ស្ថានភាព​តម្លៃ​ទំនិញ​តាម​បណ្តា​ខេត្ត​ក្រុង​មួយ​ចំនួន

តម្លៃ​ទំនិញ​ក្នុង​ប្រទេស​កម្ពុជា​តាម​បណ្តា​ខេត្ត​ក្រុង​ខ្លះ ត្រូវ​បាន​អាជីវករ​និង​អ្នក​ប្រើប្រាស់​អះអាង​ថា បាន​ឡើង​ថ្លៃ​នៅ​ថ្ងៃ​នេះ​ចំពោះ​តម្លៃ​ប្រេងម៉ាហ្សូត​និង​ប្រេងកាត រីឯ​តម្លៃ​ម្ហូបអាហារ និង​ប្រេងសាំង​នៅ​ថេរ ។

0:00 / 0:00

អាជីវករ​លក់​អង្ករ​នៅ​ក្រុង​ភ្នំពេញ​អះអាង​ថា តម្លៃ​អង្ករ​នៅ​ថេរ​ពី​ដើម​សប្តាហ៍​មកដល់​ថ្ងៃ​សុក្រ ទី​២ ខែ​ឧសភា ។ អង្ករ​លេខ​១ លក់​រាយ​១​គីឡូក្រាម ៤០០០​រៀល រីឯ​លក់ដុំ​វិញ ៥០​គីឡូក្រាម​ថ្លៃ ៤៥​ដុល្លារ​អាមេរិក ។

អង្ករ​លេខ​២ ៥០​គីឡូក្រាមថ្លៃ ៣៦​ដុល្លារ​អាមេរិក រីឯ​អង្ករ​លេខ​៣ ៥០​គីឡូក្រាម​ថ្លៃ ៣០​ដុល្លារ​អាមេរិក ។ ដោយឡែក​តម្លៃ​ប្រេង​ម៉ាហ្សូត​នៅ​ថ្ងៃ​ទី​២ ខែ​ឧសភា តម្លៃ​ក្នុង​១​លីត្រ ៤៨០០​រៀល បាន​ឡើង​ថ្លៃ ២៥០​រៀល បើ​ប្រៀបធៀប​តម្លៃ​ចុង​ខែ​មេសា ។

ចំណែក​អាជីវករ​ទទួល​លក់​អំបិល​អ៊ីយ៉ូត​នៅ​ក្រុង​ភ្នំពេញ អ្នកស្រី​អះអាង​ថា​អំបិល​ឡើង​ថ្លៃ ៖ «ខ្ញុំ​ទិញ​អំបិល​គ្រាប់ ២៥០០០ ៥០​គីឡូ បើ​យក​អា​ខ្វះ ១០០​យួរ វា​៧០​ម៉ឺន ហើយ​អា​គ្រប់ ១​លាន​៥ម៉ឺន ។ ១​យួរ​វា ១០៥០០ ១០​គីឡូ»

រីឯ​មូលហេតុ​នាំ​ឲ្យ​អំបិល​បាន​ឡើង​ថ្លៃ​ជាង​ឆ្នាំ​២០០៧ អាជីវករ​លក់​អំបិល​នៅ​ក្រុង​ភ្នំពេញ បាន​អះអាង​ថា​សមាគម​ផលិត​អំបិល​នៅ​ខេត្ត​កំពត បាន​ដំឡើង​ថ្លៃ​ដោយ​មាន​ច្បាប់​រកស៊ី​ផ្តាច់មុខ​ផង ផលិត​អំបិល​មិន​បាន​ផង​ដោយ​ភ្លៀង​ខុស​រដូវ និង​ឈ្មួញ​វៀតណាម​ចូល​មក​ទិញ​អំបិល​ច្រើន​ផង ។

