លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការចម្រុះដោះស្រាយវិវាទព្រំដែនមានប្រសាសន៍ថា ចំណុចបង្គោល១៨៥ នៅម្តុំស្រុកចន្ទ្រានោះ គឺមិនទាន់ជាផ្លូវការនៅឡើយទេ។
លោក វ៉ា គឹមហុង មានប្រសាសន៍ដូច្នេះ ៖ «កំណត់មិនទាន់បានជាក់លាក់ទេ គឺគ្រាន់តែកំណត់នៅលើផែនទី ហើយយើងយកឲ្យក្រុមភាគីចុះទៅធ្វើការវាស់វែងជាទ្វេភាគីជាមួយនឹងភាគីវៀតណាម ក្នុងរយៈពេលជាយូរថ្ងៃ យូរខែ ដើម្បីនឹងរកឲ្យបានទីតាំងជាក់លាក់ ហើយយើងត្រូវរកទីតាំងចំណុចហៅថា វត្ថុធាតុគោលដល់ទៅ៣។ រហូតមកដល់ពេលនេះ យើងរកវត្ថុធាតុគោលបានតែមួយនៅឡើយទេ គឺយើងនៅរកវត្ថុធាតុគោលពីរទៀត ដែលយើងត្រូវរកឲ្យបាន»។
លោក វ៉ា គឹមហុង បានចោទថា ក្នុងបាតុភាពនាថ្ងៃ២៥ តុលា កន្លងទៅនោះ គឺមានការដកតម្រុយបង្គោលចំនួន៦ ៖ «ហេតុអ្វីបានជាយើងថា គាត់បំផ្លាញសម្បត្តិសាធារណៈ? មុននឹងយើងបានបោះតម្រុយនៅលើបង្គោល១៨៥បាន តម្រុយវត្ថុធាតុគោលមួយយើងចំណាយពេលច្រើនណាស់ដើម្បីភាគីទាំងពីរចុះទៅវាស់វែង ខាតថវិកា ខាតពេលវេលាច្រើនណាស់។ យើងបោះតម្រុយហ្នឹង គោលដៅវា មុននឹងយើងទៅកំណត់ទីតាំងពិតប្រាកដ យើងត្រូវបោះយើងត្រូវរកឲ្យគ្រប់ បើរកបានតែមួយទេ មិនដឹងជាថ្ងៃណារកបានពីរទៀតយើងឯកភាព យ៉ាងហោចយើងបោះតម្រុយការពារទីតាំងបង្គោលដែលយើងរកឃើញជាបណ្ដោះអាសន្នហ្នឹង ដើម្បីផ្ដល់ឱកាសឲ្យភាគីយើងរកពីរទៀតដើម្បីបំពេញ ដើម្បីកំណត់ឲ្យច្បាស់លាស់ ឲ្យបានជាក់លាក់ពិតប្រាកដទីតាំងបង្គោលអចិន្រ្តៃយ៍របស់វា នេះហើយជាទិសដៅដែលយើងបោះតម្រុយដែលគាត់ដកចោលយកមកដាក់ក្នុងឡានរបស់គាត់មកទីក្រុងភ្នំពេញ ៦តម្រុយ មានប៉ុន្មានគាត់ដកបំផ្លាញ»។
ជាមួយនោះដែរលោក អង្គវង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌មានប្រសាសន៍ពីមូលហេតុនៃការលើកអភ័យឯកសិទ្ធិនោះថា ៖ «បង្គោលណាក៏ដោយ បើយើងឧបមាថា ក្នុងឯកជនៗទៅចុះ បើកាលណាយើងដកបង្គោលផ្ទះគេ ហ្នឹងវាតែងតែមានរឿងហើយ គឺគេប្ដឹង ហើយយើងខ្ញុំដែលធ្វើការនេះ គឺថា បានទទួលពីខាងអាជ្ញាធរស្រុកបានរាយការណ៍ ធ្វើការប្ដឹងមកខាងព្រះរាជអាជ្ញា អយ្យការនៃតុលាការខេត្តស្វាយរៀងនេះ ចំពោះករណីដែលឯកឧត្ដម សម រង្ស៊ី បានទៅដកបំផ្លាញតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាមនេះ។ ដូច្នេះយោងទៅតាមពាក្យបណ្ដឹងនេះ ព្រះរាជអាជ្ញាលោកអនុវត្តទៅតាមនីតិវិធី គឺសូមធ្វើការបើកការសាកសួរ។ នេះមិនមែនជាបុគ្គលធម្មតា គឺឯកឧត្ដម សម រង្ស៊ី គឺជាតំណាងរាស្រ្ដ ដូច្នេះគឺថា ត្រូវតែសុំលើកអភ័យឯកសិទ្ធិរបស់សម រង្ស៊ី សិន ដើម្បីអាចបន្តការស៊ើបសួរបន្តទៅទៀត នេះជានីតិវិធីមួយដែលជានីតិវិធីធម្មតាក្នុងការស៊ើបសួរ»។
ចំណែកលោក សម រង្ស៊ី បានមានប្រសាសន៍ពីប្រទេសបារាំងថា ៖ «នៅស្រុកខ្មែរសព្វថ្ងៃគឺចម្លែកៗមែនទែន អ្នកដែលស្មោះត្រង់ជាមួយនឹងប្រទេសជាតិ ស្មោះត្រង់ជាមួយនឹងប្រជារាស្រ្ដបែរទៅជាមានរឿង តែអ្នកដែលធ្វើបាបរាស្ត្រ អ្នកដែលបំផ្លិចបំផ្លាញជាតិ អ្នកដែលលក់ជាតិបែរទៅជារួចខ្លួន មានបុណ្យស័ក្ដិ»៕
