នៅក្នុងសន្និសីទកាសែតមួយនាល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០០៩ លោករដ្ឋលេខាធិការ អ៊ុច បូរិទ្ធ ដែលបានមានប្រសាសន៍យោងតាមការបញ្ជាក់របស់លោកស្រីអគ្គរដ្ឋទូតសហរដ្ឋអាមេរិកបានឲ្យដឹងថា ការជួបប្រជុំនោះមិនមែនជាផ្លូវការនោះឡើយ។
លោក អ៊ុច បូរិទ្ធ បានបញ្ជាក់ថា ៖ «លោកស្រីឯកអគ្គរដ្ឋទូតបានបញ្ជាក់យ៉ាងច្បាស់ថា ជាការពិតមែនដែលលោកជំទាវ ហ៊ីលឡារី គ្លីនតុន បានជួបជាមួយនឹងលោកស្រី មូរ សុខហួរ ក៏ប៉ុន្តែជំនួបនេះគឺជួបនៅតាម គេហៅថា មិនមែននៅក្នុងការិយាល័យរបស់លោកស្រីទេ ជួបនៅតាមផ្លូវដើរ មុខការិយាល័យ នៅខាងក្រៅការិយាល័យ របៀបដើរទៅជួបគ្នាចាប់ដៃ គ្មានការព្រៀងទុកទេ ហើយក៏មិនមែនជាការជួបគ្នាជាទ្វេភាគីអ្វីនោះដែរ»។

លោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ឲ្យដឹងតាមប្រសាសន៍លោកស្រីអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដែលបានឲ្យដឹងថា ជាការពិតដែលអ្នកតំណាងរាស្រ្ត មូរ សុខហួរ បានដាក់សំណើជូនសហរដ្ឋអាមេរិកអ៊ីចឹងមែន ប៉ុន្តែពុំមានការឆ្លើយតបពីអាមេរិកឡើយ ហើយថាអ្វីៗដែលបានផ្សព្វផ្សាយកន្លងមកគឺជាការភូតកុហក។
លោក អ៊ុច បូរិទ្ធ បានមានប្រសាសន៍ថា ៖ «ពាក់ព័ន្ធនឹងសំណួរថាតើលោកស្រី មូរ សុខហួរ បានលើកសំណើជូនលោកជំទាវ ហ៊ីលឡារី គ្លីនតុន ឲ្យបញ្ជូនគណៈប្រតិភូជាន់ខ្ពស់មកពិនិត្យបញ្ហាសិទ្ធិមនុស្ស ការរំលោភសិទ្ធិមនុស្សនៅកម្ពុជា មែននោះ លោកជំទាវឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថាជាការពិតមែន លោកជំទាវ មូរ សុខហួរ បានលើកបញ្ហានេះមែន ក៏ប៉ុន្តែគាត់បញ្ជាក់ហើយបញ្ជាក់ទៀតថា លោកជំទាវ ហ៊ីលឡារី គ្លីនតុន ពុំមានឆ្លើយតបអ្វីណាមួយចំពោះសំណើនេះទេ អត់មានទេ។ អ៊ីចឹងដែលលោកជំទាវឯកអគ្គរដ្ឋទូតបានជម្រាបជូនខ្ញុំកាលពីម្សិល ពេលដែលខ្ញុំជួបនោះគឺជាការបញ្ជាក់ច្បាស់ថា ការផ្សព្វផ្សាយតាមរយៈ KI អ៊ិនធឺណេតព័ត៌មាននេះ គឺមិនឆ្លុះបញ្ចាំងនូវការពិតទេ គឺជាការនិយាយបំផ្លើស ភូតភរកុហក»។
មូរ សុខហួរ៖ អាមេរិកនឹងបញ្ជូនប្រតិភូជាន់ខ្ពស់មកពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា

សូមរំឭកថា អ្នកតំណាងរាស្រ្តមណ្ឌលកំពត លោកស្រី មូរ សុខហួរ បានឲ្យដឹងថា រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកនឹងបញ្ជូនប្រតិភូជាន់ខ្ពស់របស់ខ្លួនទៅធ្វើទស្សនកិច្ចនៅកម្ពុជាក្នុងពេលឆាប់ៗនេះ ព្រមទាំងពិនិត្យមើលលទ្ធភាពក្នុងការភ្ជាប់លក្ខខណ្ឌនានាក្នុងជំនួយរបស់ប្រទេសមហាអំណាចមួយនេះ។
លោកស្រី មូរ សុខហួរ មានប្រសាសន៍ដូច្នេះនៅមួយថ្ងៃបន្ទាប់ពីបានផ្តល់ព័ត៌មានជាកសិណចំពោះសវនាការដែលរៀបចំឡើងដោយគណៈកម្មការសិទ្ធិមនុស្ស Tom Lantos នៅថ្ងៃទី១០ ខែកញ្ញា ហើយបានជួបសវនាការជាមួយលោកស្រី ហ៊ីលឡារី គ្លីនតុន រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក មួយថ្ងៃក្រោយមក គឺនៅថ្ងៃទី១១ ខែកញ្ញា។
