រដ្ឋាភិបាល​និង​សង្គម​ស៊ីវិល​នឹង​បន្ត​ប្តឹង​ទាមទារ​ឲ្យ​ថៃ​សង​ពលរដ្ឋ​ខ្មែរ

រដ្ឋាភិបាល​កម្ពុជា​និង​សង្គម​ស៊ីវិល​បាន​គ្រោង​ថា នឹង​បន្ត​ប្តឹង​ទាមទារ​ឲ្យ​ប្រទេស​ថៃ​សង​ដល់​ជន​ស៊ីវិល​ខ្មែរ​ដែល​ថៃ​បាន​បង្ក​ឲ្យ​កើត​វិនាសកម្ម​មក​លើ​ប្រជាជន​និង​ផ្សារ​នៅ​ក្រោម​ប្រាសាទ​ព្រះវិហារ​កាលពី​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០០៩​កន្លង​ទៅ។

0:00 / 0:00

ប្រធាន​អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ​និង​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃ​នេះ​បាន​ថ្លែង​ចោទ​ប្រកាន់​ថា ប្រទេស​ថៃ​បាន​ប្រើ​នយោបាយ​ឧក្រិដ្ឋ​សង្រ្គាម​មក​លើ​ជន​ស៊ីវិល​ខ្មែរ។ រដ្ឋាភិបាល​ថៃ​ត្រូវតែ​សង​តាម​ពាក្យ​ប្តឹង​របស់​សង្គម​ស៊ិវិល​និង​រដ្ឋាភិបាល​កម្ពុជា។

ប្រធាន​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក សុក សំអឿន មាន​ប្រសាសន៍​អំពី​ការរំលោភ​អធិបតេយ្យភាព​ខ្មែរ​ពី​សំណាក់​ប្រទេស​ថៃ​ដូច្នេះ ៖ «កន្លែង​ហ្នឹង​គឺ​ជា​ទីផ្សារ​ដែល​ថៃ​ដឹង​ច្បាស់​ថា​ជា​កន្លែង​ដែល​ប្រជាពលរដ្ឋ​ស៊ីវិល​រស់នៅ រឿង​ហេតុ​អី​បាន​ជា​កងទ័ព​ថៃ​នៅតែ​ប្រើ​កម្លាំង​អាវុធ​បំផ្លាញ​របៀប​ហ្នឹង»

ប្រធាន​អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ លោក មឿង សុន បន្ថែម​ថា ពួក​គេ​នឹង​ប្តឹង​បន្ត​ទៅ​អង្គការ​សហប្រជាជាតិ ប្រសិន​បើ​ថៃ​នៅតែ​មិន​ព្រម​ទទួល​សង​នូវ​ជំងឺ​ចិត្ត​ជន​ស៊ីវិល​ខ្មែរ​និង​មិន​ទទួល​ស្គាល់​អំពើ​ឈ្លានពាន​របស់​ខ្លួន​មក​លើ​ខ្មែរ។

លោក មឿង សុន បាន​បញ្ជាក់​ថា ៖ «ស្នើ​ទៅ​អង្គការ​សហប្រជាជាតិ​ដើម្បី​ឲ្យ​មាន​គណៈកម្មការ​អន្តរជាតិ​មួយ​ចុះ​មក​ពិនិត្យ​ដល់​ទី​កន្លែង»

