ពលរដ្ឋ​ត្អូញត្អែរ​អំពី​បញ្ហា​ទំនិញ​ឡើង​ថ្លៃ​នៅ​ក្រោយ​ការបោះឆ្នោត

ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា បាន​រអ៊ូ​រទាំ​ពី​ទំនិញ​បន្ត​ឡើង​ថ្លៃ​ទៀត ក្រោយ​ថ្ងៃ​បោះឆ្នោត​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០០៨ ខុសពី​ការរំពឹង​ទុក មុន​បោះឆ្នោត។

0:00 / 0:00

ពលរដ្ឋ​ម្នាក់​មាន​ប្រសាសន៍​ត្អូញត្អែរ​ដូច្នេះ​ថា ៖ «បោះឆ្នោត​ហើយ លែង​និយាយ​សោះ ឡើង​ទៅ​ណា​ឡើង​ទៅ។ ប្រហុក​ឡើង​មួយ​គីឡូក្រាម ៨​ពាន់​រៀល មុន​បោះឆ្នោត​តែ ៧​ពាន់​ទេ ហើយ​រដ្ឋាភិបាល​អត់​មាន​បញ្ចុះ មាន​អី​ទេ។ អ្នកលក់​អ្នកដូរ​ឥឡូវ រអ៊ូ​រទាំ​គ្រប់​តែ​គ្នា ពិបាក​រស់នៅ ស្អី​ក៏​ឡើង​ៗ អ៊ីចេះ»

ការត្អូញត្អែរ​នេះ បាន​ធ្វើ​ឡើង ខណៈ​ដែល​ប្រជាជន​ជាច្រើន​បាន​រំពឹង​ថា ក្រោយ​បោះឆ្នោត​ទំនិញ​សព្វសារពើ​អាច​ចុះ​ថ្លៃ តាម​ការឃោសនា​សន្យា​បញ្ចុះ​តម្លៃ​ទំនិញ​របស់​គណបក្ស​នយោបាយ​មុន​បោះឆ្នោត។

អាជីវករ​លក់​គ្រឿង​សំអាង​នៅផ្សារ​ចោមចៅ រាជធានី​ភ្នំពេញ អ្នកស្រី គិម ញ៉ុល អះអាង​ថា ក្រោយ​បោះឆ្នោត ៤ ទៅ ៥​ថ្ងៃ​នេះ របរ​រកស៊ី​មិន​សូវ​ចំណេញ​ឡើយ។ អ្នកស្រី​ថា ប្រាក់​ចំណេញ បាន​យក​ទៅទិញ​គ្រឿង​សំអាង មក​លក់​បន្ថែម បែរ​ជា​ឡើង​ថ្លៃ ៣​ដុល្លារ​ក្នុង​១​កេស។ មិនតែ​ប៉ុណ្ណោះ ប្រាក់​រៀល​ឡើង​ថ្លៃ ឯ​ប្រាក់​ដុល្លារ​បាន​ធ្លាក់​ថ្លៃ ទើប​គាត់​ខាត។

អ្នកលក់ដូរ​នៅ​ផ្សារ​ចោមចៅ​ដែរ អ្នកស្រី លី ឃាង អះអាង​ថា ប្រេងឆា មីក្រៀម ទៀន ថ្នាំ​បាញ់​មូស បាន​ឡើង​ថ្លៃ នៅ​ក្រោយ​ការបោះឆ្នោត។ ឯ​ទឹកដោះ​គោ​ឆៅ បាន​ចុះ​ថ្លៃ​ទៅវិញ​។ រីឯ​អង្ករ ត្រី​ខ​កំប៉ុង ស្ករស​នៅ​តម្លៃ​ដដែល ៖ «មានតែ​ប្រេងឆា​ទេឡើង​ថ្លៃ​នោះ ១​ដប ១៨.០០០ ២​លីត្រ។ មុន​បោះឆ្នោត ៩ពាន់»

អ្នកលក់​មាស​នៅ​ផ្សារ​ចោមចៅ​ដែរ លោក ថូ បាន​អះអាង​ថា ហាង​ឆេង​មាស ប្រាក់ និង​ផ្លាទិន បាន​ឡើង​ថ្លៃ ក្រោយ​បោះឆ្នោត ៖ «បើ​និយាយ​ពី​តម្លៃ​មាស​វិញ កាល​មុន​បោះឆ្នោត វា​ចុះ​នៅ​សល់ ១០៧​ដុល្លារ ដល់​ពេល​បោះឆ្នោត​ហើយ ឡើង​ដល់ ១១៣​ដុល្លារ ក្នុង​មួយ​ជី»

