ហើយបញ្ហានេះ បានធ្វើឲ្យប៉ះពាល់ជាខ្លាំងដល់យុទ្ធសាស្ត្រកំណែទម្រង់រដ្ឋបាល ប្រសិទ្ធភាពការងារនិងផែនការកាត់បន្ថយភាពក្រីក្រនៅប្រទេសកម្ពុជា។
លោកស្រី ជា វណ្ណាត អតីតនាយិកាមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម ហើយបច្ចុប្បន្នជាអ្នកវិភាគឯករាជ្យអំពីបញ្ហាសង្គមនិងនយោបាយ បានអធិប្បាយអំពីកង្វះប្រសិទ្ធភាពនៃអភិបាលកិច្ចថ្នាក់កណ្តាលនៅកម្ពុជាយ៉ាងដូច្នេះថា ៖ «ស្រុកយើង...ជា Democratic Government ហើយ ជាគោលការណ៍នោះ ប៉ុន្តែត្រង់ថាការអនុវត្តជាក់ស្ដែងអត់ទាន់មាននៅឡើយទេ ពីព្រោះមានកន្លែងខ្លះ យើងគ្រាន់តែបានចែងជាគោលការណ៍ទេ យកតែសមាជជាតិមួយ យកមកនិយាយទៅ យើងដឹងហើយថា មាននៅក្នុងរដ្ឋធម្មនុញ្ញតាំងពីឆ្នាំ១៩៩៣ម្ល៉េះ។ ឥឡូវយើង២០០៨ហើយ បានន័យថា ១៥ឆ្នាំហើយ យើងអត់ទាន់មានស្ថាប័នសមាជជាតិហ្នឹងនៅឡើយទេ ហើយដំណើរការផ្សេងៗទៀត ក៏អ៊ីចឹងដែរ មានជាគោលការណ៍ ក៏ប៉ុន្តែការអនុវត្តជាក់ស្ដែងអត់ទាន់មាន ឬមួយក៏អត់មានប្រសិទ្ធភាព»។
ទាក់ទិននឹងបញ្ហាអភិបាលកិច្ចនិងការផ្តល់សេវាសាធារណៈនៅមូលដ្ឋានវិញ លោក គល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការខុមហ្វ្រែលបានថ្លែងថា មន្ត្រីក្រុមប្រឹក្សាឃុំសង្កាត់នៅមូលដ្ឋានកំពុងប្រឈមនឹងចំណោទចម្បងចំនួន៣ ដែលក្នុងនោះរួមមាន កម្រិតយល់ដឹងរបស់មន្ត្រីមូលដ្ឋាន ភាពមិនឯករាជ្យខាងការសម្រេចចិត្តនិងការខ្វះខាតមូលដ្ឋានហិរញ្ញវត្ថុ។
លោក គល់ បញ្ញា មានប្រសាសន៍បន្ថែមថា ឥទ្ធិពលពីគណបក្សនយោបាយក៏កំពុងធ្វើឲ្យមន្ត្រីមូលដ្ឋានឃុំសង្កាត់ ប្រឈមការលំបាកក្នុងការឆ្លើយតបបញ្ហារួមរបស់ពលរដ្ឋផងដែរ ៖ «៣ហ្នឹងសំខាន់ ហើយខ្ញុំគិតថា មួយទៀតដែលត្រូវតែពិនិត្យមើលច្បាប់ទម្លាប់ហ្នឹងដែរ ប៉ុន្តែមេឃុំខ្លះ គាត់ចង់អនុវត្តអំណាចគាត់ដែរ ប៉ុន្តែវាខ្ទាស់ត្រង់ថា មេឃុំហ្នឹងវានៅក្នុងដង្កៀបរបស់គណបក្សពេក ពីខេត្ត ពីក្រសួងមហាផ្ទៃហ្នឹង។ ហើយអ៊ីចឹង គាត់មិនអាចប្រឈមជាមួយនឹងមេបក្សបានទេ។ និយាយការពិតទៅ ខ្ញុំថាត្រូវពិនិត្យមើលប្រព័ន្ធបោះឆ្នោតហ្នឹង ក៏សំខាន់ដែរ ធ្វើម៉េចឲ្យប្រព័ន្ធហ្នឹងអាចកុំឲ្យទៅនៅក្រោមគណបក្សទាំងដុលពេក ធ្វើម៉េចឲ្យមេឃុំ ក្រុមប្រឹក្សាឃុំ គាត់បានឯករាជ្យពីគណបក្សនយោបាយឲ្យបានច្រើន ហើយឲ្យគាត់មានការទទួលខុសត្រូវជាមួយប្រជាពលរដ្ឋឲ្យបានខ្លាំង ប្រសិទ្ធភាពជាងអ្វីដែលគ្រាន់តែថា គណនេយ្យភាពទៅថ្នាក់លើ អាហ្នឹងសំខាន់ណាស់។ ព្រោះនៅស្រុកថៃ មែនទែនសមាជិកក្រុមប្រឹក្សាឃុំ នៅថ្នាក់ឃុំ គឺថា គេជាមនុស្សឯករាជ្យទៀត គេមិនមែនមនុស្សបុគ្គល ដែលចេញពីគណបក្សឲ្យគេបោះឆ្នោតទេ គឺថា គេសម្រិតសម្រាំងទៀត»។
