រដ្ឋាភិបាល​រក្សា​ជំហរ​ដដែល​ជុំវិញ​ការ​ចង់​ស៊ើប​អង្កេត​ជន​សង្ស័យ​ខ្មែរ​ក្រហម​បន្ថែម​ទៀត

មន្រ្តី​នាំ​ពាក្យ​នៃ​រដ្ឋាភិបាល​កម្ពុជា​ថ្លែង​ថា រដ្ឋាភិបាល​នៅតែ​រក្សា​ជំហរ​ដដែល​ថា​សាលា​ក្តី​ខ្មែរ​ក្រហម​ត្រូវតែ​ផ្តោត​លើ​ការ​ជំនុំ​ជម្រះ​ក្តី​ជន​សង្ស័យ​៥​នាក់​ឲ្យ​រួច​សិន នៅ​មុន​ពេល​ចង់​បន្ត​នីតិ​វិធី​ស៊ើប​អង្កេត​លើ​ជន​សង្ស័យ​ថ្មី​បន្ថែម​ទៀត​ដែល​ទទួល​ខុស​ត្រូវ​លើ​ឧក្រិដ្ឋកម្ម​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ពី​ឆ្នាំ​១៩៧៥​ដល់​១៩៧៩។

0:00 / 0:00

ការ​បញ្ជាក់​ជំហរ​ជា​ថ្មី​ទៀត​នេះ​គឺ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សាលាក្តី​ខ្មែរ​ក្រហម​ប្រកាស​កាល​ពី​ថ្ងៃ​ពុធ ទី​២ ខែ​កញ្ញា ថា មន្រ្តី​ស៊ើប​អង្កេត​នឹង​អាច​បើក​ការ​ស៊ើប​អង្កេត​រក​ជន​សង្ស័យ​ខ្មែរ​ក្រហម​មួយចំនួន​ទៀត​ដើម្បី​នាំ​យក​មក​ផ្តន្ទា​ទោស។

លោក ខៀវ កាញារីទ្ធ ជា​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន និង​ជា​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​ខ្មែរ​ផង​នោះ មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី​៥ កញ្ញា ថា ការ​ជំទាស់​នេះ​គឺ​មាន​តាំង​តែ​ពី​ដើម​មក។

សូម​ជម្រាប​ថា កន្លង​មក លោក ខៀវ កាញារីទ្ធ និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផង ធ្លាប់​ថ្លែង​ថា អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ឬ​សាលា​ក្ដី​ខ្មែរ​ក្រហម គួរ​ផ្ដោត​ការ​កាត់​សេចក្ដី​លើ​សំណុំរឿង​របស់​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ជាន់​ខ្ពស់​ចាស់​ជរា​កំពុង​ជាប់​ឃុំ​ចំនួន​៥​រូប​សិន។

លោក រាជ សម្បត្តិ ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​សាលា​ក្តី​ខ្មែរ​ក្រហម ថ្លែង​ថា កិច្ចការ​ចង់​ស៊ើប​អង្កេត​ជន​សង្ស័យ​បន្ថែម​នេះ​គឺ​ត្រូវការ​ពេល​វេលា​វែង​ឆ្ងាយ​ទៅ​មុខ​ទៀត។

លោក រាជ សម្បត្តិ បាន​បញ្ជាក់​ថា ៖ «កិច្ចការ​ហ្នឹង​ព្រះរាជអាជ្ញា​អត់​ទាន់​មាន​ធ្វើ​សកម្មភាព​អី​ផង អ៊ីចឹង​យើង​មាន​អត្ថាធិប្បាយ​អី​បន្ថែម​ទេ»

លោក ជុំ ម៉ី អតីត​អ្នក​ទោស​នៅ​គុក​ទួលស្លែង​មួយ​រូប ដែល​កំពុង​តាំង​ខ្លួន​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី​នៅ​ក្នុង​ការ​ជំនុំ​ជម្រះ​ក្តី លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីត​ប្រធាន​មន្ទីរ​ស-២១ បាន​ថ្លែង​ថា លោក​វ័យ​កាន់​តែ​ចាស់ ហើយ​លោក​ចង់​ឲ្យ​តុលាការ​រក​យុត្តិធម៌​ចំពោះ​ករណី​៥​នាក់​ដំបូង​នេះ​សិន។

លោក ជុំ ម៉ី បាន​ឲ្យ​ដឹង​ថា ៖ «ប៉ុណ្ណឹង​រាប់​ឆ្នាំ​រាប់​អី​មក​ទៅ​ហើយ គ្រាន់​តែ​៥​នាក់​ហ្នឹង ចុះ​បើ​យើង​ហៅ​៦​នាក់​មក​ទៀត តើ​វា​ត្រូវ​ឆ្នាំ​ណា​បានចប់? យក​ល្អ​តែ​៥​នាក់​ហ្នឹង​បាន​ហើយ ចប់​ល្អ​បរិបូរ​ទៅ​ខ្ញុំ​សប្បាយ​ចិត្ត​ហើយ។ អា​ហ្នឹង​គំនិត​ផន់​ខ្ញុំ​ទេ»

លោក សុក សំអឿន នាយក​ប្រតិបត្តិ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា ដែល​បាន​ឃ្លាំ​មើល​ដំណើរការ​ប្រព្រឹត្ត​ទៅ​របស់​សាលា​ក្តី​ខ្មែរ​ក្រហម​ជា​រហូត​មក ថ្លែង​ដូច្នេះ​ថា ៖ «យ៉ាង​ហោច​ណាស់​ក៏​អាច​ជឿ​ថា តុលាការ​នេះ​នៅ​បន្ត​ទៅ​មុខ ហើយ​ការពារ​ឯករាជ​ភាព​របស់​ខ្លួន កុំ​ឲ្យ​មាន​ការ​រិះគន់​បាន​ច្រើន ក៏​ប៉ុន្តែ​គ្រាន់តែ​នៅ​មាន​ការ​មន្ទិល​ខ្លះ​ប៉ុណ្ណឹង​ទេ!»

សំណើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ជន​សង្ស័យ​ថ្មី​បន្ថែម​ទៀត​ដែល​ស្នើ​ឡើង​ដោយ​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ បាន​ធ្វើ​ឲ្យ​មាន​ការ​ខ្វែង​យោបល់​គ្នា​ជាមួយ​សហ​ព្រះរាជអាជ្ញា​ជាតិ ចាប់​តាំង​ពី​ខែ​ធ្នូ ឆ្នាំ​២០០៨​មក។ កាល​ពី​ថ្ងៃ​ពុធ ទី​២ ខែ​កញ្ញា ឆ្នាំ​២០០៩ អង្គ​បុរេ​ជំនុំ​ជម្រះ​បាន​សម្រេច​ឲ្យ​អនុវត្ត​តាម​សំណើ​របស់​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ។

សាលា​ក្តី​ខ្មែរ​ក្រហម​នឹង​ចំណាយ​ពេញ​មួយ​សប្តាហ៍​ក្រោយ​នេះ​ប្រជុំ​ពិភាក្សា​ពេញ​អង្គ​របស់​ខ្លួន​ដើម្បី​ដោះស្រាយ​បញ្ហា​ផ្សេងៗ​សម្រាប់​ការ​ប្រព្រឹត្ត​ទៅ​នៃ​សាលាក្តី​វិសាមញ្ញ​នេះ៕