ក្នុងឱកាសទិវាពលកម្មអន្តរជាតិ ១ ឧសភា ថ្មីៗនេះ សមាគមដែលតាំងខ្លួនជាអ្នកការពារសិទ្ធិនិងផលប្រយោជន៍របស់កម្មករតូចតាច ដូចជាអ្នករត់ម៉ូតូឌុប រត់ទុកទុក អ្នកបរកាណូតទេសចរណ៍ អ្នករត់តាក់ស៊ី និងកម្មករអូសរទេះឆ្លងដែននៅតាមច្រកព្រំដែនជាដើម បានចេញសេចក្តីថ្លែងការណ៍អំពាវនាវដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយដល់កម្មករតូចតាចក្រៅប្រព័ន្ធទាំងនោះចំនួន៨ចំណុចដែលបើសិនជាអង្គភាពរដ្ឋនានាបំពេញតួនាទីរបស់ខ្លួនប្រកបដោយភាពសុចរិតយុត្តិធម៌ សមាគមនេះច្បាស់ជាពុំមានហេតុផលអ្វីនឹងទៅរំខានប្រមុខរាជរដ្ឋាភិបាលឡើយ។
លោក វន់ ពៅ ប្រធានសមាគមកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធមានប្រសាសន៍ថា កម្មករអូសរទេះឆ្លងដែននៅតំបន់ប៉ោយប៉ែតជារឿយៗតែងតែត្រូវរំខានដោយមន្ត្រីគយនិងនគរបាលអន្តោប្រវេសន៍ ដូចជាកំណត់ឲ្យទិញសំបុត្រចូលផ្សារថៃច្រើនដងក្នុងមួយថ្ងៃ កំណត់ពន្ធគយតាមអំពើចិត្តនិងជួនកាលប្រើអំពើហិង្សាមកលើកម្មករទៀតផង។
រីឯអាជីវករលក់ដូរតាមចិញ្ចើមផ្លូវពេលយប់ក៏តែងតែទទួលការរំខានពីក្រុមមន្រ្តីសណ្តាប់ធ្នាប់ដែលចោទថាធ្វើឲ្យខូចសណ្តាប់ធ្នាប់សាធារណៈ ប៉ុន្តែម្ចាស់ហាងធំដែលមានខ្លះប្រើប្រាស់ចិញ្ចើមថ្នល់ដោយសេរីទាំងថ្ងៃទាំងយប់ រហូតដល់ពេលខ្លះបណ្តាលឲ្យស្ទះចរាចរណ៍ទៀតផង តែមិនឃើញក្រុមសណ្តាប់ធ្នាប់ណាមួយចេញមុខថាខូចសណ្តាប់ធ្នាប់ហើយផាកពិន័យពួកគេឡើយ។
លោក វន់ ពៅ បានថ្លែងលើចំណុចផ្សេងៗក្នុងសេចក្តីថ្លែងការណ៍ដូច្នេះ ៖ «នៅក្នុងឱកាសទិវា ១ ឧសភា ទិវាពលកម្មអន្តរជាតិនេះ ក្នុងនាមសមាគមន៍ប្រជាធិបតេយ្យឯករាជសេដ្ឋកិច្ចក្រៅប្រព័ន្ធយើងបានដាក់សំណើមួយចំនួនទៅរដ្ឋាភិបាលដើម្បីឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ទៅលើកម្មករក្រៅប្រព័ន្ធ មានដូចជាអ្នករត់ម៉ូតូឌុប អ្នករត់ម៉ូតូកង់បី រ៉ឺម៉កទេសចរណ៍ ដែលយើងហៅថា ទុកទុក អ្នកអូសរទេះចេញចូលផ្សារថៃនៅព្រំដែនកម្ពុជាថៃ និងកម្មករមួយចំនួនទៀតនៅខេត្តសៀមរាប សូមឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ទៅលើពួកគាត់ផង ហើយយើងសុំឲ្យរដ្ឋាភិបាលមេត្តាបញ្ឈប់ការទារពន្ធក្នុងច្បាប់ពីអាជ្ញាធរគយនៅច្រកព្រំដែនខ្មែរកម្ពុជាថៃ។ ហើយចំណុចមួយទៀតសូមឲ្យរដ្ឋាភិបាលមេត្តាបញ្ឈប់ជាបន្ទាន់នូវប៉ូលិសខិលខូចមួយចំនួនដែលតែងតែធ្វើបាបមកដល់អ្នករត់ម៉ូតូឌុប ក៏ដូចជាអ្នករត់រ៉ឺម៉កមួយចំនួនដែលគាត់តែងតែផាកពិន័យស្របទៅតាមច្បាប់កំណត់»។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានបន្តទាមទារសុំអន្តរាគមន៍ពីរាជរដ្ឋាភិបាលដូចតទៅ ៖ «សូមឲ្យរដ្ឋាភិបាលមេត្តាឈប់រើសអើងជាមួយអ្នករត់រ៉ឺម៉កទុកទុកនៅតាមផ្សារមួយចំនួន ពីព្រោះយើងដឹងហើយថា នៅតាមផ្សារមួយចំនួនរថយន្តគេចតបាន ចំណែកឯអ្នករ៉ឺម៉កទេសចរណ៍ ទុកទុកហ្នឹង ត្រូវប៉ូលិសដេញទារលុយពីកន្លែងមួយទៅកន្លែងមួយ។ ចំណុចមួយទៀតសូមឲ្យរដ្ឋាភិបាលឈប់រំខានការលក់ដូរនៅតាមដងផ្លូវចំពោះអាជីវករលក់ដូរពេលយប់ដែលតែងតែគាត់មកយាយីទារលុយកាក់។ នេះជាចំណុចដែលសំណូមពររបស់យើងខ្ញុំ។ ហើយចំណុចពិសេសមួយទៀតសូមឲ្យរដ្ឋាភិបាលពិនិត្យមើលប៉ូលិសមួយចំនួនដែលតែងតែទារភាគរយ កាលណាយើងមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ទារភាគរយពេលយើងសម្រួលរួចហើយហ្នឹង នេះជាចំណុចចម្បងដែលយើងទាមទារទៅរដ្ឋាភិបាលសុំឲ្យយកចិត្តទុកដាក់មកលើកម្មករក្រៅប្រព័ន្ធ»៕
