នៅក្នុងសេចក្តីថ្លែងការណ៍ដែលផ្សព្វផ្សាយនៅថ្ងៃអង្គារនេះ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានសរសេរបង្ហាញនូវការកត់សម្គាល់អំពីការកើនឡើងនៃបណ្តឹងរបស់មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ទៅលើសមាជិកសភា ប្រធានអង្គការពុំមែនរដ្ឋាភិបាលនិងអ្នកសារព័ត៌មានក្នុងរយៈពេលប៉ុន្មានខែនេះ ដោយចាត់ទុកថា សកម្មភាពទាំងនោះគឺជាការគំរាមកំហែងដល់សេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋ និងជាការបិទមាត់អ្នករិះគន់រាជរដ្ឋាភិបាលក្នុងន័យស្ថាបនា។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នៅក្នុងសេចក្តីថ្លែងការណ៍នោះបានគូសបញ្ជាក់ថា មានតែប្រទេសប្រកាន់លទ្ធិកុម្មុយនីស្តទេដែលធ្វើរបៀបនេះ រីឯសមាជិករដ្ឋាភិបាលក្នុងប្រទេសសេរីនៅលើពិភពលោកវិញ តែងតែទទួលនូវការចង្អុលបង្ហាញរបស់អ្នកតំណាងរាស្រ្តនៃបក្សប្រឆាំង អង្គការសង្គមស៊ីវិលនិងអ្នកសារព័ត៌មានយកទៅពិចារណា។
សេចក្តីថ្លែងការណ៍ក៏បានស្នើដល់មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា សូមឲ្យដកពាក្យបណ្តឹងទាំងនោះនិងបញ្ឈប់ការប្តឹងជាបន្ទាន់ ព្រោះទង្វើនោះគឺផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ ដែលរាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់យកក្នុងការដឹកនាំប្រទេសជាតិ៕
