មន្រ្តី​ជាន់​ខ្ពស់​ខ្មែរ​ខ្វែង​គំនិត​គ្នា​ក្នុង​ការ​លើក​លែង​ទោស​ ហង្ស ចក្រា

មន្រ្តី​ជាន់​ខ្ពស់​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា មាន​ការ​ខ្វែង​គំនិត​គ្នា​នៅ​ជុំវិញ​ការ​លើក​លែង​ទោស​លោក ហង្ស ចក្រា ជា​ចាងហ្វាង​កាសែត​ខែ្មរ​ម្ចាស់​ស្រុក​ដែល​មាន​និន្នាការ​គាំទ្រ​គណបក្ស​សមរង្ស៊ី​នោះ។

0:00 / 0:00

ប្រភព​ពី​មន្រ្តី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា បាន​បង្ហើប​ឲ្យ​ដឹង​ថា លោក សុខ អាន ជា​ឧបនាយក​រដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​នៃ​ទី​ស្តីការ​គណៈរដ្ឋមន្រ្តី​នោះ បាន​បដិសេធ​មិន​ព្រម​ឲ្យ​មាន​ការ​លើក​លែង​ទោស​លោក ហង្ស ចក្រា ជា​ចាងហ្វាង​កាសែត​ខែ្មរ​ម្ចាស់​ស្រុក​នោះ​ទេ បើ​ទោះ​បី​ជា​ព្រះករុណា ព្រះមហាកក្សត្រ​ខែ្មរ ព្រះ​បាទ​បរមនាថ នរោត្តម សីហមុនី បាន​ស្នើ​សុំ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ពិនិត្យ​មើល​អំពី​ការ​លើកលែង​ទោស​នោះ​ក៏ដោយ។

លោក ខៀវ កាញារីទ្ធ ជា​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​និង​ជា​មន្រ្តី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ​នោះ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថៃ្ង​ច័ន្ទ ទី​៩ ខែ​វិច្ឆិកា​នេះ​ថា លោក​គាំទ្រ​ឲ្យ​លើកលែង​ទោស​លោក ហង្ស ចក្រា នោះ ប៉ុន្តែ​លោក សុខ អាន ជា​ដើម​បណ្ដឹង​មិន​យល់​ព្រម​ទេ ពីព្រោះ​លោក​យល់​ថា ការ​លើក​លែង​ទោស​នោះ​វា​នឹង​ក្លាយ​ជា​ទម្លាប់​មិន​ល្អ​ទៅ​ថៃ្ង​ក្រោយ​ទៀត។

លោក ខៀវ កាញារីទ្ធ បាន​មាន​ប្រសាសន៍​ទៀត​ថា នេះ​ជា​ជម្រើស​ចុង​ក្រោយ​ហើយ​របស់​លោក ហង្ស ចក្រា ដោយ​លោក​បាន​បញ្ជាក់​ទៀត​ថា លោក​នឹង​បន្ត​ជួយ​ឧត្ថម្ភ​នានា​ដល់​គ្រួសារ​របស់​លោក ហង្ស ចក្រា នោះ​ទៀត ដែល​មាន​ជីវភាព​ក្រ​លំបាក។

លោក យឹម សុវណ្ណ តំណាង​រាស្រ្ត​នៃ​គណបក្ស​សមរង្ស៊ី និង​ជា​មន្រ្តី​អ្នក​នាំ​ពាក្យ​របស់​គណបក្ស​នេះ​ផង​ដែរ បាន​មាន​ប្រសាសន៍​ថា ៖ «ទម្លាប់​ដែល​ល្អ គឺ​ទម្លាប់​ឲ្យ​មាន​ការ​អធ្យាស្រ័យ អត់​ឱន​គ្នា​ចំពោះ​អ្នក​ទន់​ខ្សោយ អ្នក​ដែល​គ្មាន​អំណាច អ្នក​ដែល​គ្រាន់​តែ​ប្រើ​ស្លាប​ប៉ាកកា ដើម្បី​ប្រកប​មុខ​របរ​របស់​ខ្លួន​តែប៉ុណ្ណឹង​ទេ។ ខ្ញុំ​យល់​ឃើញ​ថា លោក ហង្ស ចក្រា គឺ​ជា​មនុស្ស​ស្លូត​ត្រង់»