ប្រជាជន​នៅ​ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល លោក កុយ ពេជ្ររស្មី បាន​អះអាង​ថា ក្រោយ​បោះឆ្នោត​ទំនិញ​ឡើង​ថ្លៃ តាម​តម្លៃ​សាំង។ លោក​ថា កាលមុន​បោះឆ្នោត ប្រេងសាំង ១​លីត្រ ថ្លៃ​តែ ៥.៨០០​រៀល ទៅ ៥.៨៥០​រៀល​ប៉ុណ្ណោះ។ ក្រោយ​បោះឆ្នោត ប្រេងសាំង​ឡើង​ថ្លៃ ៦.០០០​រៀល ក្នុង ១​លីត្រ ធ្វើ​ឲ្យ​តម្លៃ​ស្រាបៀរ ទឹក​ក្រូច មី​កញ្ចប់ អង្ករ សាច់ជ្រូក ម្ហូប​អាហារ ដទៃ​ទៀត ឡើង​ថ្លៃ​ស្រឺតៗ។

លោក កុយ ពេជ្ររស្មី មាន​ប្រសាសន៍​ថា ៖ «ឡើង​ក្រោយ​បោះឆ្នោត​ហ្នឹង... ពី​មុន​តែ ១​ម៉ឺន​ទេ ឥឡូវ​ឡើង ១​ម៉ឺន​៤ពាន់​ហើយ អន្ទង់។ អង្ករ​ឡើង ៣​ម៉ឺន​៧​ពាន់​មួយ​តៅ ស្មើ ១៥​គីឡូ។ មី​លើក​មុន​មួយ​កេស​តែ ២​ម៉ឺន​៤ពាន់​ទេ ឥឡូវ​ឡើង ២​ម៉ឺន​៥ពាន់ ២​ម៉ឺន​៦​ពាន់​ហើយ។ ឡើង​ទាំងអស់ ប៊ីយ៊ែរ​ក៏​ឡើង ស្អី​ក៏​ឡើង ឡើង​ទាំង​អស់ ឡើង​ពេល​បោះឆ្នោត​ហើយ​ហ្នឹង​តែ​ម្ដង»

ជំទប់​ទី​១ ឃុំ​ថ្មពួក ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ លោក ដា ឈៀន អះអាង​ថា ក្រោយ​បោះឆ្នោត ប្រេង​សាំង ប្រេង​ម៉ាស៊ូត បាន​ឡើង​ថ្លៃ ប្រៀប​ដូច​ទឹកជន់។ រីឯ​ជី​គីមី បាន​ឡើង​ថ្លៃ ខ្លាំង​ជាង​មុន ខណៈ​ប្រេង​សាំង ឡើង​ដល់ ៦.០០០​រៀល ក្នុង ១​លីត្រ និង​ប្រេង​ម៉ាស៊ូត ឡើង ៦.៣០០​រៀល។ លោក​ថា មុនបោះឆ្នោត ប្រេង​លក់ ត្រឹមតែ ៥.៤០០ ទៅ ៥.៥០០​រៀល​ប៉ុណ្ណោះ។

លោក ដា ឈៀន មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «បន្ទាប់​ពី​បោះឆ្នោត​រួច គឺ​ឡើង​ថ្លៃ​គ្រប់​ប្រភេទ មាន​ម៉ាស៊ូត និង​សាំង អត់​ឃើញ​មាន​ភាព​លំនឹង​ណា​មួយ​ទេ មាន​តែ​ឡើង​មួយ​ថ្ងៃ​បន្តិចៗ ប្រែប្រួល​រាល់​ថ្ងៃ មិន​មែន​ប្រែប្រួល​ចុះ​អី អានេះ​ប្រែប្រួល​ឡើង ប្រេង​ម៉ាស៊ូត មួយ​ថ្ងៃ​ឡើង ៣០០​រៀល។ សាំង​មួយ​ថ្ងៃ​ឡើង ៥០០​រៀល»

ស្រ្តី​មេផ្ទះ​នៅ​ខេត្ត​បន្ទាយមានជ័យ ឲ្យ​ដឹង​ថា ក្រោយ​ការបោះឆ្នោត ទំនិញ​សព្វ​សារពើ បាន​ឡើង​ថ្លៃ សូម្បី​តែ​បន្លែ​ស្រស់ៗ ដែល​ដាំ​ក្នុង​ស្រុក ក៏​ឡើង​ថ្លៃ​ដែរ ៖ «ត្រឡាច​អ៊ីចឹង កាល​មុន​តែ ៥០០​រៀល ឥឡូវ​ឡើង ៨០០​រៀល»

