ក្នុងគម្រោងទឹកប្រាក់កម្ចីពីធនាគារអភិវឌ្ឍន៍ជប៉ុនចំនួន ៨០លានដុល្លារអាមេរិក រដ្ឋាភិបាលកម្ពុជា កំពុងរៀបចំសាងសង់តំបន់សេដ្ឋកិច្ចពិសេសនៅជាប់កំពង់ផែស្វយ័តខេត្តព្រះសីហនុតែម្តង និងពង្រីកកំពង់ផែឲ្យធំជាងសព្វថ្ងៃបន្ថែមទៀត ដើម្បីទាក់ទាញវិនិយោគិនបរទេស។
ប្រធានកំពង់ផែស្វយ័តខេត្តព្រះសីហនុមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃច័ន្ទ ទី១១ មករា ថា គម្រោងសាងសង់តំបន់សេដ្ឋកិច្ចឲ្យហើយរួចរាល់នៅពាក់កណ្តាលឆ្នាំ២០១១។
លោកបញ្ជាក់ថា តំបន់សេដ្ឋកិច្ចនេះមិនត្រឹមតែបានទាក់ទាញវិនិយោគិនតែប៉ុណ្ណោះទេ ក៏ប៉ុន្តែវាអាចជួយកាត់បន្ថយថ្លៃដឹកជញ្ជូនទំនិញនាំចេញនាំចូលរវាងក្រុងភ្នំពេញនិងខេត្តព្រះសីហនុបានច្រើនទៀតផង។
លោក លូ គឹមឈុន បញ្ជាក់បន្ថែមអំពីផលប្រយោជន៍នៃតំបន់សេដ្ឋកិច្ចនេះថា ៖ «ឥឡូវហ្នឹងយើងកំពុងរៀបចំតំបន់សេដ្ឋកិច្ចពិសេសនៅពីក្រោយកំពង់ផែ។ យើងអាចទាក់ទាញវិនិយោគិនមកវិនិយោគ ព្រោះវាចំណេញ ព្រោះវាងាយស្រួលវានៅជាប់ផែតែម្តង ទី១។ ទី២ យើងនឹងចាប់ផ្តើមសាងសង់ផែពហុបំណងសម្រាប់ទី១ ការផ្គត់ផ្គង់ប្រេងនៅកណ្តាលសមុទ្រ ទី២ សម្រាប់នាំផលិតផលកសិកម្មយើងចេញ»។
កំពង់ផែសមុទ្រខេត្តព្រះសីហនុសព្វថ្ងៃមានបណ្តោយប្រវែង ១.៣៣០ម៉ែត្រ បើប្រៀបទៅកំពង់ផែនៅក្នុងតំបន់ នៅតូចជាងគេណាស់។ កំពង់ផែនេះនឹងត្រូវពង្រីកប្រវែង ៣០០ម៉ែត្របន្ថែមទៀតក្នុងជម្រៅទឹក ៧ម៉ែត្រកន្លះដើម្បីឲ្យកប៉ាល់ធំៗចូលបានដូចកំពង់ផែប្រទេសវៀតណាម និងថៃដែរ។
លោកប្រធានកំពង់ផែបានឲ្យដឹងដែរថា ល្បឿនលើកដាក់ទំនិញកុងតឺន័រកំពង់ផែនេះសព្វថ្ងៃក៏នៅយឺតជាងប្រទេសក្នុងតំបន់ ជាពិសេសយឺតជាងកំពង់ផែនៅប្រទេសវៀតណាម ដែលជាដៃគូប្រកួតប្រជែងជិតខាងសំខាន់។ តែល្បឿនលើកដាក់ទំនិញនឹងលឿនដូចគេដូចគេឯងបន្ទាប់ពីបានពង្រីកហើយ។
គម្រោងសាងសង់តំបន់សេដ្ឋកិច្ចពិសេស និងគម្រោងពង្រីកកំពង់ផែស្វយ័តខេត្តព្រះសីហនុនេះ ត្រូវបានក្រុមហ៊ុនដឹកជញ្ជូននានាអបអរសាទរ។
ប្រធានក្រុមហ៊ុនសូងួន ដែលជាក្រុមហ៊ុនដឹកជញ្ជូនធំជាងគេនៅប្រទេសកម្ពុជាដែលគ្របដណ្តប់ទីផ្សារចំនួនជិត ៥០%នោះ មានប្រសាសន៍ថា ៖ «អាហ្នឹងល្អ! គាត់ធ្វើអ៊ីចឹងដើម្បីប្រកួតប្រជែងដូចខ្ញុំលើកឡើងអ៊ីចឹងណា! ព្រោះឥឡូវហ្នឹងកំពង់ផែមានបី កំពង់ផែភ្នំពេញសម្រាប់ចេញទៅតាមវៀតណាម។ ព្រោះខ្ញុំ... ឡាន! ខ្ញុំដឹកទៅផែខាងណាក៏បាន។ ព្រោះខ្ញុំបែងចែកជាបី ផែសីហនុផង ផែភ្នំពេញផង ផែហូជីមិញផង»។
លោកបន្ថែមថា ក្រុមហ៊ុនដឹកជញ្ជូនជាច្រើនដែលកំពុងតែសម្រុកដឹកជញ្ជូនទំនិញទៅតាមច្រកកំពង់ផែវៀតណាមនឹងត្រឡប់មកច្រកកំពង់ផែខេត្តព្រះសីហនុវិញ បើសិនជាកំពង់ផែនេះបម្រើសេវាកម្មល្អដូចផែវៀតណាម៕
