សូមជម្រាបថា នៅក្នុងការផ្សាយព័ត៌មានតាមបណ្តាញកាសែតនិងវិទ្យុកន្លងមក មានការផ្សាយថា លោក កែ គឹមយ៉ាន អាចប្រឈមមុខនឹងបណ្តឹងតុលាការ ពីបទជាប់ពាក់ព័ន្ធនឹងករណីបញ្ហាដីធ្លី។
សេចក្តីរាយការណ៍នោះទៀត បានបន្ថែមថា គណៈរដ្ឋមន្ត្រីបានសម្រេចឲ្យបើកការស៊ើបអង្កេតទៅលើក្រុមហ៊ុនណាដែលមានការជាប់ជំពាក់ជាមួយនឹងលោក កែ គឹមយ៉ាន ក្នុងបញ្ហាដីធ្លីនោះ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ នាថ្ងៃសៅរ៍នេះ គណៈរដ្ឋមន្ត្រីបានថ្លែងចាត់ទុកថា ការផ្សាយព័ត៌មានទាំងនោះ គឺជាអំពើញុះញង់និងជាការបង្កភាពអាប់អួរផ្នែកនយោបាយ។
សេចក្តីថ្លែងការណ៍និយាយថា រដ្ឋាភិបាលកំពុងធ្វើការស៊ើបអង្កេតរកជនដែលបានលួចបញ្ចេញឯកសារផ្ទៃក្នុងរបស់រាជរដ្ឋាភិបាល ហើយគ្រោងនឹងចាត់វិធានការដ៏តឹងរ៉ឹងចំពោះមុខសញ្ញានោះ៕