អ្នកស្រី ប៊ុន កៀង រស់នៅ​ផ្សារ​ក្រគរ ខេត្ត​ពោធិ៍សាត់ បាន​អះអាង​ថា ត្រី​ស្រស់ៗ នេសាទ​ពី​ក្នុង​បឹង​ទន្លេសាប មាន​ត្រី​កេស ត្រីរ៉ស់ ត្រីឆ្តោ បាន​ឡើង​ថ្លៃ ក្រោយ​បោះឆ្នោត ក្នុង​១​គីឡូ ២០០០​រៀល។ មិនតែ​ប៉ុណ្ណោះ គ្មាន​ត្រី​លក់​ទៀត​ផង។ ប៉ុន្តែ​ប្រហុក ត្រីងៀត ត្រីឆ្អើរ និង​បន្លែ អាហារ​ក្រៀម មិន​ទាន់​ឡើង​ថ្លៃ​ទេ។ រីឯ​ស្ករ​ត្នោត បាន​ឡើង​ថ្លៃ​និង​គ្មាន​ស្ករលក់ ទៀត​ផង។

អ្នកស្រី ប៊ុន កៀង មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «កាលពី​មុន​បោះឆ្នោត ត្រី​ល្អៗ មួយ​គីឡូក្រាម ១៨.០០០, ១៥.០០០។ ពេល​ដែល​បោះឆ្នោត​រួច​ហើយ​នេះ ត្រី​ល្អៗ វា​អាច​ឡើង​ដល់ ១៩.០០០ ទៅ ២​ម៉ឺន ហើយ​ត្រី​អត់ល្អ វា​អាច​ឡើង​ដល់ ១៥.០០០។ បើ​ស្ករ​ត្នោត​វិញ ឡើង​ថ្លៃ កាលពី​មិន​ទាន់​បោះឆ្នោត មួយ​គីឡូក្រាម ត្រឹមតែ ១.៤០០​រៀល ដល់​ពេល​ឥឡូវ​នេះ បោះឆ្នោត​ហើយ​ហ្នឹង ស្ករត្នោត ឡើង​ដល់​មួយ​គីឡូក្រាម ១.៦០០​ហើយ គ្មាន​ស្ករ​ទិញ​ទៀត។ ខោ​អាវ​ស្លៀកពាក់ ហើយ​និង​សៀវភៅ​កូន​សិស្ស​រៀន​អី ពេល​ដែល​បោះឆ្នោត​ហើយ មក​ទល់​ថ្ងៃ​នេះ ក៏​នៅ​តែ​ប៉ុណ្ណឹង​ដែរ ដូចជា​មិនទាន់​ឡើង មិន​ទាន់​ចុះ ប៉ុន្តែ​មាន​ទំនិញ​ខ្លះ កុម៉្មង់​យក​មក​លក់​មិន​បាន ដូច​ថា មាន​លុយ​ទិញ​ហើយ គ្មាន​របស់​លក់»

ប្រជាជន​នៅ​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ លោក ឌឿន អះអាង​ថា ធ្យូង​បាន​ឡើង​ថ្លៃ​បន្តិច ក្រោយ​ការបោះឆ្នោត។ លោក​ថា ទិញ​ធ្យូង​ដល់​ឡ ដុត​ធ្យូង​ក្នុង​ព្រៃ មុន​បោះឆ្នោត ១​គីឡូ ថ្លៃ ៣៨០​រៀល។ ក្រោយ​បោះឆ្នោត ធ្យូង​ឡើង​ថ្លៃ ៤០០​រៀល ក្នុង ១​គីឡូក្រាម។ ឯ​អ្នក​ដឹក​លក់​បន្ត ដល់​ផ្សារ​នានា​ក្នុង​ទីក្រុង ១​គីឡូ​លក់​ចេញ ១.២០០​រៀល ៖ «ឥឡូវ​ហ្នឹង ធ្យូង​វា​ឡើង​បន្តិច​ដែរ ព្រោះ​ប្រជាជន​យើង​អត់មាន​បាន​រកបាន​អី ហើយ​គេ​បិទ​ព្រៃ ឥឡូវ​ឡើង​ថ្លៃ​ដែរ ប៉ុន្តែ​គ្រាន់​បាន​ធ្យូង​តិចតួច»

