​ចេញ​ចូល​ដោយ​ពុំ​ចាំបាច់​មាន​ទិដ្ឋាការ

ក្រុមហ៊ុន​វៀតណាម​ស្នើសុំ​អាជ្ញាប័ណ្ណ​រក​ដី​សម្បទាន​កាន់តែ​ច្រើន​ឡើងៗ

អ្នក​ជំនាញ​និយាយ​ពី​ផល​ប៉ះពាល់​របស់​កម្ពុជា​ក្នុង​ពេល​មាន​វិបត្តិ​ពិភព​លោក

រោងចក្រ​៧៧​នៅ​កម្ពុជា​បិទ​ទ្វារ​ក្នុង​ដើម​ឆ្នាំ​នេះ​ដោយសារ​វិបត្តិ​ពិភពលោក

IMF៖ សេដ្ឋកិច្ច​កម្ពុជា​នឹង​ថយ​ចុះ​ច្រើន​ជាង​ការ​រំពឹង​ទុក

ស.រ.អា.​ផ្ដល់​ថវិកា​ជិត​៨​លាន​ដុល្លារ​ដើម្បី​ជំរុញ​ការ​លូត​លាស់​ផ្នែក​សេដ្ឋកិច្ច​នៅ​កម្ពុជា

កម្ពុជា​ចូល​ជា​សមាជិក​សមាគម​ប្រទេស​ផលិត​កៅស៊ូ​ធម្មជាតិ