រដ្ឋាភិបាល​មិន​ផ្លាស់​ប្ដូរ​ជំហរ​ចំពោះ​លទ្ធផល​ប្រឡង​របស់​និស្សិត​ពេទ្យ

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ខ្មែរ លោក ផៃ ស៊ីផាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​១៣ តុលា​ថា រដ្ឋាភិបាល​នៅ​រក្សា​ជំហរ​ដដែល​ចំពោះ​និស្សិត​ដែល​ប្រឡង​ជាប់​និង​និស្សិត​ដែល​ប្រឡង​ធ្លាក់ ក្នុង​ការ​ប្រឡង​នៅ​សាកល​វិទ្យាល័យ​វិទ្យាសាស្រ្ដ​សុខាភិបាល កាល​ពី​ថ្ងៃ​២៩​និង​៣០ កញ្ញា​កន្លង​មក​នេះ ដើម្បី​រក្សា​នូវ​គុណភាព​វិជ្ជាជីវៈ​ពេទ្យ​និង​សុវត្ថិភាព​របស់អ្នក​ជំងឺ។

លោក ផៃ ស៊ីផាន បាន​ឲ្យ​ដឹង​ដូច្នេះ​ថា ៖ «យើង​អត់​មាន​បំពេញ​ចិត្ត​អ្នក​អត់​មាន​សមត្ថភាព ហ្នឹង​អាច​ជា​ការ​រំលោភ​ដល់​អ្វី​ដែល​ជា​សុវត្ថិភាព និង​ប្រសិទ្ធភាព​ការងារ​របស់​វិស័យ​សុខាភិបាល ជា​វេជ្ជបណ្ឌិត»

ការ​ប្រកាស​ជា​ថ្មី​យ៉ាង​ដូច្នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពី​និស្សិត​ប្រហែល​៥០០​នាក់ ក្នុង​ចំណោម​និស្សិត​ដែល​ប្រឡង​ធ្លាក់​ជាង​១.០០០​នាក់ បាន​ប្រកាស​តវ៉ា​ប្រឆាំង ដោយ​ចោទ​ថា ការ​ប្រឡង​នោះ​មាន​ភាព​មិន​ប្រក្រតី ពោល​គឺ​មាន​ការ​ទាក់ទង​ទៅ​នឹង​អំពើ​ពុក​រលួយ ស៊ី​សំណូក​សូក​ប៉ាន់​នៅ​ក្នុង​វិស័យ​នេះ។

ម្នាក់​ក្នុង​ចំណោម​និស្សិត​ដែល​ធ្វើ​ការ​តវ៉ា កញ្ញា ម៉ូលីនិក បាន​រៀប​រាប់​អំពី​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ការ​ប្រឡង ដែល​រៀបចំ​ដោយ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ហើយ​ដែល​កញ្ញា​អះអាង​ថា កញ្ញា​មិន​អាចទទួល​យក​បាន។

កញ្ញា ម៉ូលីនិក បាន​អះអាង​ដូច្នេះ​ថា ៖ «ថ្ងៃ​បិទ​ក្រដាស​លទ្ធផល​ប្រឡង បិទ​នៅ​ម៉ោង​៩​យប់ អ៊ីចឹង​ពួក​ខ្ញុំ​អត់​យល់​ថា ហេតុអី​ប្រឡង​ថ្នាក់​ជាតិ​មួយ​ទាំង​មូល ដែល​មិន​មែន​ជា​ការ​ប្រឡង​លេង​សើច​ត្រឹម​តែ​ឆមាស​របស់​សាលា ហេតុអី​ក៏​មាន​ការ​ឆ្វេស​ប្រហែស ខ្វះ​ចន្លោះ​ច្រើន​ម្ល៉េះ?»

ចំណែក​ឯ​និស្សិត​ជា​បុរស​មួយ​រូប ក៏​ដូច​ជា​និស្សិត​ដទៃ​ទៀត ដែល​បាន​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ក៏​បាន​បញ្ជាក់​ពី​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ស្រដៀង​គ្នា​នឹង​​ការ​លើក​ឡើង​របស់​កញ្ញា ម៉ូលីនិក ដែរ។ ទោះ​យ៉ាង​ណា លោក​នៅ​តែ​សង្ឃឹម​ថា នឹង​មាន​អន្តរាគមន៍​ពី​សំណាក់​ប្រមុខ​រដ្ឋាភិបាល​ចំពោះ​បញ្ហា​នេះ។

និស្សិត​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ថ្លែង​ដូច្នេះ ៖ «និស្សិត​ទាំង​អស់​សង្ឃឹម​ជឿ​ជាក់​យ៉ាង​មុតមាំ​ថា សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន នឹង​ផ្ដល់​ដំណោះ​ស្រាយ​ឲ្យ​សមស្រប​សម្រាប់​ពួក​ខ្ញុំ​ទាំង​អស់​គ្នា ដែល​ជា​និស្សិត​ស្រេកឃ្លាន​ការ​សិក្សា​ទាំង​អស់»

ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​អ្នក​តាមដាន​ការ​តវ៉ា​របស់​ក្រុម​និស្សិត លោក រ៉ុង ឈុន បាន​ថ្លែង​ថា ក្រុម​និស្សិត​ទាំង​នោះ​មិន​មែន​អសត្ថភាព​ទេ ព្រោះ​ពួក​គេ​មាន​វិញ្ញាបនបត្រ ហើយ​អាច​នឹង​បន្ត​ការ​សិក្សា​នៅ​ឆ្នាំ​ទី​២​បាន។

លោក រ៉ុង ឈុន បាន​ថ្លែង​ដូច្នេះ ៖ «យើង​ទទួល​បាន​ព័ត៌មាន​គ្រប់​ច្រក​ល្ហក​មក នៅ​សាលា​ពេទ្យ​ហ្នឹង​មាន​អំពើ​ពុក​រលួយ​សម្បើម​ណាស់ ការ​ដែល​ប្រឡង​ឡើង​ថ្នាក់ ប្រឡង​ឆមាស ប្រចាំ​ឆ្នាំ ប្រចាំ​ខែ​អី សូក​ទៅ​តាម​មុខ​វិជ្ជា​បួន​ដប់​ដុល្លារ ម្ភៃ​ដុល្លារ។ អ៊ីចឹង​ការ​ដែល​ពង្រឹង​គុណភាព​នៅ​ក្នុង​វិស័យ​សុខាភិបាល មិន​មែន​ការ​ពង្រឹង​ដោយ​ជម្រុះ​និស្សិត​ចោល​បែប​ហ្នឹង​ទេ»

គួរ​រំឭក​ជូន​ថា ក្រុម​និស្សិត​អ្នក​តវ៉ា​ទាំង​នោះ បាន​រៀន​ថ្នាក់​ត្រៀម​ដោយ​ម្នាក់ៗ​ត្រូវ​បង់​ប្រាក់​៨០០​ដុល្លារ​ក្នុង​១​ឆ្នាំ។ ក្រុម​និស្សិត​បាន​ចាប់​ផ្ដើម​ការ​តវ៉ា​តាំង​ពី​ថ្ងៃ​ទី​៩ តុលា ដោយ​ទាមទារ​ឲ្យ​បាន​ចូល​រៀន​បន្ត​ទៀត ហើយ​បដិសេធ​នូវ​លទ្ធផល​នៃ​ការ​ប្រឡង​នោះ ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​ដដែល​បាន​ជំរុញ​ឲ្យ​មាន​ការ​ប្តឹង​ទៅ​តុលាការ​បើ​សិន​ជា​ពួកគេ​នៅ​តែ​មិន​សុខ​ចិត្ត៕