រដ្ឋាភិបាល​បដិសេធ​របាយការណ៍​​រំលោភ​សិទ្ធិ​មនុស្ស​នៅ​មណ្ឌល​អប់រំ​គ្រឿង​ញៀន

រដ្ឋាភិបាល​កម្ពុជា​បដិសេធ​មិន​បាន​ទទួល​ស្គាល់​ចំពោះ​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អាស៊ី ឬ Human Rights Watch Asia ដែល​បាន​និយាយ​អំពី​ការ​ធ្វើ​ទារុណ​កម្ម​មនុស្ស នៅ​ក្នុង​មណ្ឌល​ស្តារ​នី​តិ​សម្បទា​មួយ​ចំនួន។

រដ្ឋាភិបាល​ប្រទេស​កម្ពុជា​នៅ​ថៃ្ង​អង្គារ​នេះ បាន​កោះ​ប្រជុំ​អន្តរ​ក្រសួង​ជា​បន្ទាន់​មួយ​ដើម្បី​បំភ្លឺ និង​បដិសេធ​ចំពោះ​សេចក្តី​ថែ្លង​ការណ៍​របស់​អង្គការ​ឃ្លាំ​មើល​​សិទ្ធិ​មនុស្ស​អាស៊ី ឬ Human Rights Watch Asia ដែល​បាន​ចោទ​ប្រកាន់​ថា មណ្ឌល​ស្តារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿង​ញៀន​នានា​នៅ​កម្ពុជា​បាន​ធ្វើ​ទារុណកម្ម ឆក់​ខ្សែ​ភ្លើង​ វាយ​នឹង​ខ្សែតី និង​វាយ​ធ្វើ​បាប​ជា​ដើម​។

កិច្ច​ប្រជុំ​ជា​សំខាន់ និង​ជា​បន្ទាន់​នោះ​បាន​ធ្វើ​ទ្បើង​ក្រោម​អធិបតី​ភាព​របស់​លោក កែ គឹមយ៉ាន ជា​ឧប​នាយក​រដ្ឋមន្រ្តី និង​ជា​ប្រធាន​នៃ​អជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ ដែល​មាន​តំណាង​មក​ពី​ក្រសួង​ពាក់​ព័ន្ធ​មាន​ដូច​ជា​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិ​សម្បទា ក្រសួង​មហា​ផ្ទៃ ក្រសួង​ការពារ​ជាតិ និង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន។

លោក នាក់ យុទ្ធា ជា​ប្រធាន​នាយក​ដ្ឋាន​នៃ​នី​តិកម្ម​អប់រំ និង​ស្តារ​នីតិសម្បទា​នៃ​អគ្គ​លេខាធិការ​ដ្ឋាន របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុអាស៊ីសេរី​នៅ​ថៃ្ងអង្គារ ថា អន្តរ​ក្រសួង​នឹង​ចេញ​សេចក្តី​បដិសេធ​មួយ​នា​ពេល​ឆាប់ៗ​នេះ។

លោក នាក់ យុទ្ធា បញ្ជាក់​ថា ៖ «គឺ​ឆន្ទៈ​រដ្ឋាភិបាល​គ្មាន​គំនិត​ធ្វើ​អ្វី​ដូច​ជា​ការ​ចោទ​ប្រកាន់​ទេ យើង​ខិត​ខំ​ប្រឹងប្រែង​ធ្វើ​បាន​ល្អ។ ប៉ុន្តែ​អ្វី​ដែល​គាត់​យល់​គឺ​ជា​រឿង​របស់​គាត់​ ហើយ​សេចក្តី​ថ្លែង​ការណ៍​នឹង​ចេញ​ថ្ងៃ​ស្អែក ពុំ​មាន​ការ​វាយ​ដំ​ច្រំ​ធាក់​អី​ទេ​សម្រាប់​មជ្ឈមណ្ឌល​បន្សាប​គ្រឿង​ញៀន​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​ស្ថាប័ន​រដ្ឋ ហេតុ​អី​បាន​ជា​ខ្ញុំ​និយាយ​អី​ចឹង​ គឺ​ភាគ​ច្រើន​នៃ​ពួក​គេ​គឺ​ស្ម័គ្រ​ចិត្ត​ត្រូវ​បាន​ម៉ែ​ឪ​យក​ទៅ»