មន្ត្រីក្រុមប្រឹក្សាឃុំសង្កាត់ទទួលបានប្រាក់បៀវត្សរ៍ចំនួន ១១ម៉ឺនរៀលក្នុងមួយខែ។
ជាមួយគ្នានេះ ក្រៅពីសម្ពាធនយោបាយ មន្ត្រីក្រុមប្រឹក្សាឃុំសង្កាត់ដែលបោះឆ្នោតដោយពលរដ្ឋ ក៏រងនូវសម្ពាធពីស្មៀនរបស់ខ្លួន ដែលជាមន្ត្រីតែងតាំងដោយក្រសួងមហាផ្ទៃនោះផងដែរ។
ប្រធានក្រុមប្រឹក្សាឃុំមួយរូប នៅឯខេត្តបន្ទាយមានជ័យ គឺ លោក ទា យី បានថ្លែងបញ្ជាក់អំពីការលំបាកនេះយ៉ាងដូច្នេះថា ៖ «អំណាចមេឃុំ បើខ្ញុំមើលឲ្យសច្ចៈទៅ មានតែសិទ្ធិធ្វើឲ្យគេរៀបអាពាហ៍ពិពាហ៍នេះមួយ សិទ្ធិធ្វើអត្រានុកូលដ្ឋានតែប៉ុណ្ណោះទេ ក្រៅពីហ្នឹងដូចជាមិនមានអីគេស្ដាប់ផង គេស្ដាប់ប៉ូលិសដែលមានកាំភ្លើងអី មានខ្សែនៅខេត្ត ស្រុក អ៊ីចេះទៅ។ យើងមិនចង់បានអំណាចទៅត្រួតត្រាគេទេ ប៉ុន្តែចង់បានប្រសិទ្ធភាពតាមច្បាប់។ ហើយរឿងមួយទៀត ខាងស្មៀន ច្បាប់គេដាក់ថា បើស្មៀនទៅឆ្ងាយ ត្រូវទុកត្រានៅសាលាឃុំ ហើយនេះ គាត់ដាក់ក្នុងកាបូបគាត់ទៅផ្ទះជានិច្ច ដូច្នេះមេឃុំមានការបម្រើប្រជាពលរដ្ឋក្រីក្រ ត្រូវសម្រាកពេទ្យ ត្រូវមានធុរៈចាំបាច់ បួសរៀន សិស្សនិស្សិត ដែលត្រូវយកច្បាប់។ សិស្ស ធម្មតាគាត់មកធ្វើសំបុត្រទៅប្រឡង ធ្វើថ្ងៃសៅរ៍ ដល់ថ្ងៃសៅរ៍ ស្មៀនគាត់ទៅផ្ទះ ដូច្នេះការងារហ្នឹងស្ទះទាំងអស់ ធ្វើអត់កើតទេ។ យឺតណាស់ ស្ទះណាស់ ប្រជាពលរដ្ឋគាត់មកមិនសូវរើសម៉ោង រើសពេលផង អ្នកស្រែចម្ការ តែគាត់មក មកហើយ មិនដឹងថា អាទិត្យ សៅរ៍អីទេ»។
ដើម្បីដោះស្រាយបញ្ហាអសកម្មចំពោះការផ្តល់សេវានៅមូលដ្ឋាននេះ លោក គល់ បញ្ញា បានស្នើថា ក្រសួងមហាផ្ទៃគួរមានតួនាទីត្រឹមតែបណ្តុះបណ្តាលមន្ត្រីស្មៀន ហើយផ្តល់សិទ្ធិឲ្យក្រុមប្រឹក្សាឃុំជាអ្នកសម្រេចជ្រើសរើសស្មៀនរបស់ខ្លួន។
ក៏ប៉ុន្តែមន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ ខៀវ សុភ័គ បានបដិសេធថា រដ្ឋាភិបាលមិនមានគោលការណ៍លុបបំបាត់យន្តការចាត់តាំងមន្ត្រីស្មៀននោះឡើយ។