លោក អំ សំអាត ប្រធាន​ក្រុម​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល ហៅ​កាត់​ថា លីកាដូ បាន​មាន​ប្រសាសន៍​ថា លោក​មាន​ការ​សោកស្តាយ​ចំពោះ​ការ​មិន​យល់​ព្រម​នោះ។

លោក អំ សំអាត មាន​ប្រសាសន៍​ដូច្នេះ ៖ «គ្រាន់​តែ​បញ្ចេញ​មតិ​របស់​ខ្លួន ហើយ​ត្រូវ​ជាប់​ពន្ធនាគារ​ដោយ​ពុំ​មាន​ការ​លើក​លែង​ទោស ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​គាត់​មក​ប្រកប​មុខ​វិជ្ជាជីវៈ​ជា​អ្នក​សារ​ព័ត៌មាន​វិញ»

កាល​ពី​ថៃ្ង​ទី​២៧ ខែ​តុលា ថ្មីៗ​នេះ ព្រះ​ករុណា​ព្រះមហាក្សត្រ​ខែ្មរ ព្រះបាទ​បរមនាថ នរោត្តម សីហមុនី ព្រះអង្គ​បាន​ផ្ញើ​ព្រះ​រាជសារ​លិខិត​មួយ​ច្បាប់​ជូន​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន មេត្តា​ពិនិត្យ​ដោយ​អនុគ្រោះ ចំពោះ​អ្វី​ដែល​ព្រះអង្គ​បាន​ទទួល​សំណើ​ទូល​ថ្វាយ​ពី​សំណាក់​តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី សុំ​ឲ្យ​ព្រះអង្គ​ប្រទាន​ការ​លើកលែង​ទោស​លោក ហង្ស ចក្រា នោះ។

ប្រភព​បាន​ឲ្យ​ដឹង​ថា ព្រះមហាក្សត្រ​អាច​ប្រទាន​ការ​លើកលែង​ទោស​ទៅ​បាន លុះត្រា​ណា​មាន​សំណើ​ពី​នាយករដ្ឋមន្រ្តី​ជាមុន​សិន។ នៅ​មិន​ទាន់​ទាក់ទង​មន្រ្តី​នៃ​ខុទ្ទកាល័យ​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ទេ នៅ​ថៃ្ង​ច័ន្ទ ទី​៩ ខែ​វិច្ឆិកា​នេះ ពីព្រោះ​ជា​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ជាតិ។

លោក ហង្ស ចក្រា អាយុ​៥៥​ឆ្នាំ ជា​ចាងហ្វាង​កាសែត​ខែ្មរ​ម្ចាស់​ស្រុក គាំទ្រ​គណបក្ស​សមរង្ស៊ី ត្រូវ​បាន​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​កាត់ទោស​ឲ្យ​ជាប់​គុក​១២​ខែ និង​ផាក​ពិន័យ​ជា​ប្រាក់​៩​លាន​រៀល កាល​ពី​ថៃ្ង​ទី​២៦ ខែ​មិថុនា​កន្លង​ទៅ ក្រោម​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត ជុំវិញ​ការ​បំបែក​មន្រ្តី​ពុក​រលួយ​នៅ​ជុំវិញ​លោក សុខ អាន ជា​ឧបនាយករដ្ឋមន្រ្តី​និង​ជា​រដ្ឋមន្រ្តី នៃ​ទី​ស្តីការ​គណៈរដ្ឋមន្រ្តី​កន្លង​ទៅ​នេះ។

ក្រោយ​មក​តុលាការ​សាលា​ឧទ្ធរណ៍​ប្រទេស​កម្ពុជា បាន​សម្រេច​តម្កល់​សាលក្រម​របស់​តុលាការ​ក្រុង​ភ្នំពេញ​នោះ ចាត់​ទុក​ថា​ជា​បាន​ការ កាល​ពី​ថៃ្ង​ទី​១១ ខែ​សីហា កន្លង​ទៅ​នេះ ដោយ​បន្ត​ឃុំ​ខ្លួន​លោក ហង្ស ចក្រា ជា​បន្ត​ទៀត​នៅ​ក្នុង​គុក​ព្រៃ​ស​នោះ៕