ក្នុងសេចក្តីថ្លែងការណ៍មួយដែលផ្សព្វផ្សាយនៅថ្ងៃពុធនេះ គណៈកម្មាធិការការពារសិទ្ធិមនុស្សអាស៊ី បានគូសបញ្ជាក់ថា ក្នុងអំឡុងពេលចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ប្រជាពលរដ្ឋខ្មែរបានទទួលរងគ្រោះក្រោមរបបខ្មែរក្រហម ដែលជារបបមួយក្នុងចំណោមរបបដ៏ព្រៃផ្សៃបំផុតនានាលើពិភពលោក។
សេចក្តីថ្លែងការណ៍បានសរសេរទៀតថា របបខ្មែរក្រហមបានប្រើការធ្វើទារុណកម្មជាផ្នែកមួយនៃមធ្យោបាយការពារពង្រឹងការគ្រប់គ្រងប្រទេសរបស់ខ្លួនដែលក្នុងនោះ មនុស្សប្រមាណ ១ម៉ឺន ៦ពាន់នាក់ បានស្លាប់យ៉ាងគួរឲ្យរន្ធត់ដោយសារការធ្វើទារុណកម្មដែលមានលក្ខណៈជាប្រព័ន្ធដើម្បីសួរយកចម្លើយនៅក្នុងមន្ទីរឃុំឃាំង ស-២១ ឬគុកទួលស្លែង។
ទាក់ទងនឹងស្ថានភាពនៅក្នុងប្រទេសកម្ពុជា បច្ចុប្បន្ននេះវិញ សេចក្តីថ្លែងការណ៍បានបង្ហាញថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្រសួងមហាផ្ទៃបានអនុញ្ញាតឲ្យអង្គការពុំមែនរដ្ឋាភិបាលនានា ចូលទៅពិនិត្យស្ថានភាពនៅតាមពន្ធនាគារទាំងឡាយ ប៉ុន្តែមិនបានអនុញ្ញាតឲ្យចូលទៅផ្តល់ការពិនិត្យព្យាបាលនិងសាកសួរព័ត៌មានពីអ្នកជាប់ឃុំឃាំងនៅតាមស្ថានីយប៉ូលិសនានានោះឡើយ។
មិនទាន់មានប្រតិកម្មពីរាជរដ្ឋាភិបាល តបទៅនឹងសេចក្តីថ្លែងការណ៍នេះនៅឡើយទេ៕
