តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ បានកាត់ប្រគល់ប្រាសាទព្រះវិហារទៅឲ្យកម្ពុជានៅឆ្នាំ១៩៦២។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Google នៅតែពណ៌នាថា តំបន់ក្បែរប្រាសាទព្រះវិហារជាតំបន់ជម្លោះ ដោយសារជម្លោះរវាងកម្ពុជា និងថៃ ចំពោះដីតំបន់ក្បែរប្រាសាទ។ រដ្ឋាភិបាលកម្ពុជាបានតវ៉ាប្រឆាំងនឹងក្រុមហ៊ុន Google កាលពីខែកុម្ភៈ ដោយសារក្រុមហ៊ុននេះបានដាក់ប្រាសាទព្រះវិហារចូលក្នុងព្រំដែនថៃ។
ក្រុមហ៊ុនអ៊ីនធឺណិតដ៏ធំដែលមានទីតាំងនៅសហរដ្ឋអាមេរិក ឈ្មោះ Google បានប្រកាសកាលពីថ្ងៃ២៦ កក្កដា ថា ក្រុមហ៊ុននេះបានសម្រេចយកសាលក្រមតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ឆ្នាំ១៩៦២ ដើម្បីកំណត់ជាផ្លូវការចំពោះទីតាំងរបស់ប្រាសាទព្រះវិហារក្នុងផែនទីរបស់ខ្លួន គឺស្ថិតនៅភូមិសាស្ត្រនៃទឹកដីកម្ពុជា។
ការសម្រេចនេះធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាកាលពីខែកុម្ភៈ បានតវ៉ាទៅក្រុមហ៊ុនអ៊ីនធឺណិត Google ចំពោះការដាក់ទីតាំងប្រាសាទព្រះវិហារកម្ពុជាឲ្យឋិតក្នុងព្រំដែនដីថៃ។ សេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុន Google កាលពីថ្ងៃច័ន្ទ ទី២៦ កក្កដា បានឲ្យដឹងថា ក្នុងខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីផលិតផែនទីថ្មី និងត្រឹមត្រូវបំផុត។ ក្រុមហ៊ុនបានធ្វើការកែប្រែទិន្នន័យព្រំដែននៅក្នុង Google Earth និងផែនទីរបស់ខ្លួន ដោយផ្នែកទៅតាមទិន្នន័យអាជ្ញាធរផ្សេងៗ ហើយការធ្វើបច្ចុប្បន្នភាពនេះផ្អែកទៅលើសាលក្រមតុលាការយុត្តិធម៌អន្តរជាតិ នៅឆ្នាំ១៩៦២ ប៉ុន្តែក្រុមហ៊ុននៅតែគូសបញ្ជាក់ក្នុងផែនទីរបស់ខ្លួនថា តំបន់ក្បែរប្រាសាទព្រះវិហារជាតំបន់មានជម្លោះ។
កាលពីខែកុម្ភៈ កម្ពុជាបានចោទប្រកាន់ក្រុមហ៊ុន Google ថាជាក្រុមហ៊ុនគ្មានភាពទទួលខុសត្រូវ ហើយទាមទារឲ្យក្រុមហ៊ុននេះដកផែនទីរបស់ខ្លួនចេញពីគេហទំព័រ Google Earth ដោយសារក្រុមហ៊ុននេះបានដាក់ទីតាំងប្រាសាទព្រះវិហារនៅក្នុងព្រំដែនថៃ។
អ្នកនាំពាក្យរបស់ក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានឲ្យវិទ្យុអាស៊ីសេរីដឹងនៅថ្ងៃពុធ ទី២៨ កក្កដានេះ ថា លោកសូមស្វាគមន៍ចំពោះការកែតម្រូវនេះ។ ប៉ុន្តែលោកនៅតែសម្ដែងការមិនពេញចិត្តចំពោះក្រុមហ៊ុន Google ដែលបញ្ជាក់ក្នុងផែនទីរបស់ខ្លួនថា តំបន់ក្បែរប្រាសាទព្រះវិហារជាតំបន់ជម្លោះ។ លោកថា ការកែតម្រូវរបស់ Google Earth នេះ ជាភស្តុតាងបន្ថែមទៀតសម្រាប់បញ្ជាក់ថា ភាគីថៃថា ប្រាសាទព្រះវិហារជាកម្មសិទ្ធិស្របច្បាប់របស់កម្ពុជា។ លោកថា តំបន់ក្បែរប្រាសាទព្រះវិហារមិនមែនជាតំបន់ជម្លោះទេ តំបន់ទាំងនោះជាទឹកដីរបស់កម្ពុជា។
ក្រុមហ៊ុន Google ដែលមានទីតាំងនៅរដ្ឋ California បានប្រកាសកាលពីសប្ដាហ៍មុនថា ក្រុមហ៊ុនបានធ្វើបច្ចុប្បន្នភាពផែនទីចំនួន ៦០ប្រទេស។ បច្ចុប្បន្នក្រុមហ៊ុននេះបានដាក់ទីតាំងប្រាសាទព្រះវិហារក្នុងទឹកដីកម្ពុជាវិញហើយ៕