ចំណែក​អ្នក​ទិញ​ម្ហូប​អាហារ​ប្រចាំ​ថ្ងៃ​នៅ​ខេត្ត​មណ្ឌលគិរី កញ្ញា សុម៉ាលី ជនជាតិ​ព្នង បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ក្រោយ​ចូល​ឆ្នាំ​ខ្មែរ សាច់គោ​និង​សាច់ជ្រូក​បាន​ឡើង​ថ្លៃ​ដល់ ២៥០០០​រៀល​ក្នុង​១​គីឡូក្រាម ។ នៅ​មុន​ចូល​ឆ្នាំ​ខ្មែរ គេ​លក់​តែ ២​ម៉ឺន​រៀល​ប៉ុណ្ណោះ រីឯ​បន្លែ​នៅ​តម្លៃ​ថេរ ៖ «ឡើង​ខ្លាំង​ហ្នឹង​គឺ​ចូល​ឆ្នាំ​ហើយ ស្រាប់តែ​សាច់​ជ្រូក​ឡើង​ថ្លៃ សាច់​គោ​ឡើង​ថ្លៃ ។ ពេល​មុន​ចូល​ឆ្នាំ ពេល​ថ្ងៃ​ចូល​ឆ្នាំ​ហ្នឹង សាច់​គោ​នៅ ១​គីឡូ ២​ម៉ឺន​អី​ទេ»

ស្រ្តី​រស់នៅ​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង អះអាង​ថា​ប្រេងកាត​ឡើង​ថ្លៃ ៥០០០​រៀល​ក្នុង​១​លីត្រ ៖ «វា​ថ្លៃ​ហួសហេតុ​ពេក ដូច​សាំង​ឥឡូវ ១​លីត្រ ៥២០០ ឥឡូវ​វា​ចុះ​មក​នៅ​ត្រឹម ៥០០០​គត់ ។ បែរ​ជា​ប្រេងកាត​វិញ ១​លីត្រ​ឡើង ៥០០០​ហើយ»

ចំណែក​អ្នក​លក់​សាច់​គោ​សាច់​ជ្រូក​និង​អង្ករ​នៅ​ក្នុង​ផ្សារ​ពោធិ៍សាត់ និង​ផ្សារ​ក្រគ បាន​ឲ្យ​ដឹង​ថា​តម្លៃ​លក់​គ្រឿង​អាហារ​បរិភោគ​ក្នុង​សប្តាហ៍​នេះ​និង​សប្តាហ៍​មុន​នៅថេរ ដូច​ជា​សាច់​គោ ១​គីឡូក្រាម ១​ម៉ឺន​៨​ពាន់​រៀល ឯ​សាច់​ជ្រូក ១​ម៉ឺន​៧​ពាន់​រៀល ត្រី​កន្ធ ១​គីឡូក្រាម ១៥០០០​រៀល ប្រហុក​សាច់ ១​គីឡូក្រាម ២​ម៉ឺន​៥​ពាន់​រៀល ត្រីឆ្តោរ​គ្មាន​ឆ្អឹង ១​គីឡូក្រាម​ថ្លៃ ៣​ម៉ឺន​រៀល ។ រីឯ​អង្ករ​លក់​នៅ​ផ្សារ​ក្រគរ អង្ករ​លេខ​១ ១​គីឡូក្រាម​ថ្លៃ ៣០០០​រៀល អង្ករ​លេខ​២​ថ្លៃ ២៦០០​រៀល អង្ករ​លេខ​៣​ថ្លៃ ២២០០​រៀល ។

អាជីវករ​ព្រំដែន​ខ្មែរ​ថៃ ខេត្ត​បន្ទាយមានជ័យ ឲ្យ​ដឹង​ថា​អង្ករ​បាន​ឡើង​ថ្លៃ​បន្តិច ចំពោះ​អង្ករ​ប្រភេទ​លេខ​៣ ឈ្មោះ​លលក​ចឹក លក់​ចេញ ៥០​គីឡូក្រាម​ថ្លៃ ១០០០​បាត ហើយ​កាលពី​អាទិត្យ​មុន ៥០​គីឡូក្រាម​លក់​តែ ៨០០​បាត ។ រីឯ​អង្ករ​លេខ​១​ពូជ​ផ្កា​ម្លិះ​និង​ពូជ​សុម៉ាលី បាន​ចុះ​ថ្លៃ​ទៅវិញ​ពី ១២០០​បាត មក​ត្រឹម ១១០០​បាត ។ គាត់​ថា​ការ​ចុះ​តម្លៃ​អង្ករ​លេខ​១ មកពី​ការ​ប្រមូល​ទិញ​ស្រូវ​ថោក​ជាង​មុន​បន្តិច ៕