ក្រសួង​កសិកម្ម​គ្រោង​នឹង​ជំរុញ​ការផលិត​ស្រូវ​ក្នុង​ឆ្នាំ​២០០៩​នេះ

មន្រ្តី​ជំនាញ​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រម៉ាញ់​និង​នេសាទ បាន​អះអាង​ថា ក្រសួង​កសិកម្ម​នឹង​មាន​ផែនការ​ជំរុញ​ឲ្យ​កសិករ​ខែ្មរ​នៅ​ទូទាំង​ប្រទេស​ធ្វើ​កសិកម្ម​ដើម្បី​ផលិត​ស្រូវ​រដូវ​វស្សា​នៅ​ក្នុង​ឆ្នាំ​២០០៩​នេះ​ឲ្យ​បាន​ចំនួន​រវាង​ពី​៦​លាន​តោន​ទៅ​៧​លាន​តោន​នៅ​លើ​ផៃ្ទ​ដី​កសិកម្ម​ដាំ​ដុះ​ចំនួន​សរុប​ជាង​២​លាន​ហិកតារ។

0:00 / 0:00

មន្រ្តី​នៃ​ការិយាល័យ​បចេ្ចកទេស​និង​ផែនការ​ស្ថិតិ​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រម៉ាញ់​និង​នេសាទ សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ៖ «សម្រាប់​ស្រូវ​រដូវ​វស្សា​យើង​គ្រាន់តែ​គ្រោង​ទុក​ជា​បណ្ដោះ​អាសន្ន​២​លាន​(ហិកតារ)​ជាង។ សង្ឃឹមថា​បាន​៦​លាន​តោន​ជាង ថា​ប្រហាក់​ប្រហែល​នឹង​៧​លាន​តោន»

លោកស្រី​បន្ថែម​ទៀត​ថា ស្រប​ពេល​នេះ​ដែរ​ក្រសួង​កសិកម្ម​មាន​ផែនការ​ឲ្យ​កសិករ​ខែ្មរ​ធ្វើ​ស្រូវ​រដូវ​ប្រាំង​នៅ​ក្រោយ​រដូវ​វស្សា​ខាង​មុខ​នេះ​ចំនួន​ជាង​៣​ម៉ឺន​ហិកតារ។

លោក ឡឹង ម៉ៅ ជា​ប្រជាពលរដ្ឋ​ខែ្មរ​រស់នៅ​ក្នុង​ភូមិ​ស្វាយព្រៃ ឃុំ​សណ្តែក ស្រុក​បាធាយ ខេត្ត​កំពង់ចាម បាន​ថែ្លង​ថា កសិករ​អាច​ផលិត​ស្រូវ​បាន​តាម​ផែនការ​ទៅ​បាន​លុះត្រា​តែ​ជី​មាន​តម្លៃ​ថោក​និង​មាន​ប្រព័ន្ធ​ធារាសាស្រ្ត​ល្អ​ដោយ​មិន​ពឹង​ផ្អែក​តែ​លើ​ទឹក​ភ្លៀង​ទាំង​ស្រុង។

លោក ឡឹង ម៉ៅ បាន​ឲ្យ​ដឹង​ថា ៖ «កសិករ​វា​ពិបា​កនូវ​ការភ្លៀង​ធ្លាក់​មិន​ដិតដល់ ហើយ​នៅ​ជី​ហ្នឹង​តម្លៃ​ខ្ពស់ អ៊ីចឹង​ហើយ​ប្រជា​កសិករ​ហ្នឹង​គាត់​ខ្វះខាត​នូវ​ជី​ហ្នឹង មិន​អាច​បាច​គ្រប់គ្រាន់ អ៊ីចឹង​ហើយ​ស្រូវ​អត់​មាន​ផល​គ្រប់គ្រាន់ បាន​កើន​ផល។ បញ្ហា​ស្រូវ​ពូជ កសិករ​នៅ​ស្រុក​ខ្ញុំ​នេះ​ធ្វើ​អត់​មាន​សូវ​សុទ្ធ​ល្អ​ទេ»

បើ​ទោះ​បី​ជា​ក្រុម​មន្ត្រី​មាន​ផែនការ​ក្នុង​ការជំរុញ​កសិកម្ម ប៉ុន្តែ​កសិករ​ខ្លះ​ទៀត​ដូច​ជា​នៅ​ខេត្ត​កំពងចាម​និង​ខេត្ត​ព្រៃវែង​ជាដើម​បាន​ត្អូញតែ្អរ​ថា ផល​ស្រូវ​របស់​ពួក​គាត់​កាលពី​ឆ្នាំ​២០០៨​ទៅ​នោះ​ទទួល​ផល​មិន​គ្រប់គ្រាន់​សម្រាប់​បរិភោគ​ទេ​សម្រាប់​ឆ្នាំ​២០០៩​នេះ​ទេ ដោយសារ​តែ​គ្រោះ​រាំង​ស្ងួត​អូស​បន្លាយ​យូរ​ពេក​កាលពី​ឆ្នាំ​២០០៨​កន្លង​ទៅ​នោះ។

កាលពី​ខែ​មីនា​កន្លង​ទៅ​នេះ មន្រ្តី​ជំនាញ​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រម៉ាញ់​និង​នេសាទ បាន​បញ្ជាក់​ថា បរិមាណ​ស្រូវ​ជា​ផ្លូវការ​ដែល​បាន​ប្រមូល​ផល​នៅ​ក្នុង​ឆ្នាំ​២០០៨​កន្លង​ទៅ​មាន​ចំនួន​៥​លាន​៧​សែន​តោន​នៃ​ទិន្នផល​ស្រូវ​រដូវ​វស្សា​បូក​ជាមួយ​ទិន្នផល​ស្រូវ​រដូវ​ប្រាំង​ចំនួន​១​លាន​៤​សែន​តោន​ទៀត​បាន​ញ៉ាំង​ឲ្យ​ប្រទេស​កម្ពុជា​សល់​ស្រូវ​ចំនួន​ជាង​២​លាន​តោន​សម្រាប់​ឆ្នាំ​២០០៩​នេះ។

សូម​ជម្រាប​ជូន​ថា ការនាំ​ស្រូវ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​នា​ពេល​បច្ចុប្បន្ន​គឺ​នាំ​ទៅ​ប្រទេស​វៀតណាម​និង​ថៃ​ប៉ុណ្ណោះ។

កសិករ​ខ្មែរ​ជា​ច្រើន​នាក់​បាន​អះអាង​ថា បើ​ទោះ​បី​ជា​ទីផ្សារ​ស្រូវ​ពិភពលោក​ចេះ​តែ​ឡើង​ថ្លៃ​ក៏​ដោយ ប៉ុន្តែ​ស្រូវ​របស់​កសិករ​ខ្មែរ​នៅតែ​លក់​បាន​តម្លៃ​ថោក មិន​រួច​ថ្លៃ​ផលិត​ឡើយ ដោយសារ​ប្រេង​សាំង​និង​ជី​មាន​តម្លៃ​ថ្លៃ ហើយ​មក​ដល់​ពេល​នេះ​ដែរ​គេ​មិន​ទាន់​ឃើញ​ស្ថាប័ន​ណា​មួយ​ជួយ​កសិករ​ក្នុង​ការរក​ទីផ្សារ​ស្រូវ​ឲ្យ​បាន​តម្លៃ​ខ្ពស់​នៅ​ឡើយ​ទេ៕