រដ្ឋាភិបាល​គ្រោង​ប្រកាស​​បញ្ជី​កំណត់​តម្លៃ​​សេវា​ទូរស័ព្ទ​នៅ​ថ្ងៃ​​៥ ​កុម្ភៈ​នេះ

ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​បាន​កំណត់​តម្លៃ​ទីផ្សារ​សេវា​ទូរស័ព្ទ​ក្នុង​តម្លៃ ៩,៩៥​សេន (ដុល្លារ) ក្នុង​១​នាទី​ ស្មើ​ប្រហែល​៤០០​រៀល​ ចំពោះ​សេវា​ឆ្លង​ប្រព័ន្ធ និង​តម្លៃ ៤,៥​សេន (ដុល្លារ) ក្នុង១​នាទី​សម្រាប់​សេវាក្នុងប្រព័ន្ធ ស្មើ​ប្រហែល​២០០​រៀល ហើយ​ក្រុម​ហ៊ុន​ណា​មិន​ប្រតិបត្តិ​តាម​សេចក្តី​ប្រកាស​នេះ​នឹង​ត្រូវ​បិទ​ទ្វារ​។

រដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​ប្រកាស​តម្លៃ​ផ្គត់ផ្គង់​សេវា​ទូរស័ព្ទ​ចល័ត​ដែល​កំណត់​ដោយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគ​មនាគមន៍​កម្ពុជា​ នៅ​ថ្ងៃ​សុក្រ ទី​៥ កុម្ភៈ​នេះ ហើយ​បាន​ព្រមាន​ថា រដ្ឋាភិបាល​នឹង​បិទ​ទ្វារ​ក្រុម​ហ៊ុន ប្រសិន​បើ​ក្រុមហ៊ុន​ទូរស័ព្ទ​ណា​មួយ​មិន​ប្រតិ​បត្តិតាម​សេចក្តី​ប្រកាស​នេះ។

លោក សារ៉ាក់ ខាន់ រដ្ឋ​លេខាធិការ​ក្រសួង​ប្រៃស​ណីយ៍ និង​ទូរគមនាគមន៍ មាន​ប្រសាសន៍​ប្រាប់​វិទ្យុអាស៊ី​សេរី​នៅ​ថ្ងៃ​អង្គារ ទី​២ កុម្ភៈ​នេះ​ថា ៖ «ប្រហែល​ក្នុង​សប្តាហ៍​នេះ ខ្ញុំ​នឹង​ប្រកាស​ដល់​ប្រតិបត្តិករ​ទូរស័ព្ទ​ទាំង​អស់​ហើយ​គឺ​ថា អ្នក​ណា​មិន​អនុវត្ត​គឺ​ឲ្យ​ព្យួរ​អាជ្ញាប័ណ្ណ ឬ​លុប​អាជ្ញាប័ណ្ណ​តែ​ម្តង។ សប្តាហ៍​ហ្នឹង​ខ្ញុំ​គ្រោង (ប្រកាស) ថ្ងៃ​សុក្រ»

ដោយ​អនុលោម​ទៅ​តាម​គោលការ​ណ៍​សេដ្ឋកិច្ច​ទីផ្សារ​សេរី រដ្ឋាភិបាល​កម្ពុជា​បាន​បើក​ដៃ​ឲ្យ​ក្រុមហ៊ុន​​ទូរស័ព្ទ​ប្រកួត​ប្រជែង​ដោយ​សេរី​។ ក៏​ប៉ុន្តែ​ខុស​ពី​ការ​រំពឹង​ទុក ចាប់​តាំ​ងពី​ឆ្នាំ​២០០៨​​មក ក្រុមហ៊ុន​ខ្លះ​បាន​ផ្គត់ផ្គង់​សេវា​ដល់​អតិថិជន​របស់​ខ្លួន​ដោយ​មិន​គិត​ថ្លៃ​រយៈពេល​យូរ​ដើម្បី​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​របស់​ខ្លួន ឬ​ហៅ​ថា​ Promotion ហើយ​ក្រុម​ហ៊ុន​ខ្លះ​ទៀត​ដែល​មិន​អាច​ធ្វើ​ Promotion បាន​ដូច្នេះ​នោះ ក៏​បាន​ផ្តាច់​ប្រព័ន្ធ​ហៅ​ចូល​ពី​ប្រព័ន្ធ​បណ្តាញ​ទូរស័ព្ទ​ក្រុមហ៊ុន​ផ្សេង​កុំឲ្យ​ហៅ​ចូល​បាន ហើយ​ក៏​កើត​ជា​ជម្លោះ​ និង​អនា​ធិបតេយ្យ​លើ​ទីផ្សា​រផ្គត់ផ្គង់​សេវា​ទូរស័ព្ទ​ចល័ត​។