លោក ខៀវ សុភ័គ គូសបញ្ជាក់ថា ស្មៀនមិនមានអំណាចលើមេឃុំនោះឡើយ ៖ «ស្មៀនឃុំ គ្រាន់តែជាមន្រ្តីរបស់ក្រសួងដែលជាអ្នកកាន់ត្រា ហើយនៅពេលដែលលោកមេឃុំ លោកចុះហត្ថលេខាទៅ ភារកិច្ចរបស់ស្មៀន សំខាន់ត្រូវពិនិត្យហត្ថលេខាហ្នឹងពិតប្រាកដរបស់លោកមេឃុំមែន ឬទេ? គាត់ត្រូវតែប្រថាប់ត្រាជូនហើយ។ ពាក្យថាស្មៀនចាំតែធ្វើការបម្រើលោកមេឃុំ ស្មៀនដូចលេខាផ្ទាល់អ៊ីចឹង ស្មៀនលោកអត់មានតួនាទី ភារកិច្ចអី ដែលត្រួតលោកមេឃុំទេ មានតែមេឃុំត្រួត»។
ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងនាថ្ងៃទី២៦ ខែកញ្ញា ដើម្បីប្រកាសយុទ្ធសាស្ត្រចតុកោណជំហានទី២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងទទួលស្គាល់អំពីភាពអសកម្មក្នុងវិស័យសេវាសាធារណៈនាអាណត្តិកន្លងទៅយ៉ាងដូច្នេះថា ៖ «យើងមើលនៅពេលឃោសនាបោះឆ្នោតថ្នាក់ឃុំ រហូតដល់ការឃោសនាបោះឆ្នោតថ្នាក់ជាតិ បញ្ហាជាមូលដ្ឋានដែលប្រជាពលរដ្ឋត្រូវការ គឺសេវាសាធារណៈដែលត្រូវផ្ដល់ដោយងាយស្រួល។ យើងមានយន្តការពិសេស... ប៉ុន្តែបញ្ហាស្ថិតនៅលើការអនុវត្តរបស់មន្រ្តី។ ឧទាហរណ៍ទាក់ទិនទៅនឹងមន្រ្តីអត្រានុកូលដ្ឋាន ការចុះបញ្ជីស្អីៗ អារឿងទាំងអស់ហ្នឹងសុទ្ធតែជាសេវាសាធារណៈ បើនិយាយដល់សេវាសាធារណៈ មានច្រើនណាស់ សូម្បីតែគ្រោះថ្នាក់ចរាចរណ៍ ត្រូវឡានប៉ូលិសចរាចរណ៍ទៅភ្លាម ដឹកទៅមន្ទីរពេទ្យ ភ្លើងអគ្គិភ័យឆាបឆេះ លឿនបន្ទាន់។ មន្ទីរពេទ្យមានអ្នកជំងឺ សេវានៅមន្ទីរពេទ្យ ត្រូវតែលឿន កុំចាំដល់គេឲ្យលុយ អត់លុយអត់ធ្វើនោះ។ រឿងហ្នឹងជារឿងដែលយើងត្រូវដោះស្រាយ»។
សូមជម្រាបថា ដៃគូអភិវឌ្ឍន៍ រួមទាំងលោក ចូសេហ្វ មូសូមែលី (Joseph Mussomeli) ដែលកាលណោះគឺជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានថ្លែងក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្តីអំពីការកែទម្រង់រដ្ឋាបាលនិងសេវាសាធារណៈកាលពីឆ្នាំ២០០៧កន្លងទៅថា ចំណុចសំខាន់ជាឧបសគ្គដ៏ធ្ងន់ធ្ងររបស់មន្ត្រីរដ្ឋាភិបាលខ្មែរ គឺដោយសារប្រាក់បៀវត្សរ៍នៅទាបនិងខ្វះសមត្ថភាពជំនាញ។
លោក ចូសេហ្វ មូសូមែលី បានថ្លែងបន្តថា ការធ្វើកំណែទម្រង់សេវាសាធារណៈឲ្យមានប្រសិទ្ធភាពអាចធ្វើទៅបាន គឺទី១ ត្រូវតែដំឡើងប្រាក់បៀវត្សរ៍ដែលអាចទ្រទ្រង់ជីវភាពទៅបាន ទី២ ពង្រឹងការទទួលខុសត្រូវរបស់មន្ត្រី ទាំងការជ្រើសរើស និងការដំឡើងតួនាទីនិងទី៣ គឺពង្រឹងមនសិការនិងប្រសិទ្ធការងារ។
ក្រុមមន្ត្រីអង្គការសង្គមស៊ីវិលបានយល់ស្របថា ចំណុចខាងលើនេះ គឺចាំបាច់ត្រូវកែទម្រង់ជាបន្ទាន់និងឲ្យបានស៊ីជម្រៅ ដើម្បីធានានូវកំណើន ការងារ សមធម៌ និង ប្រសិទ្ធភាពនៅកម្ពុជា៕
