ក្រុម​សិទ្ធិ​មនុស្ស​ស្នើ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​ចាត់​វិធានការ​ប្រឆាំង​នឹង​ការ​ធ្វើ​ទារុណ​កម្ម

គណៈកម្មាធិការ​ការពារ​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី បាន​ស្នើ​ដល់​រាជ​រដ្ឋាភិបាល​ខ្មែរ​ថា គប្បី​ប្រឹង​ប្រែង​ចាត់​វិធានការ​ប្រឆាំង​នឹង​ការ​ធ្វើ​ទារុណ​កម្ម​និង​ការពារ​ដល់​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ក្នុង​ប្រទេស​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត។

ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​ផ្សព្វ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ គណៈកម្មាធិការ​ការពារ​សិទ្ធិ​មនុស្ស​អាស៊ី បាន​គូស​បញ្ជាក់​ថា ក្នុង​អំឡុង​ពេល​ចាប់​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ ប្រជា​ពលរដ្ឋ​ខ្មែរ​បាន​ទទួល​រង​គ្រោះ​ក្រោម​របប​ខ្មែរ​ក្រហម ដែល​ជា​របប​មួយ​ក្នុង​ចំណោម​របប​ដ៏​ព្រៃ​ផ្សៃ​បំផុត​នានា​លើ​ពិភព​លោក។

សេចក្តី​ថ្លែងការណ៍​បាន​សរសេរ​ទៀត​ថា របប​ខ្មែរ​ក្រហម​បាន​ប្រើ​ការ​ធ្វើ​ទារុណកម្ម​ជា​ផ្នែក​មួយ​នៃ​មធ្យោបាយ​ការពារ​ពង្រឹង​ការ​គ្រប់គ្រង​ប្រទេស​របស់​ខ្លួន​ដែល​ក្នុង​នោះ មនុស្ស​ប្រមាណ ១​ម៉ឺន ៦​ពាន់​នាក់ បាន​ស្លាប់​យ៉ាង​គួរ​ឲ្យ​រន្ធត់​ដោយសារ​ការ​ធ្វើ​ទារុណកម្ម​ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ដើម្បី​សួរ​យក​ចម្លើយ​នៅ​ក្នុង​មន្ទីរ​ឃុំ​ឃាំង ស-​២១ ឬ​គុក​ទួល​ស្លែង។

ទាក់ទង​នឹង​ស្ថានភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា បច្ចុប្បន្ន​នេះ​វិញ សេចក្តី​ថ្លែងការណ៍​បាន​បង្ហាញ​ថា អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ក្រសួង​មហាផ្ទៃ​បាន​អនុញ្ញាត​ឲ្យ​អង្គការ​ពុំ​មែន​រដ្ឋាភិបាល​នានា ចូល​ទៅ​ពិនិត្យ​ស្ថានភាព​នៅ​តាម​ពន្ធនាគារ​ទាំង​ឡាយ ប៉ុន្តែ​មិន​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ផ្តល់​ការ​ពិនិត្យ​ព្យាបាល​និង​សាក​សួរ​ព័ត៌មាន​ពី​អ្នក​ជាប់​ឃុំ​ឃាំង​នៅ​តាម​ស្ថានីយ​ប៉ូលិស​នានា​នោះ​ឡើយ។

មិន​ទាន់​មាន​ប្រតិកម្ម​ពី​រាជ​រដ្ឋាភិបាល តប​ទៅ​នឹង​សេចក្តី​ថ្លែងការណ៍​នេះ​នៅ​ឡើយ​ទេ៕