ការទាមទារ​នេះ​បាន​ធ្វើ​ឡើង​នៅ​គ្រា​ដែល​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ថៃ លោក ថារិទ្ធិ ឆារ៉ុងវ៉ាត់ បាន​ត្រូវ​ដក​ស្រង់​សម្ដី​ដោយ​កាសែត​មួយ​ឈ្មោះ The Nation កាលពី​ថ្ងៃ​ទី​១២ ឧសភា ថា ផ្សារ​នៅ​មុខ​ជណ្តើរ​ប្រាសាទ​ព្រះវិហារ​ដែល​រង​ការឆេះ​ក្នុង​ការប្រយុទ្ធ​នា​ថ្ងៃ​ទី​៣ ខែ​មេសា​នោះ ថា​ជា​ទឹក​ដី​របស់​ថៃ ហើយ​ថៃ​មិន​ទទួល​ខុស​ត្រូវ​ក្នុង​ការសង​នោះ​ទេ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក កុយ គួង ថ្លែង​ថា ការបដិសេធ​របស់​ថៃ​នោះ​មក​ពី​ថៃ​មិន​ចេះ​មើល​ផែនទី​ដែល​សៀម​បាន​ទទួល​ស្គាល់​ឆ្នាំ​១៩០៤ និង ១៩០៧ និង​សៀម​ព្រម​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា MOU ឆ្នាំ​២០០០។

លោក​បន្ត​ថា ថៃ​បាន​ចាញ់​ក្តី​នៅ​ឆ្នាំ​១៩៦២ ដែល​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ​បាន​កាត់​ក្តី​ឲ្យ​ប្រទេស​ខ្មែរ​បាន​ឈ្នះ​ក្តី​ក្នុង​រឿង​ជម្លោះ​ប្រាសាទ​ព្រះវិហារ​រវាង​ខ្មែរ​និង​សៀម​នោះ។

លោក កុយ គួង បាន​មាន​ប្រសាសន៍​ថា ៖ «សេចក្ដី​សម្រេច​ហ្នឹង​បាន​សម្រេច​ថា ទី​១ ប្រាសាទ​ព្រះវិហារ​គឺ​ជា​របស់​កម្ពុជា ទី​២ តំបន់​ដែល​ជុំវិញ​ជាប់​ប្រាសាទ​ព្រះវិហារ​ហ្នឹង ហើយ​ទាមទារ​ឲ្យ​ថៃ​ដក​កងទ័ព​ចេញ​ឲ្យ​ផុត​ពី​តំបន់​នោះ ហើយ​ទី​៣ សេចក្ដី​សម្រេច​ហ្នឹង​បាន​សម្រេច​ឲ្យ​ថៃ​ប្រគល់​វត្ថុ​បុរាណ​ទាំងឡាយ​ដែល​ថៃ​បាន​យក​ចេញ​ពី​ប្រាសាទ​ហ្នឹង​ឲ្យ​បញ្ចូល​ត្រឡប់​មក​វិញ។ ដូច្នេះ​បើ​ទៅ​លើ​ផ្លូវ​ច្បាប់​ទាំង​ពីរ​ចំណុច​នោះ​គឺ​ថា​ទឹកដី​ហ្នឹង​គឺជា​ទឹក​ដី​របស់​កម្ពុជា​ពេញលេញ​តាម​ផ្លូវ​ច្បាប់​ទាំង​ស្រុង។ ហើយ​ចំពោះ​ការចោទ​ប្រកាន់​របស់​ភាគី​ថៃ​ដែល​ថា​ទឹក​ដី​ជា​របស់​ខ្លួន​នោះ​មាន​ន័យ​ថា ភាគី​ថៃ​មិន​បាន​ពិនិត្យ​មើល​ឡើង​វិញ​អំពី​សេចក្ដី​សម្រេច​របស់​តុលាការ​ទីក្រុង​ឡាអេ ក៏​ដូច​ជា​មិន​ចេះ​មើល​ផែនទី»

ជាមួយ​គ្នា​នេះ​ដែរ អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បញ្ជាក់​ថា ការច្រាន​ចោល​មិន​ទទួល​ខុសត្រូវ​ចំពោះ​ការបំផ្លិច​បំផ្លាញ​នោះ​ជា​ទង្វើ​មិន​គោរព​សិទ្ធិ​ប្រទេស​ដទៃ។

លោក​ថា សូម្បី​តែ​កុបកម្ម​ព្រំដែន​រវាង​កម្មករ​ខ្មែរ​និង​ប្រជាជន​ថៃ ប្រទេស​កម្ពុជា​បាន​ទទួល​ខុស​ត្រូវ​ចំពោះ​រឿង​នោះ៕