នាយករងបេឡាជាតិរបបសន្តិសុខសង្គមក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុំ សោភ័ណ មានប្រសាសន៍ថា របបគ្រោះថ្នាក់ការងារនិងជំងឺវិជ្ជាជីវៈមិនត្រូវបានយកមកអនុវត្តក្នុងប្រទេសកម្ពុជាកន្លងមកទេ។ ដោយមូលហេតុនេះកម្មករកាត់ដេរ កម្មករសំណង់ដែលមានគ្រោះថ្នាក់នាំឲ្យបាត់បង់សមត្ថភាពការងារ ថៅកែមិនបានគិតគូរជាប្រាក់កាសដល់គ្នាឡើយ។ ដោយហេតុនេះចាប់ពីខែវិច្ឆិកា ឆ្នាំ២០០៨ តទៅ ក្រសួងបានកំណត់ឲ្យថៅកែរោចក្របង់ប្រាក់០,៨% នៃចំនួនប្រាក់ខែសរុបកម្មករម្នាក់សម្រាប់យកទៅបង់ថ្លៃព្យាបាលគ្រោះថ្នាក់និងជំងឺវិជ្ជាជីវៈរបស់កម្មករពេលបំពេញការងារ ដូចជាគ្រោះថ្នាក់ចរាចរណ៍ឬធ្វើការងារហួសម៉ោង សន្លប់ ឬពុលសន្លប់ជាដើម។
លោកថា ប្រាក់០,៨%នៃប្រាក់ខែសរុបរបស់កម្មករនេះថៅកែរោងចក្រមិនត្រូវកាត់យកពីប្រាក់ខែកម្មករយកមកបង់ឲ្យបេឡាជាតិ របបសន្តិសុខសង្គម ហៅកាត់ថា ប.ស.ស. ទេ។
លោក ស៊ុំ សោភ័ណ បានឲ្យដឹងថា ៖ «ជាកាតព្វកិច្ចរបស់និយោកជកផ្ទាល់ ដែលបង់វិភាគទានសម្រាប់ហានិភ័យការងារនេះ ០,៨% នៃប្រាក់ខែសរុបរបស់កម្មករ។ យើងនឹងចុះកិច្ចសន្យាជាមួយមន្ទីរពេទ្យនៅពេលដែលកម្មករ និយោកជិកយើង ទទួលរងហានិភ័យការងារដើម្បីបន្តព្យាបាលគាត់តាមគោលការណ៍ច្បាប់»។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ឲ្យដឹងថា គ្រោះថ្នាក់ការងារក៏ដូចជាជំងឺវិជ្ជាជីវៈបានកើតឡើងច្រើនទៅលើកម្មករ ហើយកម្មករជាច្រើនបានឈប់ពីការងារដោយឈឺឬគ្រោះថ្នាក់បាត់បង់សមត្ថភាពការងារ ពួកគេមិនដែលបានទទួលផលប្រយោជន៍ពីក្រុមហ៊ុនឬរោងចក្រឡើយ ប៉ុន្តែរដ្ឋបង្កើតជាបេឡាជាតិរបបសន្តិសុខសង្គម ហៅកាត់ថា ប.ស.ស.នេះ អាចជួយកម្មករឲ្យទទួលនូវប្រាក់កម្រៃព្យាបាលកម្រៃចិញ្ចឹមខ្លួនពិការកម្រៃចិញ្ចឹមកូនចៅកម្រៃពេលចូលនិវត្តន៍។
លោក អាត់ ធន់ បានមានប្រសាសន៍ថា ៖ «បើបេឡាជាតិនេះចាប់ធ្វើបានន័យថា គាត់ចាប់ផ្ដើមបាននូវគុណសម្បត្តិ និងលាភសក្ការៈពីបេឡាជាតិ នៅពេលដែលគាត់ឈឺ នៅពេលដែលគាត់បាត់បង់សមត្ថភាពនៅពេលដែលគាត់គ្រោះថ្នាក់ការងារនៅពេលដែលគាត់មានធ្វើអ៊ីចឹងជាដើម»។
លោក ស៊ុំ សោភណ្ឌ នាយករងប.ស.ស.ឲ្យដឹងថា ក្រសួងអនុវត្តសាកល្បងតែជំហានទី១ គឺរបបគ្រោះថ្នាក់ការងារនិងជម្ងឺវិជ្ជាជីវៈសិន តែទៅលើកម្មកររោងចក្រកាត់ដេរ នៅឆ្នាំក្រោយៗទៀត ទើបអនុវត្តជំហានទី២ មានរបបថែទាំសុខភាព និងទី៣របបសោធនិវត្តន៍។ លោកថាក្រសួងទទួលបានច្បាប់របបសន្តិសុខសង្គម ឆ្នាំ២០០២ នៃច្បាប់ការងារ ហើយប.ស.ស.ទើបបង្កើតនៅឆ្នាំ២០០៧។
សូមជម្រាបថា បច្ចុប្បន្នកម្មករកំពុងបម្រើក្នុងរោងចក្រកាត់ដេរនៅទូទាំងប្រទេសកម្ពុជាមានប្រមាណ៣សែននាក់៕
