នាយក​រដ្ឋមន្ត្រី​សម្រេច​យក​សម័យ​ប្រជុំ​ថ្ងៃ​១១ ធ្នូ ដើម្បី​ឆ្លង​សេចក្ដី​ព្រាង​ច្បាប់​អំពើ​ពុក​រលួយ

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​សម័យ​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋមន្ត្រី​កាល​ពី​ថ្ងៃ​២០ វិច្ឆិកា​កន្លង​ទៅ បាន​ឲ្យ​ដឹង​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​យក​សម័យ​ប្រជុំ​គណៈ​រដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០០៩​ខាង​មុខ ដើម្បី​ឆ្លង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ។

0:00 / 0:00

លោក សន ជ័យ ស្ថាបនិក​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​អភិវឌ្ឍន៍​ជាតិ បាន​ចាត់ទុក​ការ​សម្រេច​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​លើក​យក​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ឆ្លង​គណៈ​រដ្ឋមន្ត្រី​នា​ពេល​នេះ ថា​ជា​ការ​វិវត្តន៍​មួយ​ជំហាន​ទៀត​នៃ​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​រាំងស្ទះ​រាប់​ឆ្នាំ​មក​ហើយ។

លោក សន ជ័យ បាន​បញ្ជាក់​ថា ៖ «យើង​សង្ឃឹម​ថា អនុសាសន៍​ទាំងឡាយ​របស់​សង្គម​ស៊ីវិល​កន្លង​មក​នឹង​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់ ហើយ​សង្ឃឹម​ថា ច្បាប់​ហ្នឹង​នឹង​ត្រូវ​បាន​អនុម័ត​ក្នុង​ពេល​ឆាប់ៗ»

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ក៏​បាន​សាទរ​ទៅ​នឹង​សេចក្តី​សម្រេច​របស់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ខ្មែរ​ក្នុង​លើក​យក​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ឆ្លង​គណៈ​រដ្ឋមន្ត្រី​ពេល​នេះ បើ​ទោះ​បី​ជា​ច្បាប់​នេះ​នៅ​ពេល​អនុម័ត​រួច​ការ​អនុ​វត្ត​មាន​ប្រសិទ្ធភាព​ឬ​មិន​មាន​ប្រសិទ្ធ​ភាព​បែប​ណា​ក៏​ដោយ​នោះ។

លោក រ៉ុង ឈុន បាន​មាន​ប្រសាសន៍​ថា ៖ «ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ជាង​១០​ឆ្នាំ​ហើយ​នៅតែ​ចេញ​មិន​រួច។ អ្វី​ដែល​យើង​ចង់​បាន យើង​ចង់​ឲ្យ​ចេញ​ឲ្យ​បាន​ឆាប់ ទោះ​បី​ថា ដំណើរការ​អនុវត្ត​ច្បាប់​នោះ​យ៉ាង​ណា​ក៏​ដោយ!»

លោក យឹម សុវណ្ណ មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស​សមរង្ស៊ី​និង​ជា​តំណាង​រាស្ត្រ​ផង​នោះ មាន​ប្រសាសន៍​ថា ក្នុង​នាម​តំណាង​រាស្ត្រ​មួយ​រូប លោក​នឹង​តាមដាន​ខ្លឹមសារ​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ​ជា​បន្ត​ទៀត។

របាយការណ៍​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​ថ្មីៗ​នេះ​បាន​វាយ​តម្លៃ​ថា អំពើ​ពុក​រលួយ​នៅ​ប្រទេស​កម្ពុជា​មាន​លក្ខណៈ​ប្រសើរ​ជាង​ឆ្នាំ​មុន​បន្តិច ប៉ុន្តែ​អំពើ​ពុក​រលួយ​នៃ​ប្រទេស​នេះ​នៅតែ​ស្ថិត​នៅ​លេខ​រៀង​ប៊ិះ​ជួរ​ក្រោយ​គេ​ដដែល​ក្នុង​ចំណោម​ប្រទេស​ពុក​រលួយ​ខ្លាំងក្លា។

ក្នុង​ចំណោម​ប្រទេស​១៨០​ប្រទេស​ដែល​គេ​វាយ​តម្លៃ​នោះ ប្រទេស​កម្ពុជា ប្រទេស​លាវ ប្រទេស​តាហ្សីគីស្ថាន​និង​សាធារណៈរដ្ឋ​អាហ្រ្វិក​កណ្តាល សុទ្ធ​តែ​ជា​ប្រទេស​ដែល​ជាប់​លេខ​រៀង​នៃ​អំពើ​ពុក​រលួយ​ទី​១៥៨។ ដោយ​ឡែក​ប្រទេស​កម្ពុជា​បាន​គ្រាន់​ប្រើ​ជាង​គេ​តែ​មួយ​ប្រទេស​ប៉ុណ្ណោះ​នៃ​ប្រទេស​អាស៊ី គឺ​ប្រទេស​ភូមា​ដែល​ជាប់​លេខ​រៀង​ដល់​ទៅ​ទី​១៧៨។

គួរ​ជម្រាប​ជូន​ថា សេចក្តី​ព្រាង​ច្បាប់​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ត្រូវ​បាន​គេ​លើក​ឡើង​តាំង​ពី​ឆ្នាំ​១៩៩៤។

ក្រុម​មន្ត្រី​បក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល​និង​ម្ចាស់​ជំនួយ ដែល​ធ្លាប់​តែ​ទទូច​ច្រើន​ដង​ឲ្យ​រដ្ឋាភិបាល​ធ្វើ​រឿង​នេះ កំពុង​រង់ចាំ​មើល​ច្បាប់​នេះ​ដោយ​អន្ទះសា៕