សួន សេរីរដ្ឋា ឆ្លើយតប​នឹង​ការចោទ​របស់​រដ្ឋាភិបាល​ទៅ​លើ​បក្ស​ប្រឆាំង

2008-06-23

ទាក់ទង​នឹង​ការលើកឡើង​ជា​ថ្មី​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែល​ថា គណបក្ស​សម​រង្ស៊ី ជាប់​ជំពាក់​នឹង​ការវាយ​ប្រហារ​បាញ់​រ៉ុកែ្កត ប៉ុនប៉ង​ធ្វើ​ឃាត​រូប​លោក ក្នុង​ក្បួន​រថយន្ត​ធ្វើ​ដំណើរ​ទៅ​ខេត្ត​សៀមរាប កាលពី​ឆ្នាំ​១៩៩៨ ហើយ​ទាមទារ កាលពី​ប៉ុន្មាន​ថ្ងៃ​មុន ឲ្យ​តុលាការ​ស៊ើប​អំពើឩក្រិដ្ឋ​នោះ​ជា​ថ្មី នៅមុន​ថ្ងៃ​បោះឆ្នោត​ខាង​មុខ​នេះ មាន​ពលរដ្ឋ​ខ្មែរ​ខ្លះ យល់​ដឹង​ថា ជា​ការប៉ុនប៉ង​បំបែក​គណបក្ស​ប្រឆាំង ដឹកនាំ​ដោយ​លោក សម រង្ស៊ី ។

ថ្មីៗនេះ រដ្ឋាភិបាល បាន​យក​បុរស​ម្នាក់ ឈ្មោះ ឡឹក ប៊ុនញាណ ឲ្យ​បកស្រាយ​ហេតុការណ៍​នោះ ដោយ​ទម្លាក់​កំហុស​លើ​លោក សម រង្ស៊ី ។ តើ ឡឹក ប៊ុនញាណ ចេញ​ពី​ប្រភព​ណា ?

នៅថ្ងៃ​អាទិត្យ ២២ មិថុនា គណៈកម្មាធិការ​ប្រព្រឹត្តកម្ម​ខ្មែរ ដើម្បី​យុត្តិធម៌​និង​សមធម៌​នៅរដ្ឋ​រ៉ូដ​អាយឡិន សហរដ្ឋ​អាមេរិក បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​មួយ បកស្រាយ​រឿង​រ៉ាវ​ខ្លះ ដែល​សាធារណជន​ភាគច្រើន​មិន​បាន​ដឹង​ទាល់​តែសោះ ។

លោក ហាស់ សាន បាន​សួរ​លោក សួន សេរីរដ្ឋា នាយ​បេសកកម្ម​នៃ​អង្គការ​នេះ​តាម​ទូរស័ព្ទ ដែល​មាន​ខ្លឹម​សារ​ដូច​ខាង​ក្រោម ៖
ហាស់ សាន ៖ នៅ​ថ្ងៃ​អាទិត្យ ទី​២២ មិថុនា​នេះ អង្គការ​របស់​លោក គឺ គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​ខ្មែរ​ដើម្បី​យុត្តិធម៌​និង​សមធម៌ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ដាក់​ចំណងជើង​ថា សេចក្ដី​ថ្លែងការណ៍​ពិសេស​មួយ ហាក់​ដូច​ជា​ឆ្លើយតប​ទៅ​នឹង​អ្វី​ដែល​កំពុង​កើត​មាន​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ខ្លឹមសារ​នៃ​សេចក្ដី​ថ្លែងការណ៍​នោះ ហាក់​ដូចជា​ពណ៌នា​អំពី​សកម្មភាព​នយោបាយ​ខ្លះ​ៗ ទាក់ទិន​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់​អំណាច​និង​គណបក្ស​សមរង្ស៊ី ដែល​ថា មាន​ការប៉ុនប៉ង​ធ្វើ​ឃាត​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ការចោទប្រកាន់​ថា គណបក្ស​ប្រឆាំង​ជា​អ្នក​បង្កើត​ចលនា CFF ជា​អ្នក​បង្កើត​ចលនា​មហានគរ ហើយ​និង​របាយការណ៍​មួយ​នៅក្នុង​កាសែត​បារាំង ឈ្មោះ​ថា Cambodge Soir នៅ​ថ្ងៃ​១៨ ខែ​មិថុនា​នេះ​ថា ឃាតកម្ម​លើ​លោក ជា វិជ្ជា គឺ​គណបក្ស​សមរង្ស៊ី ជា​អ្នក​ប្រព្រឹត្ត​ផ្ទាល់​ថែម​ទៀត​ផង ហើយ​លោក​ហាក់​ដូចជា​បាន​បកស្រាយ​បញ្ច្រាស​អំពី​រឿង​ហ្នឹង​ផង ។ ខ្ញុំ​សូម​លោក​បរិយាយ​ថា​តើ​រឿង​ពិត​នៅ​ត្រង់​ណា ហើយ​លោក​សំអាង​លើ​អ្វី ?

