រដ្ឋាភិបាល​ស្នើសុំ​ឲ្យ​ស.រ.អា.​បើក​ការិយាល័យ DEA នៅ​កម្ពុជា

មន្ត្រី​រដ្ឋាភិបាល​បាន​ថ្លែង​នៅ​ថ្ងៃ​អង្គារ ទី​៥ សីហា ថា រដ្ឋាភិបាល​បាន​ស្នើសុំ​ឲ្យ​សហរដ្ឋ​អាមេរិក (ស.រ.អា.) បើក​ការិយាល័យ​ភ្នាក់ងារ​ពង្រឹង​ការបង្ក្រាប​គ្រឿង​ញៀន (DEA) នៅ​ក្នុង​ប្រទេស​កម្ពុជា ។

អគ្គ​លេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿងញៀន លោក លួ រ៉ាមីន បាន​មាន​ប្រសាសន៍​ថា​រដ្ឋាភិបាល​ធ្លាប់​បាន​ស្នើសុំ​ឲ្យ​មាន​ការបង្កើត​ការិយាល័យ DEA នេះ តាំងពី​ជំនួប​រវាង​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន លោក ស ខេង ជា​ឧប​នាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ជាមួយ​នឹង​អតីត​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក លោក Charles A. Ray និង​តំណាង DEA នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​មក​ម៉្លេះ ។

លោក លួ រ៉ាមីន បាន​ឲ្យ​ដឹង​ថា ៖ «ខ្ញុំ​បាន​រំឭក​គាត់​ថា ឥឡូវ​នៅ​ស្ថានទូត​អាមេរិក​បច្ចុប្បន្ន​នេះ​គឺ​មាន​ការិយាល័យ​របស់ FBI របស់​ស្ថាប័ន​ផ្សេងៗ​ហើយ ។ ហើយ​ស្ថានទូត កញ្ញា ចេនីហ្វ័រ​ហ្នឹង ក៏​បាន​និយាយ​ជាមួយ​ខ្ញុំ​ផ្ទាល់​ដែរ ថា​បើសិន​ជា​នេះ​ស្ថានទូត​ក៏​មាន​កន្លែង​សម្រាប់​ផ្ដល់​ឲ្យ DEA បើសិន DEA សម្រេច​ថា​បើក​ការិយាល័យ​នៅ​ភ្នំពេញ ប៉ុន្តែ​ទាំងអស់​ហ្នឹង​គឺ​ការរង់ចាំ​ការសម្រេច​ពី DEA នៅ​អាមេរិក»

អគ្គ​លេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន លោក លួ រ៉ាមីន បាន​មាន​ប្រសាសន៍​ថា​ការបង្កើត​ការិយាល័យ DEA នៅ​កម្ពុជា នឹង​ផ្ដល់​ផល​ប្រយោជន៍​ដល់​ប្រទេស​ទាំង​ពីរ ។

មន្ត្រី​អ្នក​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា លោក John Johnson បាន​ថ្លែង​បញ្ជាក់​ថា​ស្ថានទូត​នៅ​មិន​ទាន់​បាន​ទទួល​លិខិត​ជា​ផ្លូវការ​ណា​មួយ​ពី​រដ្ឋាភិបាល​ខ្មែរ​សុំ​ឲ្យ​មាន​ការបើក​ការិយាល័យ DEA នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ ។

លោក John Johnson បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ការិយាល័យ DEA របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​ទីក្រុង​បាងកក ប្រទេស​ថៃ ក៏​បាន​កំពុងតែ​សហការ​ជាមួយ​នឹង​រដ្ឋាភិបាល​ខ្មែរ​ផងដែរ ។

លោក John Johnson បាន​មាន​ប្រសាសន៍​ថា ៖ "ខ្ញុំ​គិត​ថា​ចាំបាច់​ត្រូវ​មាន​ការស្នើសុំ​ជា​ផ្លូវការ​ជា​មុន​សិន ។ បើ​មិន​ទាន់​មាន​ការស្នើសុំ​ជា​ផ្លូវការ​ណា​មួយ​​នោះ​ទេ ខ្ញុំ​ក៏​មិន​អាច​អត្ថាធិប្បាយ​ថា​តើ​សហរដ្ឋ​អាមេរិក​នឹង​បើក​ការិយាល័យ​នោះ ឬ​អត់​នោះ​ទេ ។ យើង​មាន​ការិយល័យ DEA ប្រចាំ​តំបន់​មួយ​នៅ​ទីក្រុង​បាងកក ហើយ​ការិយាល័យ​នោះ​តែងតែ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​នឹង​រដ្ឋាភិបាល​ខ្មែរ និង​មន្ត្រី​សហការី​ជា​ច្រើន​តាំង​ពី​ដើម​រៀង​មក" ។

បច្ចុប្បន្ន DEA មាន​ការិយាល័យ​របស់​ខ្លួន​នៅ​ឯ​ក្រៅ​ប្រទេស​ចំនួន ៨៦​ការិយាល័យ ក្នុង ៦២​ប្រទេស​ ដែល​ក្នុង​នោះ​សហរដ្ឋ​អាមេរិក​ក៏​បាន​បង្កើត​ការិយាល័យ DEA នៅ​ក្នុង​ប្រទេស​ថៃ លាវ និង​វៀតណាម​ផងដែរ ។

ភ្នាក់ងារ​ពង្រឹង​ការបង្ក្រាប​គ្រឿងញៀន (DEA) ក៏​បាន​ផ្ដល់​ទឹក​ប្រាក់​៥​ម៉ឺន​ដុល្លារ​សម្រាប់​សកម្មភាព​បំផ្លាញ​សារធាតុ​ដែល​អាច​ផលិត​ជា​គ្រឿង​ញៀន​ចំនួន​៤​តោន ដែល​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ ២០០៧ កន្លង​ទៅ​នេះ ។

គួរ​ជម្រាប​ផងដែរ​ថា​សហរដ្ឋ​អាមេរិក​ក៏​ទើបតែ​នឹង​បាន​បង្កើត​ការិយាល័យ​ស៊ើបអង្កេត​របស់​ខ្លួន ហៅកាត់ថា FBI កាលពី​ថ្ងៃ​ទី​៣១ មករា ឆ្នាំ ២០០៨ ដែល​មាន​ឈ្មោះ​ជា​ផ្លូវការ​ថា ការិយាល័យ​អនុព័ន្ធ​ច្បាប់ ហើយ​មាន​ទីតាំង​ស្ថិត​ក្នុង​ស្ថានទូត​សហរដ្ឋ​អាមេរិក​នា​ទីក្រុង​ភ្នំពេញ ៕