បក្ស​ជំទាស់​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បង្ហាញ​ឯកសារ​ថវិកា​ជាតិ​ឆ្នាំ​២០០៩

មន្ត្រី​គណបក្ស​ជំទាស់​នៅ​ថ្ងៃ​ពុធ​នេះ បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បង្ហាញ​នូវ​ឯកសារ​ផែនការ​ចំណាយ​ថវិកា​ជាតិ​នៃ​ប្រទេស​កម្ពុជា​សម្រាប់​ឆ្នាំ​២០០៩ ដើម្បី​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​រួម​មាន​ទាំង​អង្គការ​សង្គម​ស៊ីវិល​ផង​នោះ បាន​យល់​ដឹង​ទូលំ​ទូលាយ​នៅ​មុន​ពេល​គ្រោង​ថវិកា​ជាតិ​នេះ​នឹង​ត្រូវ​អនុម័ត​ដោយ​រដ្ឋ​សភា។

0:00 / 0:00

តំណាងរាស្ត្រ​មក​ពី​គណបក្ស​សមរង្ស៊ី គឺ​លោក សុន ឆ័យ បាន​ថ្លែង​ជុំវិញ​ការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បង្ហាញ​គម្រោង​ថវិកា​ជាតិ​ឆ្នាំ​២០០៩​នោះ​យ៉ាង​ដូច្នេះ​ថា ៖ «យើង​ចង់​បញ្ជាក់​ជាមួយ​រដ្ឋាភិបាល​អំពី​បំណង ឬ​ក៏​មូលដ្ឋាន​ដែល​មាន​ការ​ពង្រីក​ថវិកា​ជាតិ ហើយ​ដែល​ចាប់​អារម្មណ៍​ទៅ​លើ​វិស័យ​យោធា អាច​ចំនួន​នេះ​ទ្វេ​មួយ​ជា​ពីរ ប្រៀបធៀប​ទៅ​នឹង​ការ​ចំណាយ​ពី​ឆ្នាំ​មុន នេះ​ជា​បញ្ហា​មួយ។ បញ្ហា​ទី​២ យើង​ចង់​ដឹង​ថា តើ​រដ្ឋ​យក​ប្រាក់​ឯ​ណា​មក​បន្ថែម​ទៅ​លើ​ការ​ពង្រីក​ការ​ចំណាយ ពង្រីក​ពន្ធដារ? តើ​ពង្រីក​ពន្ធ​លើ​វិស័យ​អី? ឬ​មួយ​ក៏​យើង​ពង្រឹង​វិស័យ​ពន្ធដារ ដែល​យើង​ឃើញ​ហើយ​មាន​ពន្ធ​គយ ដែល​មាន​ការ​បន្លំ​អស់​ជា​ច្រើន និង​កេង​បំបាត់​ដោយ​ធ្វើការ​ទប់​ស្កាត់​អំពើ​ពុក​រលួយ ឬ​យ៉ាង​ណា? នេះ​គឺ​យើង​ចង់​ដឹង​អំពី​មធ្យោបាយ​នៃ​ការ​រក​ថវិកា​បន្ថែម​ទាំង​នេះ»

យោង​តាម​ឯកសារ​ពី​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​ខ្មែរ នា​ថ្ងៃ​ទី​១៧ ខែ​តុលា ក្រោម​អធិបតីភាព​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​រដ្ឋាភិបាល​ខ្មែរ​សម្រេច​បង្កើន​ការ​ចំណាយ​ថវិកា​ជាតិ សម្រាប់​ឆ្នាំ​២០០៩​នោះ រហូត​ដល់​ជិត ២.០០០​លាន​ដុល្លារ គឺ​កើន​ឡើង​ជិត​៣០% ច្រើន​ជាង​ខ្ទង់​ចំណាយ​ថវិកា​ជាតិ​ឆ្នាំ​កន្លង​ទៅ។

មន្ត្រី​រដ្ឋាភិបាល​នៅ​ថ្ងៃ​នេះ មិន​អាច​ទាក់ទង​បាន​ដើម្បី​ឆ្លើយ​តប​នឹង​ការ​ទាមទារ​របស់​គណបក្ស​ជំទាស់​នោះ​ទេ ក៏​ប៉ុន្តែ​តំណាងរាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​លោក ជាម យៀប បាន​ថ្លែង​ថា ការសម្រេច​ចែក​ផ្សាយ​ឬ​មិន​ផ្សព្វផ្សាយ​ឯកសារ​នោះ គឺ​ជា​សិទ្ធិ​របស់​រដ្ឋាភិបាល។

ជា​មួយ​គ្នា​នេះ លោក ជាម យៀប ថ្លែង​ថា នឹង​មាន​ការ​ជជែក​ដេញ​ដោល​មួយ​នៅ​ក្នុង​ខែ​វិច្ឆិកា នៅ​មុន​នឹង​រដ្ឋសភា​ពិនិត្យ​លើ​គម្រោង​ថវិកា​ជាតិ​នោះ។

លោក ជាម យៀប មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «នៅ​ពេល​ខាង​មុខ​នេះ ខ្ញុំ​នឹង​បបួល​គ្នា​ដើម្បី​រៀបចំ​បើក​(សិក្ខាសាលា)​មួយ នៅ​រដ្ឋសភា។ ខ្ញុំ​អញ្ជើញ International Community (សហគមន៍​អន្តរជាតិ) អញ្ជើញ NGO មួយ​ចំនួន បើ​ជា​ការ​ចាំបាច់ ហើយ​អញ្ជើញ​សមាជិក​ព្រឹទ្ធ​សភា រដ្ឋសភា ហើយ​តំណាង​រាជ​រដ្ឋាភិបាល ឯកឧត្ដម គាត ឈន់ ចូលរួម​ធ្វើ​បាឋកថា​ដើម្បី​ឲ្យ​គេ​រៀបចំ​ឲ្យ​បាន​មុន​ពេល​ដែល​សភា​អនុម័ត ដើម្បី​យើង​យក​ខ្លឹមសារ​ចូលរួម​ជាមួយ នឹង​ឲ្យ​សភា​អនុម័ត​នៅ​ពេល​ខាង​មុខ»

សូម​ជម្រាប​ថា គម្រោង​ថវិកា​ជាតិ​ឆ្នាំ​២០០៩​នោះ ទើប​ត្រូវ​បាន​អនុម័ត​ដោយ​គណៈរដ្ឋមន្ត្រី​ប៉ុណ្ណោះ ហើយ​គេ​គ្រោង​បញ្ជូន​ផែនការ​ថវិកា​ជាតិ​នេះ​ឲ្យ​រដ្ឋ​សភា​ពិនិត្យ នៅ​សប្តាហ៍​ទី​១​នៃ​ខែ​វិច្ឆិកា ហើយ​រដ្ឋសភា​គ្រោង​ប្រជុំ​អនុម័ត​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​នេះ៕