នៅពេលដែលលោកប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកជនមួយនៅក្នុងទីក្រុងភ្នំពេញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ទៀតថា រដ្ឋាភិបាលនឹងចាត់ចែងគ្រប់គ្រង ការអភិវឌ្ឍន៍ដោយមិនឲ្យប្រទេសម្ចាស់ជំនួយខកចិត្តឡើយ។
លោក ហ៊ុន សែន មានប្រសាសន៍ដូច្នេះ ៖ «កាតព្វកិច្ចរបស់យើងគឺត្រូវធ្វើ មិនមែនដើម្បីបំពេញចិត្តអ្នកណាទេ គឺដើម្បីបំពេញចិត្តប្រជាជនរបស់យើង។ ក៏ប៉ុន្តែក្នុងនោះ ក៏ជាការឆ្លើយតបទៅនឹងការចង់បានរបស់ដៃគូអភិវឌ្ឍន៍របស់យើង កុំឲ្យមិត្តភ័ក្ដិរបស់យើងអស់សង្ឃឹម ដោយសារតែការចាត់ចែងគ្រប់គ្រងរបស់យើងទាក់ទិននឹងការអភិវឌ្ឍប្រទេសជាតិវាមិនបានទៅមុខ វានឹងធ្វើឲ្យមានការខកចិត្ត»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ដោយផ្ទាល់ជាលើកទីមួយ ដោយតបទៅនឹងការរិះគន់នានា ពីក្រុមមន្ត្រីបក្សប្រឆាំង និងក្រុមអង្គការសង្គមស៊ីវិល ដែលធ្លាប់បានរិះគន់ពីរឿងអំពើពុករលួយនៅក្នុងប្រទេសកម្ពុជានោះ។
លោក ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ដូច្នេះ ៖ «ខ្ញុំសូមបញ្ជាក់ ១១០០លានដុល្លារអាមេរិកនេះ គឺយើងបានដឹងត្រឹមតែតួលេខទេ សូមអ្នកដទៃទៀត បើមិនចេះទេ កុំមកសួររដ្ឋាភិបាលនាំពិបាកទេ អ្នកដទៃដែលចោទប្រកាន់នោះ ទៅសួរប្រទេសនានាខ្លួនឯងតែម្ដងទៅ គេមានស្ថានទូតគេនៅភ្នំពេញទេតើ! មានស្ថានទូតនៅភ្នំពេញ ដូចជាឯកអគ្គរាជទូតជប៉ុន។ ជប៉ុនផ្ដល់ច្រើនជាងគេ ទៅសួរជប៉ុនមើល៍ ជប៉ុនចាយលុយយ៉ាងម៉េចនៅស្រុកខ្មែរ សួរអ៊ីចឹងបានវាឆាប់ចេញរឿង។ គេមិនមែនឲ្យលុយ ១១០០លានមកយើងកាន់ទេ គេមានគម្រោងរបស់គេ មានកន្លែងខ្លះគេដេញថ្លៃនៅប្រទេសគេទៅទៀត»។
លោក យឹម សុវណ្ណ អ្នកតំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្ស សម រង្ស៊ី ផងនោះ បានថ្លែងថា ធនាគារពិភពលោកធ្លាប់បានបិទគម្រោងរបស់ខ្លួនដោយសារតែអំពើពុករលួយ ដូចជាគម្រោងកាត់រំសាយកងទ័ពជាដើម។
លោក យឹម សុវណ្ណ មានប្រសាសន៍ដូច្នេះ ៖ «អ្វីដែលខ្ញុំកត់សម្គាល់ គឺអ្វីដែលប្រជាពលរដ្ឋបង់ពន្ធ និងរដ្ឋាភិបាលរកបានដោយខ្លួនឯង ចំណូលហើយនិងចំណាយហ្នឹងអត់មានតម្លាភាពទេ។ ខ្ញុំលើកឧទាហរណ៍មួយ លក់ទ្រព្យសម្បត្តិរដ្ឋ ដីធ្លីអគាររដ្ឋ រដ្ឋាភិបាលអត់ដាក់ឲ្យដេញថ្លៃទេ ប្រជាពលរដ្ឋអត់ដឹងទេថា លក់បានប៉ុន្មាន ចាយទៅលើអី គឺអត់មានដឹងទេ។ ពេលខ្លះលក់អត់បាន ១០% នៃតម្លៃទីផ្សារផង នេះហើយដែលបាត់បង់ដោយសារតែអំពើពុករលួយ អត់ចាំបាច់ទៅមើលជំនួយអន្តរជាតិទេ។ អ្វីដែលពុករលួយខ្លាំងបំផុតនោះ គឺប្រាក់ចំណូល ការបង់ពន្ធរបស់ប្រជាពលរដ្ឋ ហើយនិងការប្រមែប្រមូលពីការលក់ទ្រព្យសម្បត្តិជាតិ ធនធានរ៉ែ ធនធានប្រេងកាត គឺអាហ្នឹងងាយបំផុតសម្រាប់មន្ត្រីខិលខូចក្នុងជួររដ្ឋាភិបាលប្រព្រឹត្តអំពើពុករលួយ»។
កាលពីដើមខែមិថុនា អង្គការឃ្លាំមើលបរិស្ថានពិភពលោក Global Witness បានថ្លែងក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនថា ក្រុមប្រទេសអ្នកផ្ដល់ជំនួយដល់កម្ពុជា ត្រូវតែពិនិត្យឲ្យបានហ្មត់ចត់ទៅលើអំពើពុករលួយ ដែលទាក់ទិននឹងការលក់ធនធានធម្មជាតិរបស់ប្រទេសកម្ពុជា ជាដើម។
ដោយមានការទាមទារពីប្រទេសម្ចាស់ជំនួយជាច្រើនលើក ថ្មីៗនេះរដ្ឋសភាប្រទេសកម្ពុជា បានអនុម័តច្បាប់ប្រឆាំងអំពើពុករលួយរួចជាស្ថាពរហើយ។ បច្ចុប្បន្ននេះព្រឹទ្ធសភា រដ្ឋសភា និងរដ្ឋាភិបាលបានជ្រើសរើសតំណាងរបស់ខ្លួនដើម្បីរៀបចំក្បាលម៉ាស៊ីនក្រុមប្រឹក្សាប្រឆាំងអំពើពុករលួយដែលតាមច្បាប់ប្រឆាំងអំពើពុករលួយបានចែង។
លោក យឹម សុវណ្ណ អ្នកតំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្ស សម រង្ស៊ី បានថ្លែងរិះគន់ថា សមាសភាពមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយដែលមានការតែងតាំងពីរដ្ឋាភិបាល នឹងមិនអាចរកយុត្តិធម៌បានទេ ដោយសារតែអ្នកប្រព្រឹត្តអំពើពុករលួយមួយចំនួន ជាមន្ត្រីខិលខូចក្នុងជូររដ្ឋាភិបាលដែរនោះ៕