ប្រធានអង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរ លោក មឿង សុន មានប្រសាសន៍នៅថ្ងៃទី១២ ឧសភាថា ថ្វីត្បិតតែការទាមទាររបស់រដ្ឋាភិបាលខ្មែរមានចំនួនទឹកប្រាក់តិចជាងការទាមទាររបស់អង្គការសង្គមស៊ីវិលដែលទាមទារឲ្យរដ្ឋាភិបាលថៃសងសំណងជាង ៩លានដុល្លារដែលបូកបញ្ចូលទាំងជំងឺចិត្តរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារការវាយប្រហារនោះក្តី តែបានបង្ហាញពីជំហរស្រឡាញ់ជាតិនិងសាមគ្គីដូចគ្នា។
លោក មឿង សុន មានប្រសាសន៍ដូច្នេះថា ៖ «ការទាមទាររបស់រាជរដ្ឋាភិបាលជាផ្លូវការនេះវាសំខាន់ណាស់ ត្រង់ថា រដ្ឋាភិបាលបានគាំទ្រគាត់ទាមទារដូចអង្គការយើងដែរ តែគ្រាន់តែខុសទឹកប្រាក់វាអត់សំខាន់ទេ សំខាន់រដ្ឋាភិបាលគាត់ជាស្ថាប័នកំពូលយើងគោរព ហើយលោកបានដាក់ជាផ្លូវការ ហ្នឹងគឺជាការសំខាន់»។
ការអបអររបស់ក្រុមសង្គមស៊ីវិលបានធ្វើឡើង ក្រោយពីរដ្ឋាភិបាលខ្មែរបានចេញសេចក្តីទាមទារផ្លូវការមួយកាលពីថ្ងៃច័ន្ទ ទី១១ ឧសភានេះ ដែលសុំឲ្យថៃទទួលខុសត្រូវទាំងស្រុងនៅលើការបំផ្លាញនោះដែលគិតជាទឹកប្រាក់ចំនួនជាង ២លានដុល្លារ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសដដែលនោះ គេបានបញ្ជាក់ថា កងទ័ពថៃបានប្រើកាំភ្លើងធុនធំបាញ់ផ្លោងចូលក្នុងទឹកដីកម្ពុជានៃតំបន់ប្រាសាទព្រះវិហារកាលពីថ្ងៃទី៣ មេសា ដែលនាំឲ្យតូបនៅក្នុងផ្សារចំនួន ២៦៤តូប ត្រូវបានឆេះ ហើយបាននាំឲ្យប្រជាពលរដ្ឋខ្មែរដល់ទៅ ៣១៩គ្រួសារបាត់បង់ជម្រក។
អ្នកនាំពាក្យរបស់ក្រសួងការបរទេស លោក កុយ គួង មានប្រសាសន៍ថា ការទាមទារសំណងបានធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលខ្មែរចំណាយពេលមួយរយៈដើម្បីសិក្សាការខូចខាតផ្សារនិងភូមិរបស់ប្រជាពលរដ្ឋនៅមុខប្រាសាទព្រះវិហារ ៖ «ដូច្នេះហើយរដ្ឋាភិបាលបានផ្ញើកំណត់ភ្លាមៗមួយឲ្យរដ្ឋាភិបាលថៃទទួលខុសត្រូវចំពោះការខូចខាតទាំងនេះ»៕
