មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានអះអាងថា ចាងហ្វាងកាសែតខ្មែរម្ចាស់ស្រុក លោក ហង្ស ចក្រា នឹងត្រូវដោះលែងឲ្យមានសេរីភាពនាពេលឆាប់ៗនេះ នៅមុនថ្ងៃចូលឆ្នាំខ្មែរ ដោយសារមានការយល់ព្រមពីប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន និងដើមបណ្ដឹង គឺលោក សុខ អាន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាមន្ត្រីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃសុក្រកន្លងមកនេះ ថា លោក ហង្ស ចក្រា នឹងមានសេរីភាពក្នុងពេលឆាប់ៗនេះ។
លោក ខៀវ កាញារីទ្ធ បានថ្លែងថា ៖ «ឯកឧត្ដម សុខ អាន បានធ្វើទាំងអស់ហ្នឹងហើយ។ ជាធម្មតា កាលណាគេប្រកាសលើកលែងអ៊ីចឹង គេប្រកាសនៅមុនចូលឆ្នាំខ្មែរ»។
លោក ហង្ស ចក្រា ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឲ្យជាប់គុករយៈពេល ១២ខែ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០០៩កន្លងទៅ ក្រោមបទបរិហារកេរ្តិ៍ និងបទផ្សាយព័ត៌មានមិនពិត ដោយសារតែលោកបានចេញផ្សាយអត្ថបទព័ត៌មានមួយចំនួន កាលពីខែមេសា និងខែឧសភា ឆ្នាំ២០០៩ ចោទប្រកាន់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបំបែកសំបុកមន្ត្រីអាក្រក់ និងមន្ត្រីពុករលួយនៅជុំវិញលោក សុខ អាន។
ការផ្សាយនេះហើយបានញាំងឲ្យលោកឧបនាយករដ្ឋមន្ត្រី សុខ អាន ដាក់ពាក្យបណ្ដឹង ជាមួយនឹងការបដិសេធថា ជាការផ្សាយព័ត៌មានមិនពិត។
គេនៅមិនទាន់បានកំណត់កាលបរិច្ឆេទឲ្យបានច្បាស់លាស់នៅឡើយទេ អំពីការដោះលែងឲ្យមានសេរីភាពនៅមុនពេលចូលឆ្នាំខ្មែរនោះ។
លោក ទិត សុធា ទីប្រឹក្សារបស់រដ្ឋាភិបាលកម្ពុជា និងជាអ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា គម្រោងការដោះលែងនោះបានយល់ព្រមពីប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន និងដើមបណ្ដឹង លោក សុខ អាន ប្រទានការលើកលែងទោសដោយព្រះមហាក្សត្រ។
លោក ទិត សុធា បានបញ្ជាក់ថា ៖ «គឺមកដល់ពេលហ្នឹង លោក ហង្ស ចក្រា បានទទួលទោសចំនួន ២ ភាគ ៣ រួចហើយ ហើយលោកក៏បានសរសេរលិខិតជាផ្លូវការមួយ ដោយដៃរបស់លោក ដោយមានការសុំទោសមកឯកឧត្ដមឧបផងដែរ ថា ការរិះគន់របស់លោកកន្លងមកនេះ គឺជាការនិយាយមិនពិត និយាយភូតភរ កុហក ហើយក៏បានសារភាពនូវកំហុសរបស់លោកផងដែរ»។
គម្រោងការដោះលែងខាងមុខនេះត្រូវបានសាទរ និងស្វាគមន៍ដោយសហសេវិក និងសកម្មជនការពារសិទ្ធិមនុស្សនៅក្នុងស្រុក។
លោក ជុំ សុផល ចាងហ្វាងស្ដីទីនៃកាសែត ខ្មែរម្ចាស់ស្រុក និងជានិពន្ធនាយកនៃកាសែតនេះ បានមានប្រសាសន៍ថា ៖ «ខ្ញុំសប្បាយរីករាយ និងអបអរសាទរ និងនឹករឭកគាត់មែនទែន!»។
សុខ សេរី ៖ អ៊ីចឹងលោករំពឹងថា លោកនឹងបានធ្វើការងារជាមួយគាត់នាពេលឆាប់តៗនេះ? ជុំ សុផល ៖ បាទ! នៅពេលដែលបានចេញមកវិញ គាត់នឹងចូលមកធ្វើការងារវិញភ្លាម។
ជាមួយគ្នានេះ លោក អំ សំអាត ប្រធានក្រុមស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល លីកាដូ បានមានប្រសាសន៍ថា ៖ «ក្រសួងមហាផ្ទៃបានបញ្ជូនលិខិតទៅដល់កូនស្រីរបស់លោក ហង្ស ចក្រា ដើម្បីយកទៅដាក់នៅសាលាដំបូង រាជធានីភ្នំពេញ អំពីការលើកលែងទោសឲ្យលោក ហង្ស ចក្រា នៅពេលមុនចូលឆ្នាំហ្នឹង។ ជាដំណឹងល្អមួយសម្រាប់លោក ហង្ស ចក្រា ក៏ដូចជាភ្លើងសញ្ញាមួយនៃការយោគយល់សម្រាប់អ្នកសារព័ត៌មាន»។
បច្ចុប្បន្នមានអ្នកកាសែតចំនួន ២នាក់ហើយកំពុងតែជាប់ឃុំខ្លួននៅក្នុងគុកព្រៃស គឺលោក ហង្ស ចក្រា ចាងហ្វាងកាសែត ខ្មែរម្ចាស់ស្រុក ត្រូវបានតុលាការរាជធានីភ្នំពេញ កាត់ទោសឲ្យជាប់គុក ១២ខែ និងលោក រស់ សុឃិត ត្រូវបានតុលាការដដែលកាត់ទោសឲ្យជាប់គុក ២ឆ្នាំ ក្រោមបណ្ដឹងបរិហារកេរ្តិ៍ និងផ្សាយព័ត៌មានមិនពិត៕