លោក សារ៉ាក់ ខាន់ បន្ថែម​ថា ៖ «​​ប្រតិបត្តិករ​ទូរស័ព្ទ​ចាស់​ហ្នឹង​គឺ​បាន​តវ៉ា​ប្រតិបត្តិករ​ទូរស័ព្ទ​ថ្មី​​ថា​មាន​បំណង​ធ្វើ​ឲ្យ​បង្ខូច​តម្លៃ​ទីផ្សារ​ផ្តល់​សេវា​ដោយ​ឲ្យ​គេ​និយាយ​ទទេ​មួយ​រយៈ​ធំ​ទៅ គឺ​បាន​ន័យ​ថា អត្រា ០ ។ ដល់​ប្រតិបត្តិករ​ទូរស័ព្ទ​ថ្មី​​គឺ​បាន​ចោទ​ប្រកាន់​ទៅ​ក្រុមហ៊ុន​ទូរស័ព្ទ​ចាស់ៗ​ពី​មុន​ហ្នឹង​ថា មាន​បំណង​រាំង​ខ្ទប់​ការ​ហៅ​ឆ្លង​បណ្តាញ​របស់​ខ្លួន​ ដល់​អីចឹង​ទៅ សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​ចេញ​បទ​បញ្ជា​មួយ​លេខ ០១ គឺ​ហាម​ដាច់​ខាត​ការ​ប្រកួត​ប្រជែង​គ្នា​បែប​ហ្នឹង​គឺ​មិន​អាច​ឲ្យ​មាន​ទេ»

ចំពោះ​ការ​កំណត់​តម្លៃ​សេវាថ្មី​នេះ សេចក្តី​ប្រកាស​បាន​កំណត់​ថា ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​ទូរស័ព្ទ​នីមួយៗ​មិន​អាច​កំណត់​តម្លៃ​សេវា​ទាប​ជាង​តម្លៃ​ដើម​របស់​ក្រុមហ៊ុន​ដែល​វិនិយោគ​នោះ​បាន​ទេ ពោល​គឺ ចំពោះ​សេវា​ការ​ហៅ​ឆ្លង​ប្រព័ន្ធ​មាន​ន័យ​ថា ហៅ​ចេញ​ពីប្រព័ន្ធ​ក្រុមហ៊ុន​មួយ​ទៅ​ប្រព័ន្ធ​ក្រុមហ៊ុន​មួយ​ទៀត​ត្រូវ​បាន​រដ្ឋាភិបាល​កំណត់​តម្លៃ​អប្បបរមា​មិន​ឲ្យ​លើស ៩,៩៥​សេន (ដុល្លារ) ​ស្មើ​ប្រហែល ៤០០​រៀល​ក្នុង១​នាទី និង​ថ្លៃ ៤,៥​សេន (ដុល្លារ) ក្នុង​មួយ​នាទី គឺ​ស្មើ​ ២០០​រៀល​ចំពោះ​តម្លៃ​ហៅ​ក្នុង​ប្រព័ន្ធ​។

សព្វ​ថ្ងៃ​មាន​ក្រុមហ៊ុន​ទូរស័ព្ទ​ចំនួន ៩ កំពុង​ប្រតិបត្តិការ​នៅ​លើ​ទីផ្សារ​កម្ពុជា។ ទាក់ទង​ទៅ​នឹង​ការ​កំណត់​តម្លៃ​សេវា​ថ្មី​ដោយ​ក្រសួង​ប្រៃសណីយ៍​នេះ​ មន្ត្រី​តំណាង​ក្រុមហ៊ុន​ជា​ច្រើន​បដិសេធ​មិន​អធិប្បាយ​ទេ។

លោក អ៊ុំ រត្តនា អ្នក​នាំពាក្យ​ក្រុម​ហ៊ុន​ស្មាតម៉ូបាល (Smart Mobile) មាន​ប្រសាសន៍​ថា វា​ហាក់​ដូច​ជា​ឆាប់​ពេក​ណាស់​នៅ​​ក្នុង​ការ​អធិប្បាយ​លើ​ការ​កំណត់​តម្លៃ​នេះ ៖ «អត់​ទាន់​ហ៊ាន​និយាយ​ទេ​​ព្រោះ​ចាំ​ចេញ​មក​សិន ព្រោះ​ក្រែង​លោ​គេ​មាន​ស្អី​ថែម​ទៀត​»

លោក​រដ្ឋ​លេខាធិការ សារ៉ាក់ ខាន់ បញ្ជាក់​ថា វិធាន​ការថ្មី​នេះ​មាន​បំណង​ធ្វើ​ឲ្យ​ការ​ប្រកួត​ប្រជែង​​ទីផ្សារ​​​ផ្គត់​ផ្គង់​​​សេវា​​​ទូរស័ព្ទ​​មាន​​សម​ធម៌​​៕