លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការជាតិទទួលបន្ទុកកិច្ចការព្រំដែននៃព្រះរាជាណាចក្រកម្ពុជាបានអះអាងយ៉ាងដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មានមួយនាទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីល្ងាចថ្ងៃច័ន្ទ ទី២២ កុម្ភៈ។
លោក វ៉ា គឹមហុង មានប្រសាសន៍ដូច្នេះ ៖ «ជាការចោទរាជរដ្ឋាភិបាលខ្លាំងណាស់។ លោក (សម រង្ស៊ី) នៅតែថា អ្វីដែលលោកផ្សាយហ្នឹងវាត្រឹមត្រូវ។ យើងថា វាអត់ត្រឹមត្រូវ។ យើងបានប្រាប់ទៅមិត្តភក្ដិយើងឲ្យប្រាប់ឯកឧត្ដម សម រង្ស៊ី វិញ តែគាត់នៅតែមានៈ នៅតែចោទប្រកាន់រាជរដ្ឋាភិបាលដដែល ដូច្នេះយើងអត់មានអីក្រៅពីវិធានការផ្លូវច្បាប់ទេ»។
លោក វ៉ា គឹមហុង បានបន្ថែមថា ការធ្វើសន្និសីទសារព័ត៌មានគឺជាការឆ្លើយតបទៅនឹងសំណើរបស់គណបក្សសមរង្ស៊ី ដែលជារឿយៗសុំឲ្យធ្វើការបំភ្លឺអំពីការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម ហើយដែលជាពិសេសលោក សម រង្ស៊ី តែងចោទប្រកាន់ថា រដ្ឋាភិបាលកម្ពុជាបានធ្វើឲ្យកម្ពុជាបាត់បង់ទឹកដីតាមរយៈការបោះបង្គោលកំណត់ព្រំដែននោះ។
លោក វ៉ា គឹមហុង បានចាត់ទុកការចោទប្រកាន់របស់លោក សម រង្ស៊ី ថា គ្មានមូលដ្ឋានបច្ចេកទេស ហើយថាជាទង្វើក្បត់ជាតិ។
ប្រតិកម្មតបទៅនឹងការលើកឡើងរបស់លោក វ៉ា គឹមហុង អគ្គលេខាធិការនៃគណបក្សសមរង្ស៊ី លោកស្រី កែ សុវណ្ណរតន៍ បានមានប្រសាសន៍ថា រាល់ទង្វើរបស់គណបក្សសមរង្ស៊ី ព្រមទាំងលោក សម រង្ស៊ី គឺដើម្បីបុព្វហេតុជាតិនិងបូរណភាពទឹកដីនៃកម្ពុជា។
លោកស្រី កែ សុវណ្ណរតន៍ មានប្រសាសន៍ថា ៖ «ប្រសិនណាជារដ្ឋាភិបាលនៅតែយល់ឃើញថា អ្វីដែលគណបក្សប្រឆាំងឲ្យព័ត៌មាន ឲ្យដំណឹង ការពារផលប្រយោជន៍ប្រជាពលរដ្ឋក្នុងន័យការពារប្រទេសជាតិ ការពារទឹកដីវាជាការខុសឆ្គង អាហ្នឹងយើងមិនដឹងជាឆ្ពោះទៅការដឹកនាំប្រទេស ការពារផលប្រយោជន៍ប្រជាពលរដ្ឋយ៉ាងម៉េចទេ បើទឹកដីជាទឹកដីរបស់ខ្លួន ហើយខ្លួនមិនហ៊ានការពារ បើមិនអ៊ីចឹងទេយើងបោះបង្គោលហ្នឹងឡើងវិញទៅ យើងបង្កើតគណៈកម្មការឲ្យទៅបោះបង្គោលហ្នឹងសាឡើងវិញទៅ»។
ទាក់ទងនឹងបញ្ហាព្រំដែន លោក សម រង្ស៊ី ប្រធានគណបក្សសមរង្ស៊ី ត្រូវបានតុលាការខេត្តស្វាយរៀង កាត់ទោសដោយកំបាំងមុខកាលពីពេលថ្មីៗកន្លងទៅនេះ ឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោមការចោទប្រកាន់ពីបទញុះញង់ឲ្យមានការរើសអើងជាតិសាសន៍និងការបំផ្លាញទ្រព្យសម្បត្តិសាធារណៈ បន្ទាប់ពីលោក សម រង្ស៊ី រួមជាមួយប្រជាកសិករមួយចំនួននៅស្រុកចន្ទ្រា បានដកបង្គោលតម្រុយព្រំដែនកម្ពុជា-វៀតណាមចោល កាលពីថ្ងៃទី២៥ តុលា ឆ្នាំ២០០៩៕