ក្រោយជំនួបនោះ អ្នកតំណាងរាស្រ្តរូបនេះឲ្យដឹងថា លោកស្រីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកបានទទួលយកសំណើរបស់លោកស្រី ដែលស្នើសុំសហរដ្ឋអាមេរិកបញ្ជូនប្រតិភូជាន់ខ្ពស់របស់ខ្លួនទៅធ្វើទស្សនកិច្ចនៅកម្ពុជាដើម្បីពិនិត្យស្ថានភាពបញ្ហាការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។
លោកស្រី មូរ សុខហួរ បានឲ្យដឹងថា ៖ «ក្រោយពីសវនាការជាមួយនឹងសភានៃសហរដ្ឋអាមេរិក ក្នុងនាមខ្ញុំជាអ្នកតំណាងរាស្ត្រដែលទទួលរងគ្រោះនឹងការកាត់ទោសដោយអយុត្តិធម៌ គឺតុលាការនៅប្រទេសកម្ពុជានេះ លោកជំទាវក្រសួងកិច្ចការបរទេស ហ៊ីលឡារី គ្លីនតុន បានឲ្យខ្ញុំជួប ហើយនៅជំនួបនោះលោកជំទាវបានលើមកភ្លាមអំពីការយកចិត្តទុកដាក់ពិសេសទៅលើករណីខ្ញុំ ក៏ដូចជាករណីនៃស្ថានការណ៍សិទ្ធិមនុស្សនៅប្រទេសកម្ពុជាសព្វថ្ងៃនេះ។ ខ្ញុំបានសុំលោកជំទាវ សុំឲ្យលោកជំទាវបញ្ជូននូវគណៈប្រតិភូជាន់ខ្ពស់ដឹកនាំដោយអគ្គរដ្ឋទូតពិសេសដែលលោកជំទាវរដ្ឋមន្ត្រី ហ៊ីលឡារី គ្លីនតុន បានបង្កើតក្រោយពីលោកជំទាវបានកាន់ដំណែងជារដ្ឋមន្ត្រីក្រសួងការបរទេស។ ដូច្នេះលោកជំទាវបានទទួលយកនូវសំណើរបស់ខ្ញុំដោយវិជ្ជមាន»។
លោកស្រី មូរ សុខហួរ មានប្រសាសន៍ថា សហរដ្ឋអាមេរិកនឹងបញ្ជូនសារតាមរយៈលោករដ្ឋមន្រ្តីការបរទេសកម្ពុជា ហោ ណាំហុង ក្នុងទស្សនកិច្ចរបស់លោកនៅចុងខែកញ្ញានេះទាក់ទងនឹងលក្ខខណ្ឌនានា ជាពិសេសលក្ខខណ្ឌសិទ្ធិមនុស្សដែលប្រទេសអាមេរិកនឹងត្រូវភ្ជាប់ជាមួយជំនួយរបស់ខ្លួន។
លោកស្រី មូរ សុខហួរ បានថ្លែងថា ៖ «ស្ថានការណ៍ទូទៅនៅក្នុងការពាក់ព័ន្ធនឹងការរំលោភដីធ្លីនិងការចាប់ចងបំបាត់សេរីភាពប្រជាពលរដ្ឋក្ដី អ្នកសារព័ត៌មានក្ដី តំណាងរាស្ត្រមកពីគណបក្សសមរង្ស៊ីក្ដីនេះ បង្ហាញឲ្យឃើញថា មិនមែនជាអ្វីដែលវិជ្ជមានសម្រាប់ប្រទេសកម្ពុជាយើងទេ ហើយសំណើទីពីររបស់ខ្ញុំ គឺខ្ញុំសុំឲ្យសហរដ្ឋអាមេរិកតាមរយៈលោកជំទាវរដ្ឋមន្ត្រីក្រសួងកិច្ចការបរទេសនេះ សូមឲ្យភ្ជាប់នូវការធានានិងការការពារសិទ្ធិមនុស្សហ្នឹងជាមួយនឹងជំនួយពីសហរដ្ឋអាមេរិក ហើយនេះក៏ជាសញ្ញាវិជ្ជមានមួយទៀតដែលលោកជំទាវរដ្ឋមន្ត្រីក្រសួងកិច្ចការបរទេសបានបញ្ជាក់ថា នេះគឺជាជំហរដ៏ជាក់លាក់ដែលសហរដ្ឋអាមេរិកបានដាក់ ហើយបញ្ជាក់ទៅនឹងរដ្ឋាភិបាលប្រទេសកម្ពុជា ពិសេសនៅពេលដែលឯកឧត្ដម ហោ ណាំហុង នឹងអញ្ជើញមកដល់សហរដ្ឋអាមេរិក»។
អ្នកតំណាងរាស្រ្ត មូរ សុខហួរ ឲ្យដឹងទៀតថា គណៈប្រតិភូជាន់ខ្ពស់របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកដែលនឹងត្រូវធ្វើដំណើរទៅពិនិត្យស្ថានការណ៍នៅកម្ពុជាស្តីពីបញ្ហាសិទ្ធិមនុស្សនិងការអនុវត្តច្បាប់នោះ នឹងដឹកនាំដោយលោកស្រីអគ្គរដ្ឋទូតគោចរ Melanne Ververe ដែលជាតំណែងតែងតាំងឡើងសម្រាប់ធ្វើទំនាក់ទំនងបញ្ហាស្រ្តីនិងកុមារ ដែលជាសកម្មភាពដែលលោកស្រីបានចូលរួមជាង១០ឆ្នាំកន្លងផុតមក។ ប្រតិភូនេះនឹងអមដំណើរដោយអគ្គនាយកនៃក្រសួងនេះ ព្រមដោយមន្រ្តីជាន់ខ្ពស់របស់ក្រសួងជាច្រើនរូបទៀត៕