ប្រជាជន​នៅ​ខេត្ត​តាកែវ ឲ្យ​ដឹង​ថា បន្លែ សាច់ជ្រូក សាច់គោ សត្វមាន់ បាន​ឡើង​ថ្លៃ ក្រោយ​បោះឆ្នោត ១​គីឡូក្រាម ១.០០០​រៀល ទៅ ២.០០០​រៀល។ ទន្ទឹម​នោះ ប្រេង​សាំង​និង​អង្ករ ក៏​ឡើង​ថ្លៃ​ដែរ ៖ «សាំង​ឡើង ៦​ពាន់​រៀល សាច់​ជ្រូក​ឡើង ១៥.០០០ សាច់​ជាប់​ខ្លាញ់ បើ​សាច់​សុទ្ធ ២​ម៉ឺន​ជាង។ ឡើង​គ្រប់មុខ​ទាំង​ពី​បន្លែ សណ្ដែក​គួ​មួយ​គីឡូ ៣​ពាន់ មុន​បោះឆ្នោត​តែ ១​ពាន់»

ប្រធាន​សមាគម​សេដ្ឋកិច្ច​កម្ពុជា លោក ចាន់ សុផល បាន​អះអាង​ថា ទំនិញ​បន្ត​ឡើង​ថ្លៃ ក្រោយ​បោះឆ្នោត វា​ជះ​ឥទ្ធិពល​មិន​ល្អ ដល់​ជីវភាព​ប្រជាជន​ទូទៅ ពិសេស​មន្រ្តី​រាជការ​ដែល​មាន​ចំណូល​ប្រចាំ​ថ្ងៃ តិចតួច ហើយ​គ្មាន​ដី​ដាំដុះ។ លោក​បន្ត​ថា ទំនិញ​ឡើង​ថ្លៃ អាច​ជា​កត្តា​រដូវកាល​ផង​និង​ជា​កត្តា ប្រេង​ប្រើប្រាស់ ជា​មធ្យោបាយ​ដឹក​ជញ្ជូន​ទំនិញ បន្ត​ឡើង​ថ្លៃ​ផង។

លោក ចាន់ សុផល មាន​ប្រសាសន៍​ថា ៖ «នៅ​ក្នុង​ស្រុក​យើង ការលក់​សាំង​ហ្នឹង ដូចជា ខ្វះ​ការប្រកួត​ប្រជែង អ៊ីចឹង​គេ​អាច​សហការ​គ្នា កំណត់​ថ្លៃ​ដូចគ្នា ជា​ការមួយ​លំបាក។ អ៊ីចឹង បើសិន​ជា​ថ្លៃ​អន្តរជាតិ​ចុះ ក្នុង​ស្រុក​យើង ប្រហែល​ជា មិន​ចុះ​ភ្លាម​ទេ ប្រហែល​ជា​ត្រូវការ​ប៉ុន្មាន​ថ្ងៃ ដោយសារ​គេ​ទិញ​យក​មក​វា​ថ្លៃ​ខ្ពស់ ទាល់​ទៅ​ទិញ​ថ្មី ទើប​អាច​លក់​ថ្លៃ​ថ្មី​បាន»

ជា​ញឹកញាប់ នាយក​រដ្ឋមន្រ្តី​ខ្មែរ ធ្លាប់​សន្យា​ថា ដឹកនាំ​រដ្ឋាភិបាល​ច្រើន​ឆ្នាំ​បន្ត​ទៀត ហើយ​សន្យា​ថា បញ្ចុះ​តម្លៃ​ទំនិញ​នានា និង​បង្កើន​ប្រាក់​ខែ មន្រ្តី​រាជការ​និង​កម្មករ ឲ្យ​ស្រប​ទៅ​តាម តម្លៃ​ទំនិញ ក្នុង​ប្រទេស​កម្ពុជា។ ក្រោយ​ការរាប់​សន្លឹក​ឆ្នោត គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​លោក ហ៊ុន សែន ឈរ​ជា​នាយក​រដ្ឋមន្រ្តី បាន​ឈ្នះឆ្នោត​ដាច់​គណបក្ស​ដទៃ​ទៀត លើស​លប់​ធ្វើ​ឲ្យ​ម្ចាស់​ឆ្នោត​រង់ចាំ​មើល ការសន្យា​របស់​ថ្នាក់​ដឹកនាំ​នោះ៕