រដ្ឋាភិបាល​និង​ធនាគារ​ពិភពលោក​គាំទ្រ​គម្រោង​អភិបាលកិច្ច​ល្អ

មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​និង​ធនាគារ​ពិភពលោក (World Bank) ព្រម​ទាំង​ម្ចាស់​ជំនួយ​មួយចំនួន​ទៀត​បាន​រួម​គ្នា​ផ្តល់​ជា​ថវិកា​ដើម្បី​គាំទ្រ​គម្រោង​អភិបាលកិច្ច​ល្អ។

0:00 / 0:00

លោក ប៊ុត ជិ ប្រធាន​ការិយាល័យ​សម្រប​សម្រួល​គម្រោង​អភិបាលកិច្ច​ល្អ​មូលដ្ឋាន​នៃ​ក្រសួង​មហាផ្ទៃ​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​អនុវត្ត​គម្រោង​អភិបាលកិច្ច​ល្អ​មូលដ្ឋាន​នៅ​សណ្ឋាគារ ឡឺរ៉ូយ៉ាល់ នៅ​ថ្ងៃ​ទី​២៩ មេសា ឆ្នាំ​២០០៩​នេះ ដូច្នេះ​ថា ៖ «៤​ឆ្នាំ​ហ្នឹង​មាន​ជាង​២៥​លាន ដែល​២០​លាន​ពី​ធនាគារ​ពិភពលោក ៣​លាន​ជាង​ពី​យើង​ហៅ​ថា​ប្រតិបត្តិការ​ដើម្បី​អភិវឌ្ឍន៍​អូស្រ្ដាលី ហើយ​និង​រដ្ឋាភិបាល​បដិភាគ​១​លាន​ជាង»

នៅ​ក្នុង​បញ្ហា​នេះ​ដែរ លោក ប៊ូ សារឿន មន្រ្តី​នាំ​ពាក្យ​របស់​ធនាគារ​ពិភពលោក​បាន​បន្ថែម​ទៀត​ថា ៖ «អភិបាលកិច្ច​ល្អ​ជា​ផ្នែក​មួយ​នៃ​ការចូលរួម​ចំណែក​ក្នុង​ការលើក​កម្ពស់​ជីវភាព​របស់​ប្រជាជន ក៏​ដូច​ជា​កាត់​បន្ថយ​ភាព​ក្រីក្រ​ដែល​ជា​គោលដៅ​ធំ​បំផុត​របស់ World Bank បាន​ជា​យើង​សម្រេច​ថា​នឹង​មាន​គម្រោង​អភិបាលកិច្ច​ល្អ​មូលដ្ឋាន​ស្រុក​ខ្មែរ​ហ្នឹង ទន្ទឹម​នឹង​មាន​ការស្នើសុំ​ឲ្យ​មាន​ការជួយ​ពី​ខាង​រដ្ឋាភិបាល»

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយចំនួន​បាន​សម្តែង​នូវ​ការគាំទ្រ​ចំពោះ​ការដាក់​ឲ្យ​អនុវត្ត​នូវ​គម្រោង​នេះ។

លោក កែវ ប៊ុនធឿន មន្រ្តី​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ខ្ញុំ​សង្ឃឹម​ថា​អំពើ​ពុក​រលួយ​នឹង​មាន​ការថយ​ចុះ ក៏​ប៉ុន្តែ​វា​ថយ​ចុះ​ជា​លំដាប់»

នាយិកា​ប្រតិបត្តិ​អង្គការ​ស្តារ​កម្ពុជា លោកស្រី ជេត ចរិយា បន្ថែម​ទៀត​ថា ៖ «ជា​យន្តការ​មួយ​ដែល​ធ្វើ​ឲ្យ​មាន​ការកាត់​បន្ថយ​ភាព​ក្រីក្រ​ឬ​ក៏​អាច​និយាយ​ថា​កាត់​នូវ​អំពើ​ពុក​រលួយ ពីព្រោះ​យើង​ឃើញ​ថា នៅ​ក្នុង​ប្រទេស​ខ្មែរ​យើង​សព្វថ្ងៃ ខ្ញុំ​តែងតែ​ឮ​គេ​និយាយ​ថា អំពើ​ពុក​រលួយ​នៅ​គ្រប់​កម្រិត គ្រប់​លំដាប់​ថ្នាក់ តាម​រយៈ​តូច​ស៊ី​តូច ធំ​តាម​ធំ»

សូម​បញ្ជាក់​ផងដែរ គម្រោង​អភិបាលកិច្ច​ល្អ​នេះ​ធ្លាប់​បាន​អនុវត្ត​សាកល្បង​រួច​មក​ហើយ​នៅ​ក្នុង​ក្រុង​បាត់ដំបង​និង​ក្រុង​សៀមរាប ហើយ​នៅ​ក្នុង​ឆ្នាំ​២០០៩​នេះ​នឹង​ចាប់ផ្តើម​អនុវត្ត​បន្ត​ទៀត​រហូត​គ្រប់​ខេត្ត​ក្រុង​ទូទាំង​ប្រទេស។

មន្រ្តី​គ្រប់គ្រង​ការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ​របស់​ក្រសួង​មហាផ្ទៃ លោក ចាន់ សុធា បាន​បញ្ជាក់​បញ្ហា​នេះ​ថា ៖ «មាន​ខេត្ត​៧​ផ្សេង​ទៀត ក្នុង​នោះ​មាន​ខេត្ត​កណ្ដាល យើង​យក​ក្រុង​តាខ្មៅ ខេត្ត​ព្រៃវែង យើង​យក​ស្រុក​ពាមរក៍ ខេត្ត​កំពង់ចាម យើង​យក​ក្រុង​សួង ខេត្ត​ក្រចេះ យើង​យក​ក្រុង​ក្រចេះ ខេត្ត​កំពង់ធំ យើង​យក​ក្រុង​ស្ទឹងសែន ខេត្ត​បន្ទាយមានជ័យ យើង​យក​ក្រុង​ប៉ោយប៉ែត និង​ខេត្ត​ព្រះសីហនុ យើង​យក​ក្រុង​ព្រះសីហនុ។ ឆ្នាំ​២០១០ យើង​នឹង​ពង្រីក​ត​ទៅ​៨​ខេត្ត​ក្រុង​ទៀត»

គម្រោង​អភិបាលកិច្ច​ល្អ​នេះ​នឹង​ផ្តោត​ជា​សំខាន់​ទៅ​លើ ទី​១ គឺ​បង្កើន​ការទទួល​បាន​នូវ​សេវា​ផ្តល់​ព័ត៌មាន​សាធារណៈ​ចាំបាច់ ត្រឹមត្រូវ ច្បាស់លាស់​និង​ទាន់​ពេលវេលា ទី​២ គឺ​បង្កើន​ទំនាក់ទំនង​រវាង​ប្រជាពលរដ្ឋ​និង​ភ្នាក់ងារ​រដ្ឋាភិបាល ទី​៣ គឺ​សម្រប​សម្រួល​នូវ​ការឆ្លើយតប​របស់​ភ្នាក់ងារ​រដ្ឋាភិបាល និង​ទី​៤ គឺ​តាម​ដាន​ប្រសិទ្ធភាព​និង​ដកស្រង់​បទពិសោធន៍​ដែល​នឹង​ប្រែក្លាយ​ជា​គំរូ​និង​ជា​មេរៀន​អភិបាលកិច្ច​ឲ្យ​ប្រសើរ​ឡើង​ថែម​ទៀត៕