អ្នកនាំពាក្យ​រដ្ឋាភិបាល​និយាយអំ​ពី​បញ្ហា​ប្រាសាទ​ព្រះវិហារ

2008-07-12

មន្ត្រី​អ្នកនាំពាក្យ​រដ្ឋាភិបាល​ខ្មែរ បាន​ថ្លែង​នៅ​ថ្ងៃសៅរ៍​នេះ​ថា កម្ពុជា​មិនមែន​ចេះ​តែ​ធ្វើ​អ្វី​ៗ​តាម​តែ​ថៃ​ចង់​បាន​នោះ​ទេ ក្នុង​ករណី​ប្រាសាទ​ព្រះវិហារ ។

RFA Photo

លោក ខៀវ កាញារីទ្ធ មន្ត្រី​អ្នកនាំ​ពាក្យ​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា។

ប្រសាសន៍​របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​សេចក្ដី​រាយការណ៍​ពី​ក្រុម​បាតុករ​ថៃ​ដែល​ជំទាស់​នឹង​ការដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក បាន​ទាមទារ​ឲ្យ​មាន​ការបណ្តេញ​ប្រជាជន​ខ្មែរ​ប្រមាណ ៥០០​នាក់​ចេញ​ពី​តំបន់​បរិវេណ​ជម្លោះ​នៃ​ប្រាសាទ​ព្រះវិហារ ។

មន្ត្រី​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ខ្មែរ​បាន​មាន​ប្រសាសន៍​បង្ហាញ​ជំហរ​យ៉ាង​ដូច្នេះ​ថា ៖ «វា​មិន​មែន​ជា​រឿង​តាម​ថៃ​សុំ ឬ​មិន​សុំ​ទេ កាលណា​យើង​ដាក់​ព្រះវិហារ​ជា​បេតិកភណ្ឌ​ជាតិ យើង​មាន​ផែនការ​មេ ដើម្បី​ដូច​ថា មិន​ត្រូវ​មាន​សំណង់​ថ្មី ហើយ​បន្តិច​ទៀត ប្រជាជន​នៅ​ព្រះវិហារ យើង​នឹង​មាន​វិធានការ​រៀបចំ ប៉ុន្តែ​មិន​មែន​ដោយសារ​ការទាមទារ​របស់​ថៃ​ទេ តែ​នេះ​ជា​ផែនការមេ ដែល​យើង​ដាក់​ទៅ យូណេស្កូ ។ កាលណា​យើង​ដាក់​អ្វី​មួយ​ជា​បេតិកភណ្ឌ​ជាតិ យើង​មាន​ផែនការ​គេ​ហៅថា ផែនការ​ថែ​រក្សា គឺ​ថា តើ​ប្រជាជន​ត្រូវ​នៅ​កន្លែង​ណា សំណង់​អ្វី​ខ្លះ​ដែល​មិន​ត្រូវ​ធ្វើ​ថ្មី»

កម្ពុជា​បាន​សម្រេច​ដោយ​ជោគជ័យ​ក្នុង​ការដាក់​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក កាលពី​ថ្ងៃ​ទី​៧​កក្កដា បើ​ទោះ​បី​ជា​មាន​ការជំទាស់​តវ៉ា​ពី​ភាគី​ថៃ​ខ្លះ​ក៏​ដោយ ។

ប៉ុន្មាន​ថ្ងៃ​មក​នេះ ប្រជាជន​កម្ពុជា​នៅ​តាម​ទីកន្លែង​ខ្លះ នៅ​តែ​ប្រារព្ធ​ពិធី​អបអរ​យ៉ាង​គគ្រឹក​គគ្រេង ផ្ទុយពី​សា្ថនភាព​រាយការណ៍​ពី​ប្រទេស​ថៃ ដែល​បាន​ឲ្យ​ដឹង​ថា មាន​ការធ្វើ​បាតុកម្ម​តវ៉ា​ជំទាស់​ខឹង​នឹង​មន្ត្រី​ដឹកនាំ​ក្រុង​បាងកក ដោយសារ​តែ​កម្ពុជា​បាន​សម្រេច​ជោគជ័យ​ក្នុង​ការដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​នេះ ។

នៅក្នុង​សេចក្តីព្រាង​មួយ​របស់​អង្គការ យូណេស្កូ ទាក់ទង​នឹង​ករណី​ការពារ​ប្រាសាទ​បុរាណ​នេះ ចំណុច​ទី​១១ បាន​សរសេរ​ឲ្យ​កម្ពុជា​ត្រូវ​សហការ​ជាមួយ​ថៃ ដើម្បី​ការពារ​ប្រាសាទ​បុរាណ​នេះ ក្នុង​ប្រការ​ដែល​ថា ប្រជាជន​ថៃ​និង​កម្ពុជា​ដែល​រស់នៅ​ជុំវិញ​តំបន់​នោះ មាន​ការស្រឡាញ់​និង​គោរព​ជា​យូរ​អង្វែង​មក​ហើយ​ចំពោះ​ប្រាសាទ​ព្រះវិហារ​នោះ ។

មន្ត្រី​អ្នក​នាំ​ពាក្យ​ខ្មែរ លោក ខៀវ កាញារីទ្ធ បាន​មាន​ប្រសាសន៍​យ៉ាងនេះ​ថា ៖ «រឿង​សហការ​ជា​រឿង​ផ្សេង ប៉ុន្តែ​រួមគ្នា​ក្នុង​ការដាក់​សុំ​ចូល​ជា​បេតិកភណ្ឌ​គឺ​អត់​បាន​ទេ ពីព្រោះ​ព្រះវិហារ​នៅ​ក្រោម​អធិបតេយ្យ​របស់​ខ្មែរ ។ អ៊ីចឹង​នៅ​ប្រទេស​ណា​ក៏​ដោយ មិន​មែន​មាន​ប្រទេស​ពីរ​ដាក់​ចូល អាហ្នឹង​នឹង​ធ្វើ​ឲ្យ​មាន​ការភ័ន្ត​ច្រលំ ប៉ុន្តែ​យើង​ដឹង​ថា ព្រះវិហារ ភ្ញៀវ​មក​ច្រើន​បំផុត​គឺ​តាម​ថៃ ដូច្នេះ​យើង​នឹង​អនុញ្ញាត​ប្រសិន​បើ​ប្រជាជន​ថៃ​ឈប់​ភាន់ច្រលំ​ពី​រឿង​ព្រះវិហារ ឈប់​បាតុកម្ម​មុខ​ព្រះវិហារ យើង​នឹង​បើក​ឲ្យ​ចេញ​ចូល ពេល​ហ្នុង វា​ចំណេញ​ទេសចរ​ដល់​យើង ក៏​ដូចជា​ចំណេញ​ដល់​ថៃ​ដែរ ។ ប៉ុន្តែ​មិន​អាច​ថៃ​និង​ខ្មែរ​មក​ត្រួត​ប្រាសាទ​ព្រះវិហារ​ទាំង​មូល​គឺ​អត់​បាន​ទេ»

លោក ខៀវ កាញារីទ្ធ បាន​មាន​ប្រសាសន៍​ថា នៅ​ថ្ងៃ​ច័ន្ទ​សប្តាហ៍​ក្រោយ កម្ពុជា​នឹង​ប្រារព្ធ​ពិធី​ធំ​មួយ​ទៀត នៅ​ពហុកីឡដ្ឋាន​អូឡាំពិក ដែល​នឹង​អាច​មាន​មនុស្ស​ចំនួន ២​ម៉ឺន​នាក់ អបអរ​សាទរ​ការដាក់​ប្រាសាទ​ព្រះវិហារ​ខ្មែរ​ជា​បេតិកភណ្ឌ​ពិភពលោក ៕

ឧបករណ៍រឿង

អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

ស្ថានការណ៍​នៅ​តំបន់​ជម្លោះ​ព្រំដែន​មាន​សភាព​តានតឹង

កម្ពុជា​មាន​ពេល​ច្រើន​ថែម​ទៀត​ដើម្បី​ដាក់​ជូន​ផែនការ​អភិរក្ស​ប្រាសាទ​ព្រះ​វិហារ

ទាហាន​ថៃ​-ខ្មែរ​ប្រឈម​មុខ​គ្នា​នៅ​ខាង​លិច​ព្រះ​វិហារ ប៉ុន្តែ​គ្មាន​ការ​ផ្ទុះ​អាវុធ​ទេ

នាយក​រដ្ឋមន្ត្រី​ខ្មែរ​ព្រមាន​បាញ់​ទម្លាក់​យន្តហោះ​ថៃ​ដែល​ហោះ​ចូល​ដែន​អាកាស​ខ្មែរ

ទាហាន​ថៃ​ប៉ុន​ប៉ង​សង់​លេណដ្ឋាន​បេតុង​ប៉ុន្តែ​ត្រូវ​ទាហាន​ខ្មែរ​រារាំង

ជំនួប​បិទ​ទ្វារ​នា​ថ្ងៃ​២៧​មិថុនា​រវាង​មន្ត្រី​ថៃ​និង​នាយក​រដ្ឋមន្ត្រី​ខ្មែរ

មេ​ដឹកនាំ​ខ្មែរ​ទទួល​ជួប​មន្ត្រី​ជាន់​ខ្ពស់​ថៃ​២​រូប

អ្នក​ភូមិ​មួយចំនួន​នៅ​ក្បែរ​តំបន់​ជម្លោះ​ព្រំដែន​ចាក​ចេញ​ពី​លំនៅ

នាយក​រដ្ឋមន្ត្រី​ខ្មែរ​សោក​ស្ដាយ​ចំពោះ​ឥរិយាបថ​របស់​មេ​ដឹក​នាំ​ថៃ

ហោ ណាំហុង ៖ ថៃ​នឹង​លើក​រឿង​ប្រាសាទ​ព្រះវិហារ​នៅ​ពេល​ក្រោយ​ទៀត