សេចក្ដីសម្រេចផ្ដល់ប្រាក់វិនិយោគដែលធ្វើឡើងនៅក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃសុក្រ ទី១៨ កន្លងទៅ គឺរដ្ឋាភិបាលចង់ជំរុញការធ្វើពិពិធកម្ម និងពង្រីកមូលដ្ឋានសេដ្ឋកិច្ចឲ្យបានទូលាយជាងមុន។
មន្ត្រីរដ្ឋាភិបាលឲ្យដឹងថា ថវិកាជាតិជាង ៤ពាន់លានដុល្លារ នេះ នឹងចំណាយលើវិស័យសំខាន់បី គឺផ្នែកហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់ចំនួន ៤០%។ ថវិកាចំនួន ៣៧% នឹងចំណាយលើផ្នែកសេវានានា ដើម្បីលើកស្ទួយ និងរក្សាស្ថិរភាពលំនឹងសេដ្ឋកិច្ច និង ១៦% ចំណាយចំពោះការបណ្ដាក់ទុនសាធារណៈនៃការងារសង្គមកិច្ច។ ក្នុងនោះដែរ ថវិកាជាតិចំនួនជាង ៦% នឹងត្រូវបណ្ដាក់ទុនលើវិស័យពាក់ព័ន្ធដទៃទៀត។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី បញ្ជាក់ថា សេចក្ដីសម្រេចថវិកាដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រីនោះ គឺរដ្ឋាភិបាលមានបំណងកាត់គម្លាតសេដ្ឋកិច្ចរវាងទីក្រុង និងជនបទឲ្យបានឆាប់។
លោកថា នេះជាគោលនយោបាយរបស់រដ្ឋាភិបាលដែលធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពធូរធារទាំងអស់គ្នា និងចូលរួមកម្មវិធីកាត់បន្ថយភាពក្រីក្រ៖ «អ្វីដែលជាការវិនិយោគសាធារណៈ និងអាទិភាពធំជាងគេបំផុត គឺស្ពានថ្នល់ ប្រឡាយទឹក ដែលជាមែកសាខាមូលដ្ឋានគ្រឹះ ដែលប្រជាពលរដ្ឋយើង ៨០% ដែលឈរលើវិស័យកសិកម្ម ដែលបានចំណូលផលសរុប។ បន្ទាប់មកទៀត យើងជឿថា៤០% (ថវិកា) ដែលយើងដាក់ហ្នឹង ដើម្បីឲ្យមានចរាចរណ៍ផលិតផលកសិកម្មពីជនបទមកទីក្រុង និងទៅកាន់ប្រទេសផ្សេងទៀត។ ជាមួយគ្នាហ្នឹង នៅក្នុងវិស័យហ្នឹងវាពាក់ព័ន្ធ ដើម្បីយ៉ាងម៉េចធានាម៉ាក្រូសេដ្ឋកិច្ចរបស់យើងនៅស្ថិរភាព»។
កាលពីឆ្នាំ២០០៩-២០១១ រដ្ឋាភិបាលបានចំណាយថវិកាចំនួន ៦.៣០០លានដុល្លារ ក្នុងផែនការដូចគ្នានេះ។
លោក ផៃ ស៊ីផាន បន្តថា ក្នុងផែនការរយៈពេលបីឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលបានបង្កើនទឹកប្រាក់ច្រើនជាងមុន ដោយផ្ដោតលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ និងធារាសាស្ត្រនៅតំបន់ជនបទ ព្រោះរដ្ឋាភិបាលយល់ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ និងធារាសាស្ត្រនៅជនបទ ជាយុទ្ធសាស្ត្រសំខាន់ដើម្បីរក្សាលំនឹងនៃកំណើនសេដ្ឋកិច្ច ប្រាក់ចំណូលនៃផលិតផលសរុបក្នុងស្រុក។
ទាក់ទងទៅនឹងប្រាក់ចំណូលនៃផលិតផលសរុបក្នុងស្រុកនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បង្ហាញថា ប្រជាពលរដ្ឋខ្មែរម្នាក់អាចរកប្រាក់ចំណូលប្រហែល ៩០០ដុល្លារក្នុងមួយឆ្នាំ។ ចំពោះកំណើនសេដ្ឋកិច្ចវិញ នៅឆ្នាំ២០១២ កន្លងទៅ ប្រទេសកម្ពុជា មានចំនួន ៦,៥% ហើយនៅឆ្នាំ២០១៣ នេះ គេរំពឹងថានឹងកើនដល់ ៧%។
ចំពោះយុទ្ធសាស្ត្រផ្ដោតលើការអភិវឌ្ឍជនបទរបស់រដ្ឋាភិបាលនេះ ដើម្បីរក្សាលំនឹងសេដ្ឋកិច្ច និងប្រាក់ចំណូលនៃម៉ាក្រូសេដ្ឋកិច្ចនេះ ត្រូវបានក្រុមអ្នកវិភាគស្ថានការណ៍សេដ្ឋកិច្ចក្នុងស្រុកសាទរ។
បណ្ឌិត កង ច័ន្ទដារារ័ត្ន អ្នកវិភាគសេដ្ឋកិច្ចឯករាជកម្ពុជា បញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅជនបទសព្វថ្ងៃ កំពុងត្រូវការប្រព័ន្ធធារាសាស្ត្រចាំបាច់ ដើម្បីបង្កបង្កើតផល ហើយតំបន់ជនបទភាគច្រើន មិនមានប្រព័ន្ធធារាសាស្ត្រស្រោចស្រព។ ដូច្នេះ គោលនយោបាយរបស់រដ្ឋាភិបាលនេះ គឺចំទិសដៅដែលប្រជាពលរដ្ឋត្រូវការតែម្ដង។
លោកថា ដីកសិកម្មស្ទើរទាំងអស់នៅទំនេរ ក្រោយពេលច្រូតកាត់រដូវវស្សារួច ដោយសារគ្មានទឹកស្រោចស្រព។ ចំណែកកសិករវិញ ក៏នាំគ្នាចាកចោលស្រុកទៅរកការងារធ្វើនៅស្រុកឆ្ងាយៗ ប្រឈមនឹងគ្រោះថ្នាក់។ លោកថា បើសិនជាមានទឹកធ្វើស្រែខួបប្រាំងខួបវស្សាវិញនោះ កសិករខ្មែរនឹងមិនចាកចោលស្រុកទេ ហើយជីវភាពពួកគាត់ក៏បានធូរធារដែរ។
ស្របពេលនេះដែរ លោក កង ច័ន្ទដារារ័ត្ន ដែលជានាយកវិទ្យាស្ថានស្រាវជ្រាវដើម្បីការអភិវឌ្ឍ ដែរនោះ បានបង្ហើបឲ្យដឹងថា វិទ្យាស្ថានរបស់លោកបានស្រាវជ្រាវឃើញថា កសិករខ្មែរបច្ចុប្បន្នកំពុងជំពាក់បំណុលធនាគារធ្ងន់ធ្ងរ ដោយសារខ្ចីបុលប្រាក់មកទិញជីដាក់ស្រែ និងទិញថ្នាំកសិកម្ម ដើម្បីឲ្យបានទិន្នផលស្រូវខ្ពស់ តែពេលប្រមូលផល ស្រូវចុះថោក។
លោកបន្ថែមថា រដ្ឋាភិបាលគួរមានវិធានការសមរម្យណាមួយ អប់រំកសិករកុំឲ្យចំណាយប្រាក់ច្រើនពេក ទិញជី ឬទិញថ្នាំកម្ចាត់សត្វល្អិត ហើយឲ្យកសិករងាកមកប្រើជីធម្មជាតិវិញ ទើបប្រសើរ ព្រោះកសិករអាចកាត់បន្ថយប្រាក់ចំណាយច្រើន ហើយមិនខូចបរិស្ថាន និងមិនប៉ះពាល់សុខភាពផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