សួន សេរីរដ្ឋា ៖ «នៅ​ក្នុង​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​ខ្មែរ​ដើម្បី​យុត្តិធម៌​និង​សមធម៌ គឺ​យើង​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ដើម្បី​គូស​បញ្ជាក់​អំពី​ចំណុច​សំខាន់​ៗ ដែល​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​កំពុង​កាន់​អំណាច​ចោទ​ប្រកាន់​ទៅ​លើ​ក្រុម​គណបក្ស​ប្រឆាំង គឺ​គណបក្ស​លោក សម រង្ស៊ី យើង​សង្កេត​ឃើញ​ថា បី​ចំណុច​សំខាន់​ដែល​គេ​ចោទ​ហ្នឹង គឺ​ជា​ចំណុច​មិន​ពិត​ប្រាកដ ។ លោក ឈុន យ៉ាសិទ្ធិ ដែល​អន្តរជាតិ​ស្គាល់​ថា ជា​ក្រុម CFF នោះ បាន​ឆ្លើយ​តប​នៅ​តុលាការ​ក្នុង​ក្រុង Los Angeles ថា ចលនា​នេះ​អត់​មាន​ទាក់ទង​ទៅ​នឹង​ក្រុម​ណា​ទេ ឬ​បុគ្គល​ណា​ទេ គឺ​ខ្លួន​គាត់​តែ​ម្នាក់​ឯង​គត់ ជា​អ្នក​ទទួល​ខុសត្រូវ ។ ដូច្នេះ ការ​ដែល ឡឹក ប៊ុនញាណ បង្កើត​ឡើង​នូវ​បញ្ជី​ឈ្មោះ CFF រួច​ហើយ​ទៅ​ចុះចូល​ជាមួយ​រដ្ឋាភិបាល ចោទ​ប្រកាន់​ទៅ​ក្រុម​គណបក្ស​សមរង្ស៊ី យើង​បាន​ធ្វើ​ការអង្កេត​ឃើញ​ថា ឡឹក ប៊ុនញាណ បន្ទាប់ពី​ត្រូវ​បាន​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀសខ្លួន​នៅ​ប្រទេស​ថៃ ទម្លាក់​សិទ្ធិ​មិន​ឲ្យ​ឋានៈ​ជា​ជន​ភៀស​ខ្លួន គឺ​បាន​ដើរ​ទាក់ទង​ជាមួយ​ប្រជាពលរដ្ឋ​ដែល​កំពុង​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ថៃ​ទាំងអស់​ឲ្យ​ចូលរួម​ជាមួយ​ខ្លួន ស៊ីញ៉េ ផ្ដិត​មេដៃ ដាក់​ឈ្មោះ ដាក់​អាសយដ្ឋាន រួច​ហើយ​បាន​បោកប្រាស​ថា យក​ឈ្មោះ​ហ្នឹង យក​ទៅ​សុំ​អង្គការ​ជំនួយ​មនុស្សធម៌​មក​ជួយ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ស្នាក់នៅ​ក្នុង​ប្រទេស​ថៃ សុំ​សិទ្ធិ​ជ្រកកោន ប៉ុន្តែ​តាម​ពិត ឈ្មោះ​នេះ [ឡឹក ប៊ុនញាណ] បាន​ចូល​បម្រើ​នៅ​ក្នុង​ឋានៈ​ជា​បេសកជន​ពិសេស​នៃ​ក្រុម​ចារកម្ម​របស់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ នៅ​ក្នុង​ចលនា​ក្រុម​អ្នក​ដែល​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ថៃ គឺ​គេ​បាន​យក​ហត្ថលេខា ឈ្មោះ និង​ស្នាម​មេដៃ​នៃ​ជន​រងគ្រោះ​ដែល​មិន​មែន​ជា​សមាជិក​របស់ CFF ទេ ហើយ​មួយ​ទៀត​ទាក់ទង​នឹង​ចលនា​ខ្មែរ​មហានគរ យើង​បាន​រក​ឃើញ​ថា ចលនា​នេះ ត្រូវ​បាន​ចាប់​បដិសន្ធិ​ឡើង ក្នុង​រយៈកាល​ដ៏​ខ្លី ហើយ​ចំណាត់ការ​របស់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ក៏​ខ្លី​ដែរ ។ ការពិត គឺ ច័ន្ទ ដារាវាសនា ដែល​ជា​ប្រធាន​ចលនា​នេះ គឺ​ជា​ក្មួយ​ប្រសា​របស់​លោក សាយ ឈុំ ជា​អគ្គលេខាធិការ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​មាន​ឋានៈ​ជា​តំណាងរាស្ត្រ​នៅ​មណ្ឌល​កំពង់ស្ពឺ»

មន្ត្រី​រដ្ឋាភិបាល​និង​គណបក្ស​ប្រជាជន​កម្ពុជា មិនទាន់​បង្ហាញ​ប្រតិកម្ម​អ្វី​នៅ​ឡើយ​ទេ ចំពោះ​សេចក្តី​ថ្លែងការណ៍ ដែល​ចោទ​មន្រ្តី​កាន់​អំណាច​ថា បាន​ច្នៃប្រឌិត​រឿង​ដើម្បី​កម្ទេច​គណបក្ស​ប្រឆាំង ៕

អត្ថបទ​ដែល​ទាក់ទង

នាយក​រដ្ឋមន្ត្រី​ថៃ​ប្រឈម​មុខ​នឹង​ការទាមទារ​ឲ្យ​ចុះចេញ​ពី​តំណែង

នាយក​រដ្ឋមន្ត្រី​ថៃ​នឹង​មិន​លាលែង​ពី​តំណែង​តាម​ការទាមទារ​របស់​ក្រុម​អ្នក​តវ៉ា

ស្ថានការណ៍​នយោបាយ​នៅ​ប្រទេស​ថៃ​កាន់តែ​តានតឹង

ភាព​តានតឹង​ផ្នែក​នយោបាយ​នៅ​ប្រទេស​ថៃ​ឈាន​ដល់​សភាព​ធ្ងន់ធ្ងរ

បក្ស​ប្រឆាំង៖ ការបញ្ចប់​ថ្ងៃ​តវ៉ា​ពី​ការបោះ​ឆ្នោត​ជា​ការបង្ហាញ​នូវ​ភាព​អយុត្តិធម៌

បក្ស​សមរង្ស៊ី​និង​បក្ស​សិទ្ធិមនុស្ស​សរសេរ​លិខិត​ទៅ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី

ចលនា​ខ្មែរ​ម្ចាស់​ស្រុក​នឹង​ធ្វើ​សន្និបាត​លើក​ទី​២​នៅ​ថ្ងៃ​៣០ សីហា នៅ​អាមេរិក

គណៈកម្មការ​ជំនាញ​ទាំង​៩​របស់​រដ្ឋសភា​ថ្មី​នឹង​ត្រូវ​កាន់កាប់​ដោយ​បក្ស​ប្រជាជន

សម រង្ស៊ី ចោទ​ថា រដ្ឋាភិបាល​ហ៊ុន សែន មិន​គោរព​ច្បាប់, ជាម យៀប បដិសេធ

ព្រះរាជ​តម្រិះ​របស់​អតីត​ព្រះ​មហាក្សត្រ​ជុំវិញ​បញ្ហា​រាជវង្សានុវង្ស​និង​នយោបាយ