សង្គម​ស៊ីវិល​គ្រោង​ដង្ហែ​ក្បួន​​ស្នើ​ឲ្យ​រដ្ឋាភិបាល​បញ្ចុះ​តម្លៃ​ទំនិញ

ក្រុម​អង្គការ​សង្គម​ស៊ីវិល​គ្រោង​នឹង​ហែ​ក្បួន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បញ្ចុះ​តម្លៃ​ទំនិញ ​តម្លៃ​ប្រេងសាំង នៅ​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១១​នេះ។

ប្រធាន​សហភាព​ជាតិ​កម្ពុជា​ការពារ​កម្មករ លោក សាត់ ឈាងហួ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៤ ខែ​សីហា ថា មាន​សហព័ន្ធ​​​សហជីព​ចំនួន ៦​ស្ថាប័ន គ្រោង​នឹង​ដឹកនាំ​សមាជិក​គាំទ្រ​ចំនួន ១.៥០០​នាក់ ដើរ​ដង្ហែ​ក្បួន​តាម​ដង​ផ្លូវ​មួយ​ចំនួន​ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​​ជំរុញ​​ឲ្យ​​រដ្ឋាភិបាល​កម្ពុជា បញ្ចុះ​តម្លៃ​ទំនិញ និង​តម្លៃ​ប្រេងសាំង​ដែល​កំពុង​​ឡើង​ថ្លៃ។

លោក សាត់ ឈាងហួ ឲ្យ​ដឹង​ថា ពិធី​ដង្ហែ​ក្បួន​នឹង​ទៅ​ប្រមូល​ផ្ដុំ​គ្នា​ទៅ​ទីលាន​ប្រជាធិបតេយ្យ បន្ទាប់​មក​អ្នក​ចូល​រួម​នឹង​ថ្លែង​អំពាវនាវ​ទៅ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល ៖ «ប្រជាពលរដ្ឋ ពិសេស​កម្មករ កម្មការិនី​នៅ​តាម​រោងចក្រ​មាន​ការ​ខ្វះខាត ប្រាក់​ខែ​តិច ហើយ​ម្ហូប​អាហារ​ចេះ​តែ​បន្ត​ឡើង​ថ្លៃ។ តម្លៃ​ឈ្នួល​ផ្ទះ តម្លៃ​ទឹក​ភ្លើង​ក៏​ឡើង​ថ្លៃ បាន​មក​គឺ​ផ្គត់ផ្គង់​មិន​គ្រប់។ ខ្ញុំ​រំពឹង​ថា រដ្ឋាភិបាល​នឹង​ជួយ​អន្តរាគមន៍ ពីព្រោះ​វា​ជា​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ទូទៅ​ទាំង​អស់ ទាំង​ប្រជាពលរដ្ឋ​ក្រីក្រ ទាំង​មន្ត្រី​រាជការ»

ទោះ​យ៉ាង​ណា​លោក​ឲ្យ​ដឹង​ថា មក​ដល់​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ខែ​សីហា មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ ចំពោះ​​​សេចក្ដី​ជូន​ដំណឹង​ចុះ​ថ្ងៃ​ទី​២៥ ខែ​កក្កដា របស់​សង្គម​ស៊ីវិល​ពី​គម្រោង​ដង្ហែ​ក្បួន​តាម​ផ្លូវ​​នៅ​ថ្ងៃ​អាទិត្យ ទី​៧​ ខែ​សីហា នៅ​ឡើយ​ទេ។ ប៉ុន្តែ​មេដឹកនាំ​​សហជីព​កម្មករ​ចំនួន ៦​ស្ថាប័ន បាន​អះអាង​ថា ពួកគេ​នឹង​ដឹកនាំ​ក្បួន​ដង្ហែ​តាម​ផ្លូវ​ទៅ​តាម​​​​ការ​គ្រោង​ទុក បើ​ទោះ​​អាជ្ញាធរ​បដិសេធ​សំណើ​របស់​ពួកគេ​ក្ដី។

បញ្ហា​តម្លៃ​ទំនិញ​ឡើង​ថ្លៃ មន្ត្រី​សមាជិក​សភា​មក​ពី​គណបក្ស​ប្រឆាំង​មួយ​ចំនួន​នៅ​កម្ពុជា ក៏​បាន​ជំរុញ​ទៅ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ឲ្យ​ធ្វើ​អន្តរាគមន៍​បញ្ចុះ​តម្លៃ​ទំនិញ​ដែល​ចេះ​តែ​បន្ត​ឡើង​ថ្លៃ​ខ្ពស់​នៅ​លើ​ទីផ្សារ​កម្ពុជា នេះ​ដែរ។

​លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​​រដ្ឋាភិបាល​ហាក់​គ្មាន​ឆន្ទៈ​​​បញ្ចុះ​​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ក្រីក្រ មន្ត្រី​រាជការ និង​កម្មករ កម្មការិនី​ដែល​មាន​ប្រាក់​ចំណូល​ប្រចាំ​ខែ​​តិច​តួច​នោះ​ទេ។

ចំណែក​លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​គួរ​មាន​វិធានការ​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ទប់​ស្កាត់​​តម្លៃ​ទំនិញ​​កំពុង​បន្ត​ឡើង​ថ្លៃ​ខ្ពស់​នៅ​លើ​ទីផ្សារ​កម្ពុជា ដោយ​មិន​ត្រូវ​គេច​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ប្រជាពលរដ្ឋ​​ខ្មែរ​​ក្រីក្រ​នោះ​ទេ។

លោក កឹម សុខា បន្ថែម ៖ «បញ្ហា​សព្វថ្ងៃ​នេះ​គឺ​បញ្ហា​ទំនិញ​ឡើង​ថ្លៃ​ដែល​រដ្ឋាភិបាល​មិន​មាន​សមត្ថភាព​ក្នុង​ការ​ទប់ស្កាត់។ ដូច្នេះ​ប្រជាពលរដ្ឋ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​គេ​មាន​សិទ្ធិ​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​របស់​គេ។ ការ​ទាមទារ​នេះ​គឺ​ជា​សិទ្ធិ​ស្រប​ច្បាប់​ទៅ​តាម​រដ្ឋធម្មនុញ្ញ»

កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា អង្គការ​សង្គម​ស៊ីវិល​ចំនួន ៦​ស្ថាប័ន បាន​ដាក់​លិខិត​ជូន​ដំណឹង​ទៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ស្នើ​សុំ​​ដង្ហែ​ក្បួន​តាម​ដង​ផ្លូវ​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា អន្តរាគមន៍​បញ្ចុះ​តម្លៃ​ម្ហូប​អាហារ និង​តម្លៃ​ទំនិញ​គ្រប់​ប្រភេទ ជា​ពិសេស​បញ្ចុះ​តម្លៃ​ប្រេង​សាំង។

បន្ថែម​លើ​នេះ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក៏​បាន​ដាក់​លិខិត​មួយ​ច្បាប់​ជូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ដើម្បី​ជួយ​អន្តរាគមន៍​បញ្ចុះ​តម្លៃ​ប្រេង​សាំង តម្លៃ​ម្ហូប​អាហារ និង​តម្លៃ​ទំនិញ​គ្រប់​ប្រភេទ​​នៅ​លើ​ទីផ្សារ​កម្ពុជា ផង​ដែរ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ មិន​មាន​ការ​ឆ្លើយ​តប ឬ​ការ​អន្តរាគមន៍​ណា​មួយ​ពី​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល ឬ​ស្ថាប័ន​ពាក់ព័ន្ធ​នោះ​ទេ៕