មណ្ឌលទាំងពីរកន្លែងនោះ មានទីតាំងស្ថិតនៅព្រៃស្ពឺ ក្នុងសង្កាត់ចោមចៅខណ្ឌដង្កោ ជាយទីក្រុងភ្នំពេញ និងមួយកន្លែងទៀតគឺមានទីតាំងស្ថិតនៅលើកោះគរ ជាកោះមួយស្ថិតនៅក្នុងស្រុកស្អាងខេត្តកណ្តាល ជាអតីតគុកនៃរបបខែ្មរក្រហម ។
លោក អំ សំអាត ប្រធានផែ្នកស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្ស លីកាដូ ដែលបានស្រាវជ្រាវករណីនេះជាច្រើនខែមកហើយ បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីនៅថៃ្ងសៅរ៍នេះថា ៖ «បើយើងគិតពីផ្លូវច្បាប់ទៅ អ្នកទាំងអស់នោះគ្មានទោសគ្មានពៃរ៍អ្វីទាំងអស់ ពួកគាត់គ្រាន់តែជាអ្នកនៅតាមចិញ្ចើមផ្លូវ ឬក៏ជាអ្នកដើររើសអេតចាយ ឬមួយជាស្ត្រីដែលគាត់រកស៊ីពេលយប់តាមសួនច្បារ ហើយត្រូវបានគេចាប់យកទៅដាក់ឃុំនៅមណ្ឌលព្រៃស្ពឺហ្នឹង ដាក់នៅក្នុងបន្ទប់ដោយមួយថ្ងៃឲ្យចេញតែម្ដង ឬក៏ពីរដង ញ៉ាំមិនឆ្អែត ខ្លះទៀតមានការវាយដំទារុណកម្មពីសំណាក់សន្តិសុខនៅទីនោះ ។ ក្រោយពីគេឃុំឃាំងនៅទីនោះមួយខែ ឬពីរខែរ បានគេបញ្ជូនទៅមណ្ឌលមួយទៀត គឺមណ្ឌលកោះគរ ហើយនៅក្នុងបន្ទប់ហ្នឹងគឺគ្មានបង្គន់បត់ជើងទេ គឺបត់ជើងដាក់ស្បោងយកទៅដាក់ក្នុងធុងមួយ» ។
លោក អំ សំអាត បានឲ្យដឹងថា លោកបានឃើញផ្ទាល់ភ្នែក មនុស្សចំនួន ៨០នាក់ មានស្រ្តី កុមារ បុរស និងស្រ្តីមានផៃ្ទពោះជាប់ក្នុងមណ្ឌលកោះគរនោះ ប៉ុនែ្តក្រោយមក ពួកគេត្រូវបានដោះលែងឲ្យមានសេរីភាពវិញ ក្រោយពីអង្គការលីកាដូរបស់លោកបានសរសេរលិខិតស្នើសុំអន្តរាគមន៍ទៅលោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផៃ្ទ និងទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារ ។
ដោយទ្បែកមណ្ឌលព្រៃស្ពឺ នៅជាយក្រុងភ្នំពេញ គេមិនបានអនុញ្ញាតឲ្យរូបលោកបានចូលពិនិត្យទ្បើយ ។
សេចក្តីថែ្លងការណ៍របស់អង្គការ លីកាដូ ជុំវិញការស្រាវជ្រាវករណីខាងលើ បានឲ្យដឹងថា អតីតអ្នកជាប់ឃុំក្នុងមណ្ឌលព្រៃស្ពឺ បាននិយាយថា ស្ថានការណ៍រស់នៅគឺចង្អៀតណាស់ ខ្វះម្ហូបអាហារ ខ្វះទឹកស្អាត និងមានអំពើហិង្សាដោយក្រុមសន្តិសុខ ។
ទាក់ទងនឹងការចោទប្រកាន់ខាងលើថាមានទីកន្លែងឃុំឃាំងខុសច្បាប់នៅក្នុងប្រទេសកម្ពុជា លោក ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផៃ្ទ បានមានប្រសាសន៍ថា រដ្ឋាភិបាលអនុញ្ញាតឲ្យមានតែមន្ទីរឃុំឃាំងស្របច្បាប់តែប៉ុណ្ណោះ ។
ប្រភពពីអ្នកស្រាវជ្រាវរបស់អង្គការសិទ្ធិមនុស្ស បានឲ្យដឹងថា នៅក្នុងប្រទេសកម្ពុជាមានពន្ធនាគារស្របច្បាប់ចំនួន២៤ ប៉ុណ្ណោះ រាប់ទាំងគុកព្រៃស ជាកន្លែងឃុំឃាំងធំជាងគេក្នុងប្រទេសកម្ពុជា ៕