ប្រភព​បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​មាន​មណ្ឌល​អប់រំ និង​ស្តារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿង​ញៀន​ចំនួន​ជាង ១០ កន្លែង​ដែល​មាន​មនុស្ស​ចំនួន​ជាង ១០០០​នាក់​កំពុង​តែ​ទទួល​ការ​អប់រំ និង​បន្សាប​គ្រឿង​ញៀន​ឲ្យ​ចេះ​កាត់​សក់ ជួស​ជុល​ម៉ូតូ កុំព្យូទ័រ និង​ជួសជុល​ម៉ាញ៉េ​ជា​ដើម។

ផ្ទុយ​ពី​ការ​អះអាង​នោះ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អាស៊ី ឬ Human Rights Watch Asia កាល​ពី​ថៃ្ង​ទី​៣១ ចុងខែ​មករា​ថ្មីៗ​នេះ បាន​និយាយ​ចោទ​ប្រកាន់​ថា មាន​ការ​រីក​រាល​ដាល​នៃ​អំពើ​ធ្វើ​ទារុណកម្ម​ដូច​ជា​វាយ​ធ្វើ​បាប​ឆក់​ខ្សែ​ភ្លើង វាយ​នឹង​ខ្សែ​តី​ជា​ដើម​លើ​មនុស្ស និង​កុមារ​នៅ​ក្នុង​មណ្ឌល​ជា​ច្រើន​ក្នុង​នោះ​មាន​មណ្ឌល​ចោម​ចៅ​ជាយ​ទី​ក្រុង​ភ្នំពេញ​ផង​ដែរ។

សេចក្តី​ថែ្លង​ការណ៍​បាន​ទទូច​សុំ​ឲ្យ​អង្គការ UNICEF និង​ការិយាល័យ​របស់​​អ.ស.ប. គ្រប់គ្រង​គ្រឿង​ញៀន និង​បទ​ឧក្រិដ្ឋកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា ​បញ្ជាក់​ទៅ​រដ្ឋាភិបាល​កម្ពុជា​ថា មណ្ឌល​ទាំង​នោះ​គប្បី​ត្រូវ​បាន​បិទ ដោយសារ​តែ​មាន​អំពើ​រំលោភ​បំពាន និង​ខុស​ច្បាប់។

អង្គការ​ការពារ​សិទ្ធិ​មនុស្ស លីកាដូ បាន​ចេញ​របាយការណ៍​ស្រាវជ្រាវ​មួយ​កាល​ពី​ថៃ្ង​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០០៨​នោះ ដោយ​បាន​សុំ​ឲ្យ​រដ្ឋាភិបាល​បិទ​ជំរំ​ឃុំឃាំង​មនុស្ស​ដែល​ខុស​ច្បាប់​ចំនួន ២​កន្លែង​នៅ​ក្នុង​នោះ​មាន​មណ្ឌល​ព្រៃស្ពឺ នៅ​ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ដង្កោ​ ជាយ​ទី​ក្រុង​ភ្នំពេញ និង​មណ្ឌល​កោះគ នៅ​លើ​កោះ​មួយ​នៅ​ក្នុង​ស្រុក​ស្អាង ខេត្ត​កណ្តាល។

របាយការណ៍​នោះ​បាន​បង្ហាញ​ថា ស្ថានការណ៍​រស់​នៅ​ក្នុង​មណ្ឌល​នោះ​គឺ​គ្មាន​អនាម័យ​ គ្មាន​ទឹក​ស្អាត​ប្រើប្រាស់ គ្មាន​ថ្នាំ​ព្យាបាល​ ព្រម​ទាំង​មាន​អំពើ​ហិង្សា​ដោយ​ក្រុម​សន្តិសុខ​យាម​ការពារ​មណ្ឌល​នោះ។ មន្រ្តី​នៃ​ក្រសួង​មហាផៃ្ទ​ធ្លាប់​បាន​បដិសេធ​ទៅ​នឹង​របាយការណ៍​នោះ​កន្លង